វិមានក្រឹមឡាំងថា គោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី មិនមាននៅក្នុងសង្គ្រាមអ៊ុយក្រែនទេ
ម៉ូស្គូ៖ ប្រទេសរុស្ស៊ីបានអះអាងសារជាថ្មីថា គោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន គឺជាការពន្យល់ដោយខ្លួនឯង ដោយមន្ត្រីជាន់ខ្ពស់រុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ជម្លោះនៅអ៊ុយក្រែនមិនបំពេញតាមលក្ខណៈវិនិច្ឆ័យណាមួយឡើយ។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងតបតាមនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អំពីការឆ្លើយតបដ៏ឃោរឃៅ និងផលវិបាកដ៏ធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ីប្រើប្រាស់អាវុធប្រល័យលោកក្នុងសង្គ្រាមអ៊ុយក្រែន។
លេខាធិការសារព័ត៌មានវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់សារព័ត៌មាន RIA Novosti កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះថា យោងតាមគោលជំហរនុយក្លេអ៊ែររបស់រុស្ស៊ី ទីក្រុងម៉ូស្គូរក្សាសិទ្ធិក្នុងការប្រើប្រាស់អាវុធបរមាណូ ក្នុងការឆ្លើយតបទៅនឹងការប្រើប្រាស់នុយក្លេអ៊ែរ និងអាវុធប្រល័យលោកដទៃទៀតប្រឆាំងនឹងរុស្ស៊ី ឬសម្ព័ន្ធមិត្តរបស់ខ្លួន ក៏ដូចជាក្នុងការឆ្លើយតបទៅនឹងការវាយប្រហារធម្មតា ដែលគំរាមកំហែងដល់ស្ថិរភាពនៃប្រទេសរុស្ស៊ី ជារដ្ឋអធិបតេយ្យប៉ុណ្ណោះ។
បច្ចុប្បន្នភាពចុងក្រោយបំផុតចំពោះគោលលទ្ធិដែលបានធ្វើឡើងក្នុងឆ្នាំ ២០២០ បានបញ្ជាក់ពីសេណារីយ៉ូពីរបន្ថែមទៀត ក្នុងករណីប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលអាចកើតមាន ក្នុងនោះការទទួលបានព័ត៌មានគួរឱ្យទុកចិត្តអំពីការបាញ់មីស៊ីលផ្លោងសំដៅលើទឹកដីប្រទេសរុស្ស៊ី ឬសម្ព័ន្ធមិត្តរបស់ខ្លួន ឬការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលគ្រប់គ្រងអាវុធនុយក្លេអ៊ែរ”។
យ៉ាងណាមិញ គ្មានសេណារីយ៉ូសម្មិតិកម្មណាមួយពាក់ព័ន្ធនឹងស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនទេ។ នេះបើតាមមន្ត្រីរុស្ស៊ីប្រាប់សន្និសីទស្តីពីការត្រួតពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (NPT) នៅទីក្រុងញូយ៉ក ក្នុងឱកាសជាច្រើនកាលពីខែមុន៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

