ទណ្ឌកម្មលោកខាងលិចចាប់ផ្តើមជះឥទ្ធិពលលើសមត្ថភាពរបស់រុស្ស៊ីក្នុងការផលិតអាវុធទំនើបៗ
ម៉ូស្គូ៖ ប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូ លោក Rob Bauer ប្រាប់ការសែតរ៉យទ័រថា ការដាក់ទណ្ឌកម្មរបស់លោក ខាងលិចកំពុងចាប់ផ្តើមរារាំងដល់សមត្ថភាពរបស់រុស្ស៊ី ក្នុងការផលិតសព្វាវុធទំនើបៗសម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន ទោះបីជាឧស្សាហកម្មរុស្ស៊ីនៅតែអាចផលិតគ្រាប់រំសេវជាច្រើនក៏ដោយ។
លោក Rob Bauer បានបញ្ជាក់យ៉ាងដូច្នេះថា ឥឡូវនេះ យើងមើលឃើញសញ្ញាធ្ងន់ធ្ងរដំបូងបង្អស់ ទាក់ទងនឹងសមត្ថភាពផលិតរបស់ពួកគេ (រុស្ស៊ី) ជាឧទាហរណ៍ ការជំនួសមីស៊ីលបញ្ជាទិស (Cruise missiles) និងសព្វាវុធទំនើបៗ ដោយលោកបានកត់សម្គាល់ថា សមាសធាតុមួយចំនួនដែលរុស្ស៊ីត្រូវការសម្រាប់ប្រព័ន្ធសព្វាវុធទំនើបៗ ភាគច្រើនគឺមានប្រភពមកពីឧស្សាហកម្មលោកខាងលិច។
ស្របពេលជាមួយគ្នានេះដែរ លោក Rob Bauer បានសង្កត់ធ្ងន់ទៀតថា តាមដែលយើងដឹង… រុស្ស៊ីនៅតែមានមូលដ្ឋានឧស្សាហកម្មច្រើន ហើយអាចផលិតគ្រាប់រំសេវបានច្រើន។ ហើយពួកគេក៏នៅតែមានគ្រាប់រំសេវជាច្រើនទៀតផងដែរ៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

