យុវជនខ្មែរ៖ នំអន្សមជាចំណែកមួយនៃវប្បធម៌ តែអាចនឹងសាបរលាបបាត់ប្រសិនបើយុវជនជំនាន់ក្រោយមិនអើពើ
ភ្នំពេញ៖ នំអន្សម ត្រូវបានប្រជាជនខ្មែរទូទៅស្គាល់យ៉ាងទូលំទូលាយ និងនិយមទទួលទាននៅពេលមានពិធីបុណ្យធំៗ ជាពិសេសគឺបុណ្យភ្ជុំបិណ្ឌ។ ជានំតំណាង ឲ្យអត្តសញ្ញាណរបស់ខ្មែរ ប៉ុន្តែបែរជាទទួលបានការយល់ដឹង និងចេះធ្វើត្រឹមតែពីមនុស្សមួយក្រុមតូច ដែលជាស្ដ្រី ដែលមានវ័យចំណាស់ៗទៅវិញ។ ការណ៍ នេះ បាន បង្ក ឲ្យ មាន ការព្រួយបារម្ភថា ថ្ងៃណាមួយប្រជាជនខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយ លែងចេះពីរបៀបធ្វើនំអន្សមតែម្ដង។

នៅក្នុងឱកាសនៃព្រឹត្តិការណ៍ «តោះ! ទៅវេចនំអន្សមទាំងអស់គ្នា» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនមួយក្រុមបានបង្ហាញការគាំទ្រ និងចង់ឱ្យព្រឹត្តិការណ៍បែបនេះបន្តកើតមានជារៀងរាល់ឆ្នាំ ដើម្បីជាការបំផុសគំនិតយុវជនជំនាន់ក្រោយឱ្យងាកមកចាប់អារម្មណ៍នឹងនំអត្តសញ្ញាណខ្មែរមួយនេះ។

ក្នុងចំណោមអ្នកចូលរួមដ៏កុះករនាថ្ងៃទី ១៥កញ្ញានេះ យុវជន ថៃ ស៊ីនមុន្នីរក្សា ដែលជាសិស្សកំពុងសិក្សាថ្នាក់ទី១២ បានរៀបរាប់ទាំងដៃកំពុងវេចនំគមថា ខ្លួនមានអារម្មណ៍រំភើបក្នុងការចូលរួមកម្មវិធីវេចអន្សមនៅថ្ងៃនេះ ព្រមទាំងសង្ឃឹមថានឹងមានព្រឹត្តិការណ៍បែបនេះនៅឆ្នាំក្រោយៗទៀតផងដែរ។

យុវជនដដែលនេះបានបន្តថា៖ «ថ្វីត្បិតតែបច្ចុប្បន្នយើងមានអាហារសម្បូរបែប ស្រុកទេសមានការអភិវឌ្ឍច្រើន ប៉ុន្តែសូមយុវជនយើងងាកមកចាប់អារម្មណ៍នំអន្សមខ្មែរ ចៀសវាងការព្រងើយកន្ដើយ ក្រែងយូរទៅ វាអាចនឹងបាត់បង់»។
ស្រដៀងគ្នានេះ កញ្ញា ឃន លាងអេង ដែលជាអ្នកចូលរួមមួយរូបដែរបានរៀបរាប់ថា កញ្ញាពេញចិត្តចំពោះកម្មវិធីនេះជាខ្លាំង ដោយកញ្ញាមានឱកាសរៀនវេចនំជាមួយអ្នកជំនាញផ្ទាល់។ កញ្ញាបញ្ជាក់ផងដែរថា៖ «វេចអន្សមគឺពិតជាពិបាកណាស់! ប្រហែលមកពីដូច្នេះហើយ ទើបបច្ចុប្បន្នមិនសូវមានអ្នកចង់ចេះចង់រៀន»។

កញ្ញាបានសុំឱ្យមានការចូលរួមឱ្យកាន់តែច្រើន ដោយកញ្ញាជឿជាក់ថា យ៉ាងហោចណាស់ អ្នកចូលរួមនឹងបានយល់អំពីដំណើរការនៃការវេចនំខ្មែរនេះ និងជាពិសេសនោះគឺបានបង្កើតទំនាក់ទំនងជាសហគមន៍ដែលខ្មែរយើង ដែលតែងតែមានតាំងពីដូនតាមក។
ងាកទៅអ្នកចូលរួមម្នាក់ទៀត ដែលមនុស្សភាគច្រើនស្គាល់តាមរយៈកម្មវិធី «រត់ជាមួយសៃ» គឺ លោក អ៊ួន បឋម ហៅ សៃ ក៏បង្ហាញការគាំទ្រលាយឡំនឹងការរអៀសចិត្តបន្តិចដែរ ដែលខ្លួនលោកជាជនជាតិខ្មែរ ប៉ុន្តែមិនចេះវេចនំអន្សម។

លោក អ៊ួន បឋម៖ «រាល់ដងធ្លាប់តែឃើញមីងៗគាត់វេច ហើយឃើញថ្ងៃនេះជាក់ស្ដែងថា ការវេចនំពិតជាមិនស្រួលទេ!»។
លោកបន្ថែមផងដែរថា ជារឿងមួយលំបាកដែរសម្រាប់យុវជន ព្រោះពេលខ្លះលោកឃើញថា មានអ្នកចង់ចេះចង់យល់ពីការវេចនំ ប៉ុន្តែខ្វះនូវការបង្រៀន។ ដូច្នេះហើយទើបលោកណែនាំឱ្យពួកគេឲ្យមកចូលរួមព្រឹត្តិការណ៍វេចនំអន្សមនេះផ្ទាល់តែម្ដង ដើម្បីរៀនសូត្រអំពីវិធីធ្វើនំខ្មែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «តោះ! ទៅវេចអន្សមរួមគ្នា» ធ្វើឡើងនៅទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី ដែលមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៥ ថ្ងៃទី១៧ និង១៨ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃកាន់បិណ្ឌ៥ បិណ្ឌ៧ និងបិណ្ឌ៨។ ព្រឹត្តិការណ៍នេះ បើកឱ្យមានការចូលរួមដោយសេរី និងមិនតម្រូវឱ្យបង់ប្រាក់ដើម្បីបានចូលរួមនោះទេ៕
ដោយ: សាន មានិច្ច