មេបញ្ជាការកងទ័ពជើងគោក បន្តផ្តល់អំណោយដល់អតីតយុទ្ធជន ដែលមានជីវភាពក្រលំបាក ៣៥គ្រួសារ នៅក្នុងឱកាសថ្ងៃកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ
ខេត្តព្រះវិហារ៖ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅតែបន្តឧបត្ថម្ភអំណោយ គ្រឿងឧបភោគ បរិភោគ និងថវិកា ដល់អតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ ៣៥គ្រួសារ ដែលការផ្តល់ជូននោះ បានធ្វើឡើងតាមរយៈ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា អំណោយដែលបាននាំយកផ្តល់ជូន បងប្អូនអតីតយុទ្ធជនទាំង ៣៥គ្រួសារ ដែលមានជីវភាពក្រីក្រនៅពេលនេះ គឺជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ រួមទាំងភរិយា នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើងនេះ ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូន អតីតយុទ្ធជនក្រីក្រទាំង ៣៥គ្រួសារ នៅពេលនេះ ក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ៣០គីឡូក្រាម ,មីជាតិ ១កេស ,ត្រីខកំប៉ុង ១យួរ និងថវិកាចំនួន ២ ម៉ឺនរៀល ។
បន្ទាប់មក លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានបន្តដឹកនាំក្រុមការងារចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤លានរៀល ជូនដល់ក្រុមគ្រួសារសព ដែលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឈ្មោះ ហ៊ិន ស៊ឹម ភេទប្រុស អាយុ៦២ឆ្នាំ មុខសញ្ញាជនពិការ ដែលបានទទួលមរណៈភាព នៅភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីពេលកន្លងទៅនេះ ៕ ដោយ៖ឡុង សំបូរ

