លោក ចូ បៃដិន អះអាងថា សហរដ្ឋអាមេរិកនឹងការពារតៃវ៉ាន់ ប្រឆាំងនឹងការឈ្លានពានរបស់ចិន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងអះអាងជាថ្មីថា កងកម្លាំងអាមេរិកនឹងចេញមុខការពារកោះតៃវ៉ាន់ ប្រសិនបើចិនព្យាយាមលុកលុយលើកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ ហើយនៅបានបង្ហាញពីការគាំទ្រផ្លូវការរបស់សហរដ្ឋអាមេរិកចំ ពោះលទ្ធិប្រជាធិបតេយ្យរបស់កោះនេះផងដែរ។

លោក បៃដិន បានឆ្លើយថា “បាទ” “Yes” នៅពេលដែលត្រូវបានសួរក្នុងអំឡុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ក្នុងកម្មវិធី “60 Minutes” របស់ទូរទស្សន៍ CBS News ថាតើកងកម្លាំងទាំងប្រុស ទាំងស្រី របស់សហរដ្ឋអាមេរិក នឹងការពារកោះតៃវ៉ាន់ដែរឬទេ? ក្នុងករណីមានការឈ្លានពានរបស់ចិន។

ក្រសួងការបរទេសតៃវ៉ាន់ នៅថ្ងៃចន្ទទី១៩ ខែកញ្ញានេះ បានសម្តែងការដឹងគុណដោយស្មោះចំពោះលោក បៃដិន សម្រាប់ការបញ្ជាក់ពីការសន្យាដ៏រឹងមាំរបស់រដ្ឋាភិបាលអាមេរិកចំពោះការរក្សាសន្តិសុខតៃវ៉ាន់។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួង តៃវ៉ាន់នឹងទប់ទល់នឹងការពង្រីកអំណាចផ្តាច់ការ និងការឈ្លានពាន ក៏ដូចជាធ្វើឱ្យស៊ីជម្រៅភាពជាដៃគូសន្តិសុខជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងរដ្ឋាភិបាលផ្សេងទៀត ជាមួយនឹងការគិតស្រដៀងគ្នា ដើម្បីការពារស្ថិរភាពក្នុងតំបន់។

សូមរម្លឹកផងដែរថា ភាពតានតឹងកំពុងកើនឡើងខ្លាំង បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល នៃប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងការបំភិតបំភ័យកោះតៃវ៉ាន់ ដោយការបាញ់មីស៊ីលចូលទៅក្នុងសមុទ្រក្បែរនោះ និងការហោះហើរដោយយន្តហោះចម្បាំងនៅក្បែរនោះ ក្រោយមានដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ ដោយឥស្សរជននយោបាយ រួមទាំងប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ផងដែរ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner