រដ្ឋបាលខេត្តកំពតគំរោងនឹងធ្វើការជួសជុលថ្មីនូវ ស្ពានចាស់ ឬស្ពានឥន្ទធនូ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍

កំពត ៖ នៅក្នុងកិច្ចប្រជុំ សាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៤០ អាណត្តិទី៣ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្ត ។

នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តកំពត និងមានគម្រោងគោលដៅ ក្នុងការអភិវឌ្ឍក្រុងកំពត ដើម្បីប្រែក្លាយ ឱ្យបានសាកសមជាខេត្តទេសចរណ៍ ពិសេសការជួសជុលថ្មីឡើងវិញនូវស្ពានចាស់ឬស្ពានឥន្ទីនូ ដើម្បីឆ្លើយតបទៅនឹងការរីកម្រើនរបស់ខេត្តផង និងសម្រួលដល់ការធ្វើចរាចរ បញ្ចៀសការកកស្ទះផង ។

នៅក្នុងគម្រោងការនេះរដ្ឋបាលខេត្តបានលើកជាគម្រោងត្រៀមលក្ខណៈក្នុងការអភិវឌ្ឍខេត្ត ទី១.តាមបណ្ដោយព្រែកកំពតចាប់ពីចំណុចផ្ទះលោកស្នងការខេត្តរហូតដល់ទីស្នាក់ការប្រចាំការទិសខេត្តកំពត-កែប ដែលមានប្រវែងជាង ២០០០ម៉ែត្រ ដោយពង្រីកឲ្យទៅជាឆ្នេរមួយដ៏ស្រស់ស្អាត សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត និងក៏ជាតំបន់ទេសចរណ៍មួយសម្រាប់ទទួលភ្ញៀវជាតិអន្តរជាតិមកទស្សនាកំសាន្តនៅទីនេះ។ ទី២.ចាប់ពីស្ពានឥន្ធនូ ឬស្ពានចាស់ រហូតដល់ស្ពានកំពុងបាយ ឬស្ពានថ្មី ដែលមានប្រវែងជាង ៦០០ម៉ែត្រ ដែលចំណុចនេះគឺធ្វើឲ្យស្អាត សាកសមជាទីក្រុងទេសចរណ៍ ដែលមានផ្ទៃដីជាង ៣ហិចតា ចំណុចនេះនៅពេលដែលសាងសង់រួច គម្រោងនិងដាក់ឈ្មោះថាឆ្នេរតេជោ។ ហើយចំពោះលូទឹកស្អុយដែលហូរចូលព្រែក ធ្វើជាលូប្រអប់និងធ្វើអាងប្រព្រឹត្តិកម្មមុននឹងបង្ហូរចូលព្រែក ឬធ្វើលូបញ្ជៀសឲ្យហូរធ្លាក់ទៅសមុទ្រតែម្ដង។ ទី៣ គម្រោងជួសជុលស្ពានឥន្ធនូ ឬស្ពានចាស់ ឡើងវិញ ដែលជាចំណុចសំខាន់ ក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍នៅពេលបុណ្យទានឬចុងសប្តាហ៍ម្ដងៗ ដោយរដ្ឋបាលខេត្តមានការគិតគូរខ្ពស់ក្នុងការជួសជុល ដោយមិនឲ្យបាត់បង់នូវទម្រង់ដើម ការជួសជុលនេះគឺយកវិស្វករពីបរទេស និងតាក់តែងលាបពណ៌ដាក់អំពូលភ្លើងឲ្យមានសោភ័ណភាពឡើងវិញ ក្នុងក្រុងកំពត ។ ចំពោះថ្មនិងដែក ដែលបាក់បែកពីកំទេចស្ពាន ត្រូវប្រមូលចេញទាំងអស់ ដើម្បីជាមធ្យោបាយទូកកាណូត ចេញចូលបានដោយសុវត្ថិភាព។

ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ សហការគ្នាសិក្សាទៅលើគម្រោងនេះឲ្យបានជាក់លាក់ ពិសេសត្រូវថែរក្សាការពារនូវសោភ័ណភាពធម្មជាតិ ដីសម្បត្តិរដ្ឋ កុំឱ្យមានការបាត់បង់ បើមានការបាត់បង់ធ្លាក់ទៅលើបុគ្គលណាម្នាក់នោះ ត្រូវតែអនុវត្តច្បាប់យកមកវិញ។

សូមបញ្ជាក់ថា តាមគម្រោងរដ្ឋបាលខេត្តកំពត មានចក្ខុវិស័យក្នុងការអភិវឌ្ឍន៍ នៅកន្លែងផ្សេងៗទៀតជាច្រើន តែការអភិវឌ្ឍន៍នេះជាជំហានៗ ដោយចាប់អនុវត្តនៅចុងឆ្នាំ២០២២នេះ ចំណែកការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ខេត្តកំពតចាប់ពីពេលនេះតទៅនិងមានគម្រោងចាក់ជាផ្លូវបេតុងទាំងអស់ ព្រោះផ្លូវចាក់កៅស៊ូ DBST ងាយឆាប់ខូចមានការជួសជុលជាញឹកញាប់ធ្វើឲ្យខាតបង់ថវិកាជាតិ៕ Sila Sarin

ads banner