បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំពង្រឹងភារកិច្ចការងារប្រវត្តិសាស្ត្រយោធា

កំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានបើកកិច្ចប្រជុំក្រុមការងារប្រវត្តិសាស្ត្រយោធា ដើម្បីពង្រឹងតួនាទីភារកិច្ចការងារប្រវត្តិសាស្ត្រយោធាក្នុងដំណាក់កាលថ្មី ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ។

លោកវរសេនិយទោ អ៊ូ ឆេងកន នាយ សេនាធិការរង អនុប្រធានក្រុមការងារ ប្រវត្តិសាស្ត្រយោធា នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន ឡើងរាយការណ៍ អំពីផែនការសំខាន់ៗ ចាំបាច់មួយចំនួនដែលថ្នាក់ដឹកនាំ ក្រុម ការងារប្រវត្តិសាស្ត្រយោធា ថ្នាក់យោធភូមិភាគទី ៤ បានប្រគល់ជូន ។

ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងទទួលបន្ទុកប្រធានក្រុមការងារប្រវត្តិសាស្រ្ត នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលការងារសំខាន់ៗ ដែលក្រុមការងារប្រវត្តិសាស្ត្រយោធាសម្រេចបាន និងលើកឡើងពីផែនការសំខាន់ៗមួយចំនួន ដែលអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវអនុវត្តក្នុងការចងក្រងខ្លឹមសារឯកសារ រូបភាព ដើម្បីចូលរួមធ្វើបទបង្ហាញក្នុងអង្គសិក្ខាសាលាការងារប្រវត្តិសាស្ត្រយោធានៅថ្នាក់យោធភូមិភាគទី៤ នៅពេលដ៏ខ្លីខាងមុខនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារប្រវត្តិសាស្ត្រយោធារបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ចសម្រេចបានជោគជ័យ តាមផែនការដែលថ្នាក់លើបានប្រគល់ជូន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់នឹងបែងចែកភារកិច្ចជូនក្រុមការងារប្រវត្តិសាស្ត្រយោធា ដើម្បីស្រាវជ្រាវបំពេញនូវរាល់ខ្លឹមសារ ឯកសារនានានិងរូបភាពផ្សេងៗ តាមការណែនាំរបស់ថ្នាក់លើ ដើម្បីត្រៀមធ្វើបទបង្ហាញជូនអង្គសិក្ខាសាលាការងារប្រវត្តិសាស្ត្រយោធានៅថ្នាក់យោធភូមិភាគទី៤ នៅពេលខាងមុខ ឱ្យទទួលបានលទ្ធផលល្អ និងជោគជ័យតាមភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ៕ ដោយ ប៊ុនរដ្ឋា

ads banner