អ្នកឃ្លាំមើលអ.ស.ប៖ ថាមពលនៅរោងចក្រនុយក្លេអ៊ែរនៅ ហ្សាប៉ូរីចា ត្រូវបានស្ដារឡើងវិញហើយ
អន្តរជាតិ៖ទីភ្នាក់ងារថាមពលបរិមាណូអន្ដរជាតិ AIEA ដែល កំពុង ប្រចាំការនៅរោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីចា បានគូសបញ្ជាក់នៅ ថ្ងៃសៅរ៍ ទី១៨ ខែកញ្ញាឆ្នាំ២០២២ថា រោងចក្រថាមពលនុយក្លេអ៊ែរ នៅភាគខាងត្បូងប្រទេសអ៊ុយក្រែននេះ បានដំណើរការឡើង វិញ ហើយបន្ទាប់ពីអ្នកជំនាញបញ្ចប់ការជួសជុលខ្សែតង់ស្យុងខ្ពស់ដែលខូចខាតដោយសារតែការផ្លោងអាវុធដាក់គ្នា រវាងរុស្សី និង អ៊ុយក្រែន។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីភ្នាក់ងារថាមពលបរិមាណូ អន្ដរជាតិ AIEA បានពន្យល់ថា ខ្សែបណ្ដាញដែលត្រូវស្ដារ ឡើងវិញ នោះ គឺជាការតភ្ជាប់ផ្នែកខាងក្រៅដ៏ចម្បងមួយ ក្នុងចំណោមខ្សែ ភ្ជាប់ចំនួនបួន នៅរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីចា និងថា ការតភ្ជាប់នេះ នឹងផ្ដល់ថាមពលអគ្គិសនីដល់រោងចក្រនុយក្លេអ៊ែរ ដើម្បីឲ្យម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនប្រាំមួយចុះត្រជាក់ ហើយ រក្សា បាននូវមុខងារសុវត្ថិភាពផ្សេងៗ ចៀសវាងឲ្យបានជាដាច់ខាត នូវការសាយភាយសារធាតុវិទ្យុសកម្មចេញមកខាងក្រៅ ដែលអាច បង្កជាវិនាសកម្មដ៏ធំធេងសម្រាប់មនុស្សជាតិ។
គួររំឭកបន្តិុចថា អ៊ុយក្រែនបានសម្រេចបិទម៉ាស៊ីនរ៉េអាក់ទ័រចុង ក្រោយ នៅរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីចា កាលពីថ្ងៃទី១១ ខែកញ្ញា។ នេះគឺជាវិធានសុវត្ថិភាព ដើម្បីបង្ការមហន្តរាយណាមួយ ដែល អាចកើតឡើងជាយថាហេតុ ខណៈដែលការវាយប្រហារ គ្នារវាង រុស្ស៊ីនិងអ៊ុយក្រែន នៅតែបន្តកើតមានមិនចេះចប់មិន ចេះហើយ។ ហ្សាប៉ូរីចា ប្រសិនបើមានដំណើរការពេញលេញ វាអាចផ្គត់ផ្គង់ថាមពលអគ្គិសនីដល់អ៊ុយក្រែនចំនួន ១ភាគ៥ នៃតម្រូវការថាមពលសរុប។
ឥឡូវនេះ បើទោះបីជារោងចក្រថាមពលនុយក្លេអ៊ែរនេះ ចាប់ដំណើរ ការឡើងវិញក៏ពិតមែន ប៉ុន្តែប្រព័ន្ធដំណើរការរបស់វា កំពុងស្ថិតនៅ ក្នុងស្ថានភាពខូចខាតមួយចំនួន។ មិនត្រឹមតែប៉ុណ្ណោះ ហ្សាប៉ូរីចា ក៏បន្តស្ថិតនៅត្រង់តំបន់ជួរមុខនៃការប្រយុទ្ធគ្នារវាងអ៊ុយក្រែននិងរុស្ស៊ី បើទោះបីជាការប្រយុទ្ធគ្នានៅតំបន់នេះ ហាក់់មានសភាពធូរ ស្រាលជាងមុនខ្លះក៏ដោយ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
កាលពីដើមខែកញ្ញានេះ ប្រតិភូពីទីភ្នាក់ងារថាមពលបរិមាណូ អន្ដរជាតិ AIEA បានចុះទៅពិនិត្យស្ថានភាពផ្ទាល់នៅរោងចក្រនុយ ក្លេអ៊ែរហ្សាប៉ូរីចា បន្ទាប់ពីទទួលបានភ្លើងខៀវទាំងពីខាងភាគីរុស្ស៊ី និងភាគីអ៊ុយក្រែន។ AIEA បានដាក់អ្នកជំនាញរបស់ខ្លួនចំនួនពីរ រូបនៅទីនោះ ដើម្បីត្រួតពិនិត្យស្ថានភាពរោងចក្រថាមពល នុយក្លេអ៊ែរ ហ្សាប៉ូរីចា និងធ្វើយ៉ាងណា ឈានទៅដាក់ឲ្យដំណើរការ រោងចក្រនុយក្លេអ៊ែរនេះឡើងវិញ។
ទីភ្នាក់ងារ AIEA បានអំពាវនាវឲ្យដាក់តំបន់ជុំវិញរោងចក្រ នុយក្លេអ៊ែរ ហ្សាប៉ូរីចា ជាតំបន់ «ការពារសុវត្ថិភាពនិងសន្តិសុខ» ប៉ុន្តែទីភ្នាក់ងារ នេះ គ្មានអំណាចឯណាទៅបញ្ជាឲ្យរុស្ស៊ីនិងអ៊ុយក្រែន ចុះកិច្ចព្រម ព្រៀង បទឈប់បាញ់នៅតំបន់នេះ ឬក៏ទាមទារឲ្យកងទ័ពរុស្ស៊ី ចាកចេញពីតំបន់នេះឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ នាយកទី ភ្នាក់ងារ AIEA លោក Rafael Grossi ធ្លាប់បង្ហើបឲ្យដឹងថា AIEA បានចរចាយ៉ាងសកម្មជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីបញ្ចប់ សកម្មភាព យោធា ទាំងនៅក្នុង និងនៅតំបន់ជុំវិញរោងចក្រ នុយក្លេអ៊ែរ ហ្សាប៉ូរីចា៕ដោយ៖កែវ កិរិយា