លោក បៃដិន ជំរុញលោក ពូទីន កុំឱ្យប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ុយក្រែន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានរុស្ស៊ីអំពីផលវិបាកដ៏ធ្ងន់ធ្ងរ ប្រសិនបើខ្លួនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬអាវុធគីមីក្នុងសង្គ្រាមអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS News ដែលជាផ្នែកមួយត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ លោក បៃដិន ត្រូវបានគេសួរថាតើលោកនឹងនិយាយយ៉ាងណា ប្រសិនបើលោកបានដឹងថា រុស្ស៊ីកំពុងពិចារណាលើការប្រើប្រាស់អាវុធប្រល័យលោក ដើម្បីទប់ទល់នឹងអ្វីដែលអ៊ុយក្រែនហៅថា ការវាយលុកដ៏ជោគជ័យនៅភាគខាងកើត។
លោក ចូ បៃដិន បានឆ្លើយថា កុំ! កុំ! កុំ! អ្នក (រុស្ស៊ី) នឹងផ្លាស់ប្តូរមុខមាត់នៃសង្គ្រាមដែលមិនដូចអ្វីកើតឡើងចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ លោក បៃដិន បានបញ្ជាក់យ៉ាងដូច្នេះថា ប្រសិនបើការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ឬអាវុធគីមីកើតឡើង នោះរុស្ស៊ីនឹងក្លាយជាប្រទេសប៉ារ៉ាហ៍ (Pariah) នៅលើពិភពលោក ហើយការឆ្លើយតបរបស់សហរដ្ឋអាមេរិកនឹងអាស្រ័យលើទំហំដែលពួកគេធ្វើ។
កាលពីពាក់កណ្តាលខែសីហាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស៊យហ្គូ បានច្រានចោលការអះអាងដែលថា ទីក្រុងម៉ូស្គូអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែក្នុងសង្គ្រាមអ៊ុយក្រែន ដោយបាននិយាយថា ការចោទប្រកាន់នេះមិនសមហេតុផល។ លោកថា រុស្ស៊ីមិនមានគោលដៅណាមួយក្នុងសង្គ្រាមអ៊ុយក្រែន ដែលទាមទារឱ្យធ្វើដូច្នេះទេ… ជំហរនុយក្លេអ៊ែរបច្ចុប្បន្នរបស់រុស្ស៊ីអនុញ្ញាតឱ្យប្រើបានតែនៅពេលដែលស្ថេរភាពរបស់រដ្ឋត្រូវបានគំរាមកំហែងប៉ុណ្ណោះ៕ ប្រភព៖ RT ប្រែសម្រួល:ទីណា និងបុត្រា

