មនុស្សស្លាប់ជិត៣០នាក់ នៅក្នុងគ្រោះថ្នាក់ក្រឡាប់ឡានក្រុងដឹក មនុស្សយកទៅធ្វើចត្តាឡីស័ក នៅប្រទេសចិន
ចិន៖នៅប្រទេសចិនរថយន្តក្រុងដែលមានដឹកមនុស្សចំនួន៤៧នាក់ ដើម្បីទៅធ្វើចត្តាឡីស័កស្របតាមវិធានការដ៏តឹងរ៉ឹងរបស់អាជ្ញាធរ បានក្រឡាប់នៅលើបណ្តោយផ្លូវល្បឿនលឿនហ្គ័ងចូវនៃភាគនិរតី នៅព្រឹកព្រហាមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។
បើតាមសេចក្តីប្រកាសរបស់អាជ្ញាធរ ឧបទ្ទវហេតុក្រឡាប់ឡាន ក្រុងនេះ បានផ្តាច់ជីវិតមនុស្សចំនួន ២៧នាក់ភ្លាមៗ។
ហេតុការណ៍ នេះ កើតឡើងនៅវេលាម៉ោង ២ៈ៤០ព្រឹក ឈានចូលថ្ងៃទី១៨ ខែកញ្ញា។ នេះគឺជាគ្រោះថ្នាក់ចរាចរណ៍ ដ៏ធំបំផុតប្រចាំនេះ នៅក្នុងប្រទេសចិន។
តាមការឲ្យដឹងពីអាជ្ញាធរក្នុងតំបន់ ឡានក្រុងនោះមានដឹកអ្នក ដំណើរចំនួន ៤៧នាក់ ធ្វើដំណើរចេញពីទីរួមខេត្តហ្គ័ងយ៉ាង ឆ្ពោះទៅកាន់ស្រុកលីដូ បានក្រឡាប់ផ្ងារនៅលើផ្លូវល្បឿនលឿន ខេត្តហ្គ័ងចូវ។
បើតាមអាជ្ញាធរ មានមនុស្ស២៧នាក់ស្លាប់នៅកន្លែងកើតហេតុ។ ចំណែក ជនរងគ្រោះ២០ផ្សេងទៀតដែលមានរបួសធ្ងន់ស្រាល ត្រូវបានជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្នុងហេតុការណ៍នេះ អាជ្ញាធរមិនបាននិយាយអ្វីដែលទាក់ទង ទៅ នឹងកូវីដ១៩ឡើយ ប៉ុន្តែសារព័ត៌មានស្រុកចិនវិញ អះអាងថា អ្នកដំណើរខេត្តហ្គ័ងយ៉ាងទាំងនោះបានជួបគ្រោះថ្នាក់ អំឡុងពេល ត្រូវបានគេដឹកយកទៅធ្វើចត្តាឡីស័កកូវីដ១៩។
គួរជ្រាបថា ខេត្តហ្គ័ងយ៉ាង មានពលរដ្ឋរស់នៅចំនួនប្រាំមួយ លាននាក់ និងត្រូវបានបិទខ្ទប់តាំងពីដើមខែកញ្ញាមក ដោយ សារកូវីដ ខណៈគោលនយោបាយកូវីដសូន្យដ៏តឹងតែងរបស់ចិន តម្រូវឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័ក។
ខេត្តហ្គ័ងយ៉ាង ត្រូវបានរាយការណ៍ពីករណីឆ្លងកូវីដថ្មីចំនួន ៩០០ករណី ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។
អ្នក ប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញការខឹងសម្បារ និងទាមទារការពន្យល់របស់អាជ្ញាធរពីមូលហេតុដែលឡានក្រុងដឹកអ្នកដំណើរមួយគ្រឿងនេះ អាចធ្វើដំណើរលើដងផ្លូវនៅព្រលឹម ស្រាងៗ នៅពេលដែលផ្លូវធំៗជាច្រើនក្នុងខេត្ត ត្រូវបាន បិទមិនឲ្យ ធ្វើចរាចរណ៍ធម្មតា។
សូមជម្រាបថា ព្រោះការរឹតបន្តឹងកូវីដ បញ្ជរគិតប្រាក់នៅតាម ផ្លូវនៅក្នុងខេត្តហ្គ័ងចូវ ចំនួន១០០ត្រូវបានបិទចោល ហើយ ការធ្វើដំណើរឆ្លងកាត់វិញ ត្រូវបានហាមឃាត់ ចាប់ពេលវេលា ម៉ោង២ទៀបភ្លឺ ដល់ម៉ោង៥ព្រឹក៕
ដោយ៖បណ្ដូល ពេជ្រ