សកម្មភាពបទល្មើសនេសាទមានការថយចុះ ក្រោយពីក្រុមការងារចុះបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ អនុវត្តយ៉ាងតឹងរ៉ឹង
ខេត្តកំពង់ធំ៖ មហាជនបានកោតសរសើរ ក្រុមគណៈបញ្ជាការស្រាល របស់ក្រុមការងារចុះបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលបានខិតខំអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តលិខិតបង្គាប់ការរបស់ឯកឧត្តមអភិបាលខេត្តកំពង់ធំ ចុះបង្រ្កាបបទល្មើសយ៉ាងសកម្មដូចភ្លៀងរលឹម បានធ្វើឲ្យបទល្មើសមួយចំនួនធំ មានការថយចុះគួឱ្យកត់សម្គាល់ ។
សូមបញ្ជាក់ផងដែរថា សកម្មភាពបង្រ្កាបបទល្មើសយ៉ាងយកចិត្តទុកដាក់និងតឹងរឹងបំផុតនេះ ក្រុមការងារបានធ្វើការអំពាវនា ផ្សព្វផ្សាយពីការហាមឃាត់ ប្រើប្រាស់ឧបករណ៍នេសាទក្នុងច្បាប់ នៅក្នុងរដូវបិទនេសាទ ក្នុងគោលបំណងសុំឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការ ដើម្បីកាត់បន្ថយការប្រើប្រាស់ឧបរកណ៍នេសាទខុសច្បាប់ ជាពិសេសនេសាទក្នុងរដូវត្រីពងកូន គឺដើម្បីឲ្យមឆ្ឆាជាតិបន្តការពងកូនដែលជាស្បៀងអាហាររបស់ប្រជាពលរដ្ឋយើង។
លោក វរ:សេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឱ្យដឹងថា ក្រុមការងារបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ បានអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលតាម បានដំណើរការចាប់ពីចុងខែមីនា ២០២២ មានរយៈពេលជិត ៦ខែ សម្រេចបានជាជាលទ្ធផលបទល្មើសធំៗ ដែលត្រូវបានបង្ក្រាប ៕ ដោយ ៖ ប៊ុន រដ្ឋា
