រដ្ឋបាលខេត្តកំពង់ធំ នាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃនៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ចូលរួមកម្មវិធីកាន់បិណ្ឌវេនទី៧
(កំពង់ធំ) ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំនិងលោកជំទាវ ដឹកនាំមន្ត្រីរាជការ ព្រមទាំងកងកម្លាំងទាំងបី បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌជាមួយបងប្អូនពុទ្ធបរិស័ទក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)តាមប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា បុណ្យភ្ជំបិណ្ឌជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពតាំងពីយូលង់ណាស់មកហើយ។ សម្រាប់ពិធីកាន់វេនបិណ្ឌនេះពុទ្ធសាសនាខ្មែរយើង បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៤រោជ ខែភទ្របទ ហើយថ្ងៃបុណ្យភ្ជុំធំត្រូវនឹងថ្ងៃ១៥រោជ ខែភទ្របទ ដែលពុទ្ធបរិស័ទយើង មកជួបជុំបងប្អូនឪពុកម្ដាយ ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ក៏បានអំពាវនាវដល់ដល់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទទាំងអស់ចូលរួម និងផ្សព្វផ្សាយឲ្យបានទូលំទូលាយពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីរបស់ខ្មែរដើម្បីឲ្យក្មេងជំនាន់ក្រោយគាត់បានយល់កាន់តែច្បាស់។ សូមឱ្យឪពុកម្ដាយទាំងអស់ណែនាំកូនឲ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នា ពិសេសពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីការពារអាយុជីវិតរបស់ខ្លួន ៕ ដោយ ប៊ុន រដ្ឋា

