ដំណើរកាត់ក្តីរបស់តុលាការខ្មែរក្រហមនឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី២២កញ្ញា តាមរយៈការប្រកាសសាលដីកាសំណុំរឿង០០២ វគ្គ២ ប្រឆាំង ខៀវ សំផន
ភ្នំពេញ៖តុលាការកំពូលនៃសាលាក្តីខ្មែរក្រហម នៅថ្ងៃទី២២ខែកញ្ញា ឆ្នាំ ២០២២ខាងមុខនេះ នឹងប្រកាសសាលដីកាលើបណ្តឹងសាទុក្ខ របស់ ខៀវ សំផន ដែលបានប្តឹងមិនសុខចិត្តទៅនឹងសេចក្តីសម្រេច របស់តុលាការខ្មែរក្រហម។ ជាបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់តែម្នាក់គត់ ដែលប្តឹង ជំទាស់ទៅនឹងការសម្រេចរបស់តុលាការក្នុងសំណុំរឿង ០០២ វគ្គ២។
ក្នុងសំណុំរឿង ០០២ វគ្គ២ សាលាក្តីខ្មែរក្រហម បានផ្តោតទៅលើ អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិ វៀតណាម ការរំលោភសេពសន្ថវៈ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងអំពើឧក្រិដ្ឋកម្មមួយចំនួន។ ក្នុងសំណុំរឿងនេះ អង្គជំនុំជម្រះបាន សម្រេចកាត់ទោស អតីតមេដឹកនាំខ្មែរក្រហម២រូប គឺលោក នួន ជា និងលោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទប្រព្រឹត្ត ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
គួរបញ្ជាក់ថា ក្នុងសំណុំរឿង០០២ មានអតីតមេដឹកនាំខ្មែរក្រហម ចំនួនបួន រូបដែលត្រូវបានតុលាការខ្មែរក្រហម ចោទប្រកាន់ គឺ លោក អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបកម្ពុជា ប្រជាធិប តេយ្យ និងភរិយា គឺលោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួង សង្គមកិច្ច លោក នួន ជា អតីតប្រធានរដ្ឋសភានៃរបបកម្ពុជា ប្រជាធិបតេយ្យ និងលោក ខៀវ សំផន អតីតប្រមុខរដ្ឋរបបខ្មែរ ក្រហម។ ប៉ុន្តែដើម្បីពន្លឿនដំណើរការកាត់ក្ដី តុលាការបាន សម្រេច បំបែកសំណុំរឿង០០២ ជាពីរវគ្គ។ គឺសំណុំរឿង០០២ វគ្គ១ និង សំណុំ រឿង០០២ វគ្គ២។ សំណុំរឿង០០២ វគ្គ២ ដែលមកទល់ ពេលនេះ នៅសល់តែលោក ខៀវ សំផន ម្នាក់ប៉ុណ្ណោះ ដែលនៅរស់ រានជីវិត និងកំពុងបន្តការកាត់ក្តី។
សេចក្តីសម្រេចចុងក្រោយ ដែលតុលាការខ្មែរក្រហមនឹងប្រកាស សាលដីកា ថ្ងៃទី២២កញ្ញាខាងមុខនេះ គឺជាសេចក្តីសម្រេចបិទ ផ្លូវតវ៉ា ពាក់ព័ន្ធនឹងបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន ហើយ ការប្រកាសសាលដីកានេះ ក៏ជាទីបញ្ចប់នៃការជំនុំជម្រះក្តីលើ អតីតមេដឹកនាំខ្មែរក្រហម។
គួររំលឹកថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ជាតុលាការ កូន កាត់មួយ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយរដ្ឋា ភិបាលកម្ពុជា និងអង្គការសហប្រតិបត្តិ។ ប្រតិបត្តិការមក១៦ឆ្នាំ ដោយចាយថវិកាអស់ជាង៣៣០លានដុល្លារ តុលាការកូនកាត់ មួយនេះ បានឈានទៅបិទបញ្ចប់សំណុំរឿងនៃការសម្លាប់ រង្គាល ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ តាមរយៈសំណុំរឿង០០១ និងសំណុំ រឿង០០២វគ្គ១។
ដោយឡែកសម្រាប់សំណុំរឿង០០២វគ្គ២ ដែលនឹងប្រកាស សាលដីកា នៅថ្ងៃទី២២កញ្ញាខាងមុខ សាលាក្តីខ្មែរក្រហមក៏នឹ ងបើកឲ្យសាធារណជនចូលស្តាប់ដោយផ្ទាល់ ចំពោះការកាត់ទោស អតីតមេដឹកនាំខ្មែរក្រហមចុងក្រោយលោក ខៀវ សំផន ដែលឈាន ទៅបិទបញ្ចប់ជាស្ថាពរ៕ ដោយ៖សេក ប្រាក់

