សមាគមបណ្ដាញយុវជនកម្ពុជា ចេញផ្សាយសៀវភៅស្រាវជ្រាវ ស្ដីពី «សិទ្ធិ និងករណីយកិច្ចការពារធនធានធម្មជាតិនៅកម្ពុជា»

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង បានរៀបចំកម្មវិធីចេញផ្សាយ សៀវភៅស្រាវជ្រាវក្រោមចំណងជើងថា «សិទ្ធិ និងករណីយកិច្ចការពារធនធានធម្មជាតិនៅកម្ពុជា»។ កម្មវិធីនេះ រៀបចំធ្វើ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន ដោយមានការចូលរួមពីសំណាក់យុវជនសកម្មក្នុងសង្គមជាច្រើននាក់ បណ្ដាអ្នកសារព័ត៌មានជាតិ និងថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួនផងដែរ។

ក្នុងឱកាសចេញផ្សាយសៀវភៅជាលើកដំបូង លោក ហេង គឹមហុង បានសម្រេចបោះពុម្ពផ្សាយចំនួន ៥៥៥ក្បាល ចែកជូនដោយឥតគិតថ្លៃ ក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញយុវជនខ្មែរឱ្យបានយល់ដឹងមូលដ្ឋានអំពីបញ្ហាព្រៃឈើនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា សៀវភៅ នេះត្រូវបានសម្រួលចេញពីឯកសារនិក្ខេបបទបញ្ចប់ថ្នាក់អនុបណ្ឌិតរបស់លោកផ្ទាល់ ដូច្នេះ ការសរសេរមានលក្ខណៈវិទ្យាសាស្ត្រ និងវិធីសាស្ត្រស្រាវជ្រាវជាក់លាក់ ហើយការរកឃើញថ្មីៗត្រូវបានចងក្រងដោយយោងទៅលើច្បាប់ជាគោល និងការចុះសិក្សាស្រាវជ្រាវតាមតំបន់ព្រៃភ្នំ និងសហគមន៍ជាក់ស្ដែង។

លោក ហេង គឹមហុង បានមានប្រសាសន៍ថា៖ «គោលបំណងសំខាន់នៃការសិក្សាស្រាវជ្រាវនេះ គឺដើម្បីធ្វើការចងក្រងឯកសារដែលនៅដាច់ដោយឡែកពីគ្នាឱ្យក្លាយជាឯកសារមួយ ផ្គុំគ្នា ហើយមានរបៀបរៀបរយ។ ម្យ៉ាង វាក៏ជាការបញ្ចប់ការសិក្សារបស់ខ្ញុំ ហើយនិងចុងក្រោយគឺជាការវិភាគទានស្នាដៃ និងជំរុញដល់អ្នកដែលស្រឡាញ់ធនធានធម្មជាតិ ទទួលបាននូវឯកសារមូលដ្ឋានស្ដីពីសិទ្ធិនិងករណីយកិច្ចការពារធនធានធម្មជាតិនៅកម្ពុជា»។

ក្នុងអំឡុងពេលកម្មវិធី លោក ហេង គឹមហុង ក៏បានបង្ហាញពីការរកឃើញបញ្ហាប្រឈមជាច្រើនដែលសហគមន៍កំពុងជួបប្រទះ ក្នុងនោះរួមមាន សហគមន៍មូលដ្ឋាន សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ព្រៃឈើ សហគមន៍ជនជាតិដើមភាគតិ និងសហគមន៍អេកូទេសចរណ៍ជាដើម។

លោកក៏បានថ្លែងបញ្ជាក់ពីការព្រួយបារម្ភអំពីបញ្ហាការបាត់បង់គម្របព្រៃឈើនៅកម្ពុជាយ៉ាងកំហុក ជាពិសេស ស្ថិតនៅចន្លោះឆ្នាំ២០១០ ដល់ ឆ្នាំ២០១៤ ដែលបានបាត់បង់រហូតដល់ទៅ ៧,៦១% នៃគម្របព្រៃឈើសរុប ដោយសារតែកាលនោះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ដល់ដីសម្បទានសេដ្ឋកិច្ចដែលសម្បូរទៅដោយព្រៃឈើជាច្រើនកន្លែងទៅឱ្យក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅស្រុក។

បើយោងតាមរបាយការណ៍ស្ថានភាពបរិស្ថាន លើកទី៤ ឆ្នាំ២០២១ ចុះផ្សាយដោយក្រសួងបរិស្ថាន ការប្រែប្រួលគម្របព្រៃឈើនៅប្រទេសកម្ពុជាបានធ្លាក់ចុះពី ៧៣,០៤% នៅឆ្នាំ១៩៦៥ មកត្រឹមតែ ៤៦,៨៦% ប៉ុណ្ណោះគិតត្រឹមឆ្នាំ២០១៨។ ហើយគួរបញ្ជាក់ផងដែរថា ទិន្នន័យនេះគឺរួមបញ្ចូលទាំងចម្ការកៅស៊ូ និងចម្ការដូងប្រេងផងដែរ។ ដោយឡែក កម្ពុជាត្រូវបានចាត់ទុកជាប្រទេសដែលមានតំបន់ការពារធនធានធម្មជាតិដែលច្រើនជាងគេលំដាប់ថ្នាក់លេខ ២ បន្ទាប់ពីប្រទេសប៊ូតង់ នេះបើយោងតាមការលើកឡើងរបស់លោក ហេង គឹមហុង ដដែល។

គួរដឹងដែរថា រហូតមកទល់បច្ចុប្បន្ន កម្ពុជាមានលិខិតុបករណ៍គ្រប់គ្រាន់ដែលបានធានាដល់សិទ្ធិពលរដ្ឋក្នុងការចូលរួមការពារព្រៃឈើតាមរយៈសិទ្ធិផ្ដល់ព័ត៌មាន សិទ្ធិទទួលបានព័ត៌មាន សិទ្ធិចូលរួមដាំដើមឈើ និងសិទ្ធិចូលរួមការពារកុំឱ្យមានបទល្មើសព្រៃឈើកើតឡើង។ លិខិតុបករណ៍ទាំងនោះមានដូចជា រដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល អនុក្រឹត្យដែលពាក់ព័ន្ធផ្សេងៗ និងវិធានការជាច្រើនទៀត៕ ដោយ៖ អស់ សុខណា

ads banner