វិមានក្រឹមឡាំងថា រុស្ស៊ី និងចិនមិនប្រាថ្នាចង់គ្រប់គ្រងពិភពលោកឡើយ
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់ទូរទស្សន៍ Rossiya-1 នៅថ្ងៃអាទិត្យទី១៨ ខែកញ្ញាថា ប្រទេសរុស្ស៊ី និងចិនមិនប្រាថ្នាចង់គ្រប់គ្រងពិភពលោកនោះទេ ខណៈដែលប្រទេសមួយចំនួនទៀតបានធ្វើរឿងនេះ។
លោក ប៉េសកូវ បានបញ្ជាក់យ៉ាងដូច្នេះថា ការពិតទំនាក់ទំនងទ្វេភាគីរបស់ពួកយើង គឺរុស្ស៊ី និងចិន ដែលមិនស្វែងរកកៅអីអ្នកបើកបរនៅក្នុងពិភពលោកទេ ប៉ុន្តែយើងដឹងថា ប្រទេសផ្សេងទៀតបានបង្ហាញទំនោរបែបនេះ។ លោកថា ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងមានចំណុចមួយនៅក្នុងការវាយតម្លៃរបស់ខ្លួន អំពី ភាពមិនអាចទទួលយកបាន នៃអាកប្បកិរិយាអស្ថិរភាពបែបនេះ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិន លោក ស៊ី ជីនពីង បានជួបទល់មុខគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង សាម៉ាកាន់ កាលពីសប្តាហ៍មុន។
ជំនួយការរបស់វិមានក្រឹមឡាំង បានរាយការណ៍នៅក្រោយជំនួបនោះថា បញ្ហាសំខាន់ៗទាំងអស់ត្រូវបានពិភាក្សា។ មេដឹកនាំចិនបានសង្កត់ធ្ងន់ថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការរួមគ្នាជាមួយរុស្ស៊ី ដើម្បីផ្តល់ការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាផលប្រយោជន៍សំខាន់ៗរបស់គ្នាទៅវិញទៅមក៕ ប្រភព៖ Tass ប្រែសម្រួល៖ ទីណា និងបុត្រា
