សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះ សំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនីចំនួន១៥០០នាក់ ដែលកំពុងសាងសង់អគារទីស្ដីការ ក្រសួងមហាផ្ទៃ

ភ្នំពេញ៖នារសៀលថ្ងៃអាទិត្យទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន អញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយជូន ក្រុម ស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនីចំនួន១៥០០នាក់ ដែលកំពុង សាង សង់ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី។

អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នាឱកាសនោះ រួមមានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់ ឯកឧត្តមរដ្ឋ លេខា ធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក អគ្គលេខាធិការ ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ ក្រសួង មហាផ្ទៃ ព្រមទាំងតំណាងក្រុមហ៊ុនសាងសង់ជាច្រើនរូបទៀត។

ក្នុងឱកាសនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរក្រុមហ៊ុនសាងសង់ ព្រមទាំងក្រុមបុគ្គលិក ទាំងអស់ដែលបានខិតខំប្រឹងប្រែងសាងសង់អគារប្រកបដោយការទទួលខុសត្រូវ ពិសេសគឺបានសាងសង់លឿនជាងផែនការនិង ប្រកប ដោយគុណភាព ដែលធ្វើឱ្យមានការកោតសរសើរជាច្រើនពី សាធារណៈមតិ បន្ថែមលើភាពលេចធ្លោនៃការរចនាប្លង់សំណង់ អគារទាំងមូល។

សម្ដេច បានបង្ហាញការពេញចិត្ត និងមានមោទកភាពក្រៃលែង ចំពោះ ដំណើរការសាងសង់អគារថ្មីនេះ ដោយសារសម្ដេចមានទំនុក ចិត្តចំពោះគណៈកម្មការដឹកនាំការសាសង់ដោយឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងក៏ដោយសារអគារទីស្ដីការក្រសួង ថ្មី នេះត្រូវបានរចនា និងសាងសង់ឡើងដោយស្នាដៃកូនខ្មែរ។

សម្ដេចក្រឡាហោម សង្ឃឹមជឿជាក់ថាគណៈកម្មការសាងសង់ ក្រុមហ៊ុន ក្រុមស្ថាបត្យករ វិស្វករ និងកម្មករកម្មការិនីទាំងអស់ នឹង បន្តរួមគ្នាខិតខំប្រឹងប្រែងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះឱ្យបានរួចរាល់ និងប្រកបដោយគុណភាព និងបានជូនពរក្រុម ជាងទាំងអស់ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ សូមធ្វើដំណើរ ប្រកប ដោយសុវត្ថិភាព និងជួបតែពរបួនប្រការ។

សូមបញ្ជាក់ថាអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលបានផ្ដល់ជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការនីនាឱកាសនោះ រួមមានសារុង មី ត្រីខកំប៉ុង ទឹកក្រូចកំប៉ុង ទឹកសុទ្ធ និងថវិកាចំនួនមួយសែនរៀល ៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner