អគ្គលេខាធិការអ.ស.ប ចង់ឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ស៊ើបអង្កេករណ្តៅសពក្បែរក្រុងអ៊ីហ្សយូម

អ.ស.ប៖បន្ទាប់ពីមានដំណឹងសោកនាដកម្មរកឃើញ រណ្តៅកប់ សពជាង ៤៥០សព ក្នុងដីព្រៃ នៅជាយក្រុងអ៊ីហ្សយូម ក្នុងទឹកដី អ៊ុយក្រែន លោក អង់តូនីញ៉ូ ហ្គូទែរស៍ អគ្គលេខាធិការអង្គការសហ ប្រជាជាតិ (អ.ស.ប) នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ ២០២២ បានប្ដេជ្ញាថា នឹងធ្វើការស៊ើបអង្កេតស៊ីជម្រៅនៅក្នុងរឿងនេះ។ អគ្គលេខាធិការអ.ស.ប សង្ឃឹមដែរថាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នឹងតាមវែករកមុខជនដៃដល់មកផ្តន្ទាទោសឱ្យបាន។

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ និងទូរទស្សន៍ France 24 នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ ២០២២ អគ្គលេខាធិការ អ.ស.ប លោក អង់តូនីញ៉ូ ហ្គូទែរស៍ លើកឡើងថា ពិតជាមានការ រំលោភសិទ្ធិមនុស្សនិងការបំពានច្បាប់មនុស្សធម៌អន្តរជាតិជាប់ជាប្រចាំ អំឡុងសង្គ្រាមនៅអ៊ុយក្រែននេះ។
ក្រោយកងទ័ពអ៊ុយក្រែនរំដោះបានមកវិញនូវក្រុងអ៊ីស្សយូមពីដៃកងទ័ពរុស្ស៊ី អ៊ុយក្រែនកាលពីថ្ងៃទី១៥ ខែកញ្ញា បានប្រកាសពីការប្រទះ ឃើញសាកសពយ៉ាងហោច៤៥០ ដែលកប់ចោលនៅក្នុងព្រៃក្បែរ ក្រុងអ៊ីហ្សយូម។ ចំពោះលោកហ្គូទែរស៍ ផ្នូរសាកសពជាច្រើនរយនាក់ នៅក្រុងអ៊ីហ្សយូមនេះ គឺជាសក្ខីកម្មបញ្ជាក់ពីអំពើសាហាវព្រៃផ្សៃ ដែលមិនគួរកប់ទុក និងអោបដៃឈរមើល។
លោកហ្គូទែរស៍បញ្ជាក់ថា ក្រុមបុគ្គលិកនៃឧត្តមស្នងការ សហប្រជា ជាតិ ទទួលបន្ទុកជនភៀសខ្លួន នឹងធ្វើដំណើរទៅកាន់ទីកន្លែងផ្ទាល់ ដើម្បីស្វែងយល់និងធ្វើការសិក្សាលើរឿងរ៉ាវមួយនេះ។ ការសិក្សានោះ ត្រូវបានចាត់ទុកថាជារឿងចាំបាច់បន្ទាន់បំផុត ដែលត្រូវពិនិត្យថា តើសាកសពណាខ្លះជាប្រជាជនស៊ីវិល សាកសពណាខ្លះជាទាហាន និងថាតើពួកគេបានស្លាប់ដោយសារមូលហេតុអ្វីខ្លះ ដោយការ ប្រយុទ្ធគ្នា ដោយការបាញ់សម្លាប់ចោល ឬ ដោយមូលហេតុធម្មជាតិ គ្មានស្បៀងអាហារថ្នាំសង្កូវជាដើម។ ព័ត៌មានទាំងអស់នេះចាំបាច់ណាស់ ដើម្បីចងក្រងជាសំណុំឯកសារ ឈានទៅស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះទៅថ្ងៃអនាគត។
លើសពីនេះ លោក អង់តូនីញ៉ូ ហ្គូទែរស៍ ចង់ឃើញសំណុំរឿងនេះ ឡើងដល់ដៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីធ្វើការស៊ើបអង្កេតឱ្យ បានពិតប្រាកដនិងស៊ីជម្រៅ ដើម្បីវែកមុខអ្នកទទួលខុសត្រូវ។ លោកបញ្ជាក់ថា ជនដៃដល់នឹងត្រូវទទួលទោស។ ទន្ទឹមគ្នាដែរ លោក អង់តូនីញ៉ូ ហ្គូទែរស៍ មើលឃើញថា ទស្សនវិស័យនៃការរៀបចំឱ្យមាន ឡើងវិញនូវកិច្ចចរចាស្វែងរកសន្តិភាពរវាងអ៊ុយក្រែននិងរុស្ស៊ី គឺនៅ ឆ្ងាយណាស់។
សូមជម្រាបថា ការរកឃើញរណ្តៅកប់សពក្រុងអ៊ីហ្សយូមនេះ គឺជា សោកនាដកម្មទី២ បន្ទាប់ពីការប្រទះឃើញរណ្តៅកប់សពរួមនិងសាក សពមនុស្សស្លាប់រាយប៉ាយនៅក្រុងប៊ូឆា ក្បែររដ្ឋធានីកៀវ កាលពី ខែមេសា កន្លងទៅ។ សហគមន៍អន្តរជាតិបានធ្វើការថ្កោលទោស និងបាននាំគ្នាចង្អុលដាក់រុស្ស៊ី និងទាមទារឲ្យរុស្ស៊ីទទួលខុស ត្រូវចំពោះ មុខច្បាប់ចំពោះរឿងនេះ៕
ដោយ៖បណ្តូល ពេជ្រ

ads banner