អ្នកចូលទស្សនាឧទ្យានស្ថានទូតបារាំងមួយចំនួនចង់ឃើញរាជធានីភ្នំពេញ មានសម្រស់បៃតងប្រហែលនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គេនឹងទទួលបានអារម្មណ៍ត្រជាក់ចិត្តជាមួយសម្រស់ធម្មជាតិខៀវស្រងាត់។ សត្វស្វាលោតទំលើមែកឈើ ហក់ពីមែកមួយទៅមែកមួយ បង្កើតជាទស្សនីយភាពទសទាក់ទាញចិត្តអ្នកទស្សនាឲ្យចោលភ្នែកទៅមើលពួកវា។ អ្នកទស្សនាដែលភាគច្រើនជាយុវជន បានចាត់ទុកសួនធម្មជាតិនៅក្នុងស្ថានទូតបារាំង ជាព្រៃដុះនៅកណ្ដាលរាជធានី។ ពួកគេប្រាថ្នាចង់ឃើញរាជធានីមានសម្រស់ធម្មជាតិបែបនេះ ឬប្រហែលនេះ ដើម្បីដើរទន្ទឹមនឹងសន្ទុះអភិវឌ្ឍន៍ដែលមានអគារខ្ពស់ៗ។

ជាលើកទីមួយដែលឈានជើង ចូលស្ថានទូតបារាំងនៅថ្ងៃទី១៧ខែកញ្ញានេះ កញ្ញា មែ សៀកលីន ជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថាន NITN បង្ហាញការចាប់អារម្មណ៍ចំពោះដើមឈើធំៗ និងបរិស្ថានធម្មជាតិស្រស់បំព្រង។ កញ្ញាបន្ថែម៖ «ចូលមកដល់មានអារម្មណ៍ថា យើងមិនមែននៅភ្នំពេញ ប្រៀបដូចជាយើងកំពុងនៅជើងភ្នំតាមខេត្ត ឬកំពុងសម្រាកនៅរីសតណាមួយអ៊ីចឹង»។

បន្ទាប់ពីចូលទស្សនាសួនធម្មជាតិនៃស្ថានទូតបារាំង កញ្ញាសៀលីនបញ្ចេញទស្សនថា អ្នករស់នៅភ្នំពេញក៏ត្រូវការខ្យល់ដកដង្ហើមដែលមានជំនួយពីធម្មជាតិដែរ។ កញ្ញាស្នើដល់អាជ្ញាធរក្រុងភ្នំពេញពិចារណាចាប់ផ្ដើមការដាំដុះដើមឈើធំៗនៅតាមទីតាំងក្នុងរាជធានីភ្នំពេញ៖ «ជាក់ស្ដែង ទីក្រុងភ្នំពេញស្ទះចរាចរណ៍ ហើយមានឧស្ម័នជាតិពុលច្រើនបញ្ចេញមក អ៊ីចឹងបើយើងទាំងអស់គ្នាចូលរួមដាំដើមឈើតាមដែលអាចធ្វើទៅបាន ខ្ញុំគិតថា វារួមចំណែកកាត់បន្ថយការបំភាយឧស្ម័នជាតិពុល»។

ងើយសម្លឹងទៅលើតាមកម្ពស់ដើមឈើជាមួយនឹងកាមេរ៉ាទូរសព្ទមាននៅក្នុងដៃ លោក ឈឿន សំណាង និងមិត្តភក្ដិម្នាក់ទៀត បានដូរគ្នាម្ដងម្នាក់ដើម្បីថតរូប។ លោកប្រាប់ថា ដាក់ច្បាប់ការងារមួយថ្ងៃដើម្បីបានមកទស្សនាសួនធម្មជាតិក្នុងស្ថានទូតបារាំងព្រោះជាក្ដីប្រាថ្នា។ លោកបន្ថែម៖ «ខ្យល់អាកាសបរិសុទ្ធដូចយើងកំពុងស្ថិតនៅក្នុងព្រៃ ខ្ញុំបានដឹងពីការបើកទ្វារទទួលសាធារណៈជន ចូលទស្សនាតាមការរយៈការផ្សព្វផ្សាយលើបណ្ដាញសារព័ត៌មាន ហើយក៏ដាក់ច្បាប់មកលេងមួយថ្ងៃទៅ ព្រោះចង់ស្គាល់ដោយសារឮគេថា ក្នុងទូតហ្នឹងស្អាត មានព្រៃ ដើមឈើធំដូចនៅក្នុងព្រៃ ដល់ឃើញជាក់ស្ដែងអ៊ីចឹងមែន»។
បើតាមលោក ឈឿន សំណាង ស្ថានភាពខាងក្រៅមិនអាចអភិរក្សដូចក្នុងស្ថានទូតបានឡើយ ដ្បិតអីខាងក្រៅត្រូវបានសាងសង់ដោយអគារខ្ពស់ៗបាត់ទៅហើយ។
ចំណែក កញ្ញា សុខ សុម៉ាលី ដែលទើបតែចូលទស្សនាសួនធម្មជាតិស្ថានបារាំងជាលើកដំបូងដែរនោះ ចង់ឃើញរាជធានីភ្នំពេញមានដាំដើមផ្ការំដួលជាជំហានដំបូងសិនក៏បាន ព្រោះផ្កានេះតំណាងឱ្យជាតិ។ កញ្ញាថា៖ «ខ្ញុំចង់ឲ្យដងវិថីធំៗនៅក្នុងក្រុងមានដើមឈើធំៗហើយខ្ពស់ស្រឡះល្អ តែថាទៅរាជធានីភ្នំពេញយើងអភិវឌ្ឍអគា រខ្ពស់ៗចេះ តែដើរទៅមុខរហូត។ តែខ្ញុំធ្លាប់គិតចំណុចមួយថា ផ្ការំដួលជាផ្កាតំណាងឲ្យជាតិ។ ខ្ញុំ ចង់ឲ្យអាជ្ញាធរក្រុងភ្នំពេញដាំ ព្រោះជាក់ស្ដែងនៅសៀមរាមគេដាំរួចហើយ ហើយពេលទៅដល់យើងក្រអូបក្លិនរំដួលនេះតែម្ដង»។
លាតសន្ធឹងលើផ្ទៃដីទំហំ ៤,៧ ហិកតា ឧទ្យាន ស្ថាន ទូត បារាំងស្ថិត ក្នុង ចំណោម លំហ បៃត ងធំ ជាង គេ មួយ នៅ រាជ ធានី ភ្នំពេញ ដោ យសម្បូរទៅដោយជីវៈច ម្រុះ ដ៏ មាន តម្លៃ ដូចជា ដើម ឈើ ៥០ប្រភេទខុសៗគ្នា សរុបចំនួន២០០ ដើម និង សត្វមួយចំនួន ដែល បច្ចុប្បន្នស្ថា ន ទូត កំពុង ចុះបញ្ជី ។ បើតាមស្ថានទូតបារាំង ពេញមួយព្រឹកថ្ងៃទី១៧ ខែកញ្ញា មានមនុស្ស ប្រមាណជា៦០០នាក់បានចុះឈ្មោះចូលទស្សនាសួនឧទ្យានស្ថានទូតបារាំង។
គួរជម្រាបជូនថា នេះជាលើកទី៧ហើយ ដែលស្ថានទូតបារាំងបើកទ្វារទទួលអ្នកមហាជនចូលទស្សនាសួនឧទ្យានស្ថានទូតបារាំងឡើងវិញ នៅថ្ងៃទី១៧ខែកញ្ញានេះ ក្រោយអាក់ខានដោយសារវិបត្តិកូវីដ១៩កាលពីឆ្នាំ២០២១។ ការបើកទ្វារចូលទស្សនាជាថ្មីនេះ ធ្វើឡើងស្របគ្នានឹងទិវាបេតិកភណ្ឌនៅកម្ពុជា ស្ថិតនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដែលត្រូវបានផ្តួចផ្តើមគំនិតដោយប្រទេសបារាំង ហើយបច្ចុប្បន្នត្រូវបានប្រារព្ធឡើងក្នុងប្រទេសជាង៥០៕ ដោយ៖ អែង រាជនី

ads banner