ប្រធានសភាអាមេរិក ធ្វើទស្សនកិច្ចនៅប្រទេសអាមេនី ក្រោយការ ប៉ះ ទង្គិចបង្ហូរឈាមរវាងអាមេនី-អាស៊ែបៃហ្សង់

អាមេរិក៖លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានសភានៃសហរដ្ឋ អាមេរិក បានធ្វើដំណើរទៅដល់រដ្ឋធានីនៃប្រទេសអាមេនី នៅថ្ងៃ សៅរ៍ ទី១៧ ខែកញ្ញា ដោយមានការស្វាគមន៍យ៉ាងកក់ក្ដៅពី សំណាក់ សមភាគីអាមេនី គឺលោក Alen Simonyan។

ដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានសភាអាមេរិកទៅកាន់អាមេនីនេះ គឺជាកាយវិការគាំទ្រពីសំណាក់អាមេរិកដល់ប្រទេសអាមេនី ក្រោយពេលដែលប្រទេសនេះ ទើបតែប៉ះទង្គិចគ្នាជាមួយប្រទេស អាស៊ែបៃហ្សង់ កាល់ពីថ្ងៃអង្គារ ទី១៣ ខែកញ្ញា។

ជាការប៉ះទង្គិចបង្ហូរឈាមដ៏អាក្រក់ និងបានបណ្ដាលឲ្យពល ទាហាន បាត់បង់ជីវិតអស់ជាង២០០រយនាក់។ នេះបើតាមតួលេខ ផ្ដល់ឲ្យដោយប្រទេសទាំងពីរ នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានជួប ជាមួយនាយករដ្ឋមន្ដ្រីអាមេនី លោក Nikol Pashinyan និងមន្ដ្រី ពាក់ព័ន្ធមួយចំនួនទៀត។

លោកស្រីបានបង្ហាញអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់អាមេរិក ចំពោះអាមេនី ក្នុងការដោះស្រាយជម្លោះដែលអូសបន្លាយយូរ អង្វែង ជាមួយប្រទេសអាស៊ែបៃហ្សង់ នៅក្នុងសំណុំរឿង Nagorno-Karabakh។

សូមជម្រាបថា ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី គឺជាឥស្សរជននយោបាយខ្ពស់បំផុតរបស់អាមេរិក ដែលបានដាក់ ជើងជាន់ដីអាមេនី នៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ពោល គឺចាប់តាំងពីប្រទេសបានទទួលឯករាជ្យពេញលេញ ផ្ដាច់ចេញពី សហភាពសូវៀតជាផ្លូវការមក។

ដំណើរទស្សនកិច្ចនេះ ក៏ជាការព្យាយាមបង្ហាញនូវឥទ្ធិពល របស់ ស្ថាប័ននីតិបញ្ញត្តិរបស់អាមេរិក ខណៈពេលដែលសង្គ្រាម កំពុង ផ្ទុះឡើងនៅអឺរ៉ុប ហើយសង្គ្រាមអស់ទាំងនេះ កំពុងតែធ្វើឲ្យ តុល្យភាពភូមិសាស្ត្រនយោបាយនៅបណ្ដាប្រទេសដែលធ្លាប់ជាសមាជិកសហភាពសូវៀត ប្រឈមនឹងភាពរង្គោះរង្គើ លែងប្រាកដ ប្រជាដូចមុន។

ប្រទេសរុស្ស៊ី ដែលជាអ្នកធានាការពារសន្តិសុខដល់អាមេនី ឥឡូវ នេះកំពុងតែជាប់ដៃនៅក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។ ដោយយោងលើហេតុុផលនេះហើយ ប្រទេសអាស៊ៃបៃហ្សង់កំពុង តែរុញឲ្យប្រទេសអាមេនី ទទួលយកកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលបង្ខំឲ្យអាមេនី ទទួលស្គាល់តំបន់ Nagorno-Karabakh ថាជាដែនអធិបតេយ្យរបស់ខ្លួន។

ជម្លោះដណ្ដើមតំបន់ Nagorno-Karabakh រវាងអាមេនី និង អាស៊ៃបៃហ្សង់ ផ្ទុះឡើងដំបូងនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ នៅពេល ដែលភាគីទាំង២ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សូវៀត ហើយកង កម្លាំងអាមេនីដណ្តើមយកទឹកដីជាច្រើននៅជិតតំបន់ Nagorno-Karabakh។ តំបន់ Nagorno-Karabakh ដែលអន្តរជាតិ ទទួល ស្គាល់ថាជាទឹកដីរបស់អាស៊ែបៃហ្សង់ ប៉ុន្តែមានជនជាតិអាមេនីរស់ នៅច្រើន។
នៅឆ្នាំ២០២០ អាស៊ែបៃហ្សង់ បានប្រយុទ្ធដណ្តើមទឹកដីទាំងនោះ មកវិញ។ ជាការប្រយុទ្ធដែលបានសម្លាប់មនុស្សអស់ ៦ ៥០០ នាក់ និងបញ្ចប់ទៅដោយបទឈប់បាញ់សម្របសម្រួលដោយរុស្ស៊ី ដែលជាអ្នកដើរតួដាក់កងទ័ពរក្សាសន្តិភាពបង្ការជម្លោះ។ ចាប់តាំងពីពេលនោះមក មេដឹកនាំនៃប្រទេសទាំង២ បានជួបប្រជុំ គ្នាជាច្រើនដង ដើម្បីពង្រឹងសន្ធិសញ្ញា ឈានទៅបង្កើតសន្តិភាព យូរអង្វែង។ ជុំវិញការប៉ះទង្គិចចុងក្រោយនេះ គេឃើញមានការ អំពាវនាវ ជាច្រើន រួមទាំងពីសហរដ្ឋអាមេរិក ដែលសុំឱ្យមានបទ ឈប់ បាញ់គ្នាជាបន្ទាន់៕ ដោយ៖កែវ កិរិយា

ads banner