សមាជិកព្រឹទ្ធសភា និងមិត្តភក្តិអតីតសិស្សវិទ្យាល័យកំពង់ធំ ១៩៨២ អញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តឥន្ទ្រីសំវរៈ (ហៅវត្តកំពង់ធំ)
(កំពង់ធំ)៖លោក ជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា លោក ឧកញ៉ា គុយ លាងគី និងមិត្តភក្តិអតីតសិស្សវិទ្យាល័យកំពង់ធំ១៩៨២ អញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តឥន្ទ្រីសំវរៈ (ហៅវត្តកំពង់ធំ) ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២២ ។
លោកជំទាវ ឃួន ឃុនឌី បានបញ្ជាក់ថា បច្ចុប្បន្នយើងបានកសាងប្រទេសពីបាតដៃទទេដោយខិតខំស្តារនិងកសាងឡើងវិញជាបណ្តើរៗនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ និងវត្តអារាម តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានអនុវត្តដោយជោគជ័យនូវដំណើរការសមាហរណកម្មអតីតតំបន់ត្រួតត្រាដោយខ្មែរក្រហម ចូលក្នុងសង្គមជាតិ និងធ្វើសន្តិភាវូបនីយកម្ម ប្រទេសជាតិទាំងមូល លើមូលដ្ឋានបង្រួបបង្រួមជាតិដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ។
លោកជំទាវបន្តថា ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យកាន់បិណ្ឌប្រជាពុទ្ធបរិស័ទតែងតែរួមគ្នាធ្វើបុណ្យធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿងសក្ការបូជាមានទៀនធូបផ្កាភ្ញីបូជាចំពោះព្រះពុទ្ធអង្គនិងព្រះរតនត្រ័យនិងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេន ព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យ
ឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន សាច់សារលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិដែលបានចែកឋានទៅកាន់លោកខាងមុខនោះនិងបញ្ជាក់នូវការសាមគ្គីភាពរវាងមិត្តភក្តិរួមជំនាន់ទាំងអស់និងចង់បង្ហាញឲ្យយុវជនជំនាន់ក្រោយបានឃើញអំពីសកម្មភាពមនុស្សធម៌ ក៏ដូចជាការចូលរួមជាមួយនិងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋហើយក្នុងនោះក៏ជាការបង្ហាញឲ្យឃើញនូវទឹកចិត្តជ្រះថ្លាតែងតែជួយគ្នាទៅវិញទៅមករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចង់ថែរក្សាវប្បធម៌ប្រពៃណីការគោរពប្រតិបត្តិព្រះពុទ្ធសាសនា។
ក្នុងពិធីកាន់បិណ្ឌវេនទី៨ នេះដែរលោកជំទាវ ឃួន ឃុនឌី និងលោកឧកញ៉ា គុយ លាងគី និងមិត្តភក្តិអតីតដសិស្សវិទ្យាល័យកំពង់ធំឆ្នាំ១៩៨៥បាននាំយកថវិកាមួយចំនួន និងសម្ភារៈប្រគេនដល់ព្រះសង្ឃចែកជូនដល់លោកយាយ លោកតា មានក្រមា១ និងថវិកាផងដែរ ៕ ដោយ ប៊ុន រដ្ឋា