ប្រធានសភាអាមេរិក កាន់ជើងប្រទេសអាមេនី ហើយថ្កោលទោស អាស៊ែបៃហ្សង់ ដែលបង្កការប្រយុទ្ធល្មើសនឹងបទឈប់បាញ់

អាមេរិក៖ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី នៅក្នុង ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាមេនីកាលពីចុងសប្ដាហ៍មុន បានចោទប្រកាន់ប្រទេសអាស៊ែបៃហ្សង់ ដែលបើកការវាយ ប្រហារ នៅតាមព្រំដែនជាប់នឹងប្រទេសអាមេនី។ជាទង្វើដែលលោកស្រី ចាត់ទុកថា ល្មើសទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់។ និងថា អាមេរិកថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារបង្ហូរឈាម ដែលបានសម្លាប់មនុស្សអស់ជាង២០០នាក់។

តាមរយៈដំណើរទស្សនកិច្ចកាលពីថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា លោកស្រី ប៉េឡូស៊ី បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានស្ដាប់ ព្រមទាំងពិចារណាយ៉ាងយកចិត្តទុកដាក់ ចំពោះតម្រូវការរបស់ អាមេនី ក្នុងបុព្វហេតុការពារជាតិរបស់ខ្លួន និងថា ទីក្រុង វ៉ាស៊ីនតោន ចង់គាំទ្រដល់ប្រទេសនេះនៅក្នុងការតស៊ូប្រឈមមុខដាក់គ្នារវាងរបបប្រជាធិបតេយ្យ និងរបបអត្តាធិបតេយ្យ។

ឆ្លើយតបនឹងលោកស្រីប្រធានសភាអាមេរិក ប្រទេសអាស៊ែបៃហ្សង់ បាន ច្រាន ចោលទាំងស្រុងនូវការចោទប្រកាន់របស់អាមេរិក ដោយ ចាត់ទុកថា វាគឺជាការវាយតម្លៃដែលគ្មានភាពច្បាស់លាស់ និង អយុត្តិធម៌។ មិនត្រឹមតែប៉ុណ្ណោះ ការថ្កោលទោសពីសំណាក់សហរដ្ឋ អាមេរិក នាពេលនេះ បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិត ខំប្រឹង ប្រែងរក្សាសន្តិភាពរវាងប្រទេសទាំងពីរ គឺអាមេនី និង អាស៊ែបៃហ្សង់ ។ នេះបើតាមសម្រង់សម្ដីនៃអ្នកនាំពាក្យក្រសួងការបរទេសអាស៊ែបៃហ្សង់។
ចំណែករដ្ឋមន្ដ្រីការបរទេសអាមេរិក គឺ លោក Antony Blinken នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា បានហៅទូរស័ព្ទដោយត្រង់ទៅកាន់ ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev ដោយអំពាវនាវ ឲ្យរក្សានិងគោរពបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាជាមួយប្រទេសអាមេនី នាពេលកន្លងមក។ បន្ថែមពីលើនេះ ប្រមុខការទូត អាមេរិកបានប្រាប់ប្រមុខដឹកនាំអាស៊ែបៃហ្សង់ឲ្យរំសាយកងកម្លាំងយោធានៅតំបន់ប្រឈម និងព្យាយាមដោះស្រាយបញ្ហា ទាំងអស់ ជាមួយអាមេនី តាមរយៈការចរចាដោយសន្តិវិធី។

សម្រាប់ជំនាញនយោបាយអន្ដរជាតិមួយចំនួន ការលូកដៃរបស់ អាមេរិកទៅក្នុងជម្លោះរវាងអាមេនី និងអាស៊ែបៃហ្សង់ ទំនងជា យុទ្ធសាស្ត្រ «ត្រីងៀតឆ្លៀតពង» ទាញយកសមានចិត្តពីអាមេនី។ ប៉ុន្តែលោក Farid Shafiyev នៃមជ្ឈមណ្ឌលវិភាគទំនាក់ទំនង អន្ដរជាតិ ចាត់ទុកដំណើរទស្សកិច្ចរបស់លោកស្រី ប៉េឡូស៊ី នៅ អាមេនី នាពេលនេះ ថាធ្វើឡើងដើម្បីទាក់ទាញការគាំទ្រ ពីសំណាក់ ពលរដ្ឋអាមេនីដែលរស់នៅសហរដ្ឋអាមេរិក សម្រាប់ការបោះឆ្នោត ពាក់កណ្ដាលអាណត្តិនាពេលខាងមុខឯណោះទេ។

លោក Farid Shafiyev៖ «មូលដ្ឋាននៃសំឡេងគាំទ្ររបស់ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ភាគច្រើនគឺនៅរដ្ឋកាលីហ្វ័រញ៉ា ដែល មានជនជាតិអាមេរិកដើមកំណើតអាមេនីរស់នៅច្រើន។ ដូច្នេះ ដំណើរ ទស្សនកិច្ចរបស់ប្រធានសភាអាមេរិករូបនេះ ទៅកាន់អាមេនី មិនមែនធ្វើឡើងក្នុងបំណងចង់ជួយដោះស្រាយជម្លោះរវាងអាមេនីនិងអាស៊ែបៃហ្សង់ទេតែធ្វើឡើងដើម្បីរបៀបវារៈនយោបាយក្នុងស្រុកខ្លួនឯង និងដើម្បីតែផលប្រយោជន៍ខ្លួនឯងសុទ្ធសាធ»។
ការប្រយុទ្ធរវាងអាស៊ែបៃហ្សង់និងអាមេនី ផ្ទុះឡើងកាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញា។ ជាការប៉ះទង្គិចបង្ហូរឈាមដ៏អាក្រក់ និងបាន បណ្ដាលឲ្យពលទាហានស្លាប់បាត់បង់ជីវិតអស់ជាង២០០រយនាក់។ ភាគីទាំងពីរបានសាចទឹកដាក់គ្នាទៅវិញទៅមក ថាជាអ្នកចាប់ផ្ដើម បង្កហេតុ នាំដល់ការវាយប្រហារជាប់ៗគ្នារហូតដល់មាន បទឈប់ បាញ់ មួយកាលពីថ្ងៃពុធ ទី១៤ ខែកញ្ញា។

ជម្លោះរវាងអតីតប្រទេសសូវៀតទាំងពីរ នៅតែដោះស្រាយមិនដាច់ ស្រេចសោះ ជម្លោះដណ្ដើមតំបន់ Nagorno-Karabakh ដែលផ្ទុះ ឡើងដំបូងនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ នៅពេលដែលភាគីទាំង២ ស្ថិត នៅក្រោមការគ្រប់គ្រងរបស់សូវៀត ហើយកងកម្លាំងអាមេនី ដណ្តើមយកទឹកដីជាច្រើននៅជិតតំបន់ Nagorno-Karabakh។
នៅឆ្នាំ២០២០ អាស៊ែបៃហ្សង់ បានប្រយុទ្ធដណ្តើមទឹកដី ទាំងនោះ មក វិញ។ ជាការប្រយុទ្ធដែលមានរយៈពេលត្រឹមតែប្រាំមួយសប្ដាហ៍ប៉ុណ្ណោះ តែបានសម្លាប់មនុស្សអស់ ៦ ៥០០នាក់។ ការប្រយុទ្ធនេះ បញ្ចប់ បានតាមរយៈការសម្របសម្រួលរបស់រុស្សី ដោយបានបង្កើត បទឈប់បាញ់មួយ ហើយរុស្សីដែលជាអ្នកដើរតួសម្របសម្រួល បានដាក់ពង្រាយកងទ័ពរបស់ខ្លួនចំនួនជាងពីរពាន់នាក់ ដើម្បី រក្សាសន្តិភាពនៅទីនោះ៕
ដោយ៖កែវ កិរិយា

ads banner