លោកសាស្រ្តាចារ្យ សំបូរ ម៉ាណារ៉ា៖ ពាក្យ «កាច» មិនត្រូវប្រើ ជាមួយគ្រូឬឪពុកម្ដាយឡើយ
ភ្នំពេញ៖សាស្រ្តាចារ្យប្រវត្តិសាស្រ្ត លោក សំបូរ ម៉ាណារ៉ា បានចូល ខ្លួនពន្យល់ថា គ្រូកាចព្រោះសិស្សខុុស មិនមែនគ្រូកាចទើបសិស្ស ខូចទេ។ បើតាមលោកសាស្រ្តចារ្យ «កាច» មិនត្រូវប្រើជាមួយគ្រូឬ ឪពុកម្ដាយឡើយ។
នៅក្នុងន័យនេះ លោកសាស្រ្តាចារ្យចង់បណ្ដុះទម្លាប់យុវជន រៀន មើលកំហុសខ្លួនឯងជាមុន មុននឹងទម្លាក់កំហុសដាក់អ្នកដទៃ ដោយ ប្រឹងដោះស្រាយ កុំដោះសារ។
លោក សំបូរ ម៉ាណារ៉ា៖ «ព្រោះខ្ញុំជាមនុស្សដែលមាន វិន័យតឹងរ៉ឹង បំផុត គ្មាននរណាអាចកំចាត់វិន័យដែលខ្ញុំបានកំណត់ឱ្យ សិស្សពីតឹង ទៅធូរបានទេ។ ហេតុអ្វី? ពាក្យក្រឹត្យក្រមនៃវិន័យនេះហើយ ដែល គេ (សិស្ស) ស្រែកថា លោកគ្រូកាច។ តាមពិត គេមិនបានយល់ ពាក្យ [កាច] រហូតថា ឪពុកម្ដាយគាត់ (សិស្ស) កាចទៀត»។
លោកបានពន្យល់បន្ថែមទៀតថា៖ «កាចហ្នឹងក៏ពួកគេក៏ប្រើជាមួយ សត្វឆ្កែដែរ ដូចគេហៅឆ្កែកាច។ ឆ្កែព្រុះយើង វាមិនដឹងថា យើងជា នរណាទេ។ ប៉ុន្តែឪពុកម្ដាយស្ដីថា ប្រៀនប្រដៅយើង យើងថា គាត់ កាចដែរ?។ វាដូចជាមិនសមទេ ព្រោះគាត់គិតពីយើង ដើម្បីយើង។ នេះជាអ្វីដែលខ្ញុំចង់និយាយ»។
៤៥ឆ្នាំនៅក្នុងវិថីអប់រំ លោកសាស្រ្តាចារ្យ សំបូរ មាណរ៉ា ប្រកាន់ខ្ជាប់ វិន័យ ម៉ឺងម៉ាត់ ម៉ត់ចត់ កំប្លែង កាច។ តែពាក្យថា កាច លោក មិនយល់ ស្របឲ្យប្រើជាមួយលោកគ្រូអ្នកគ្រូ ឬឪពុកម្ដាយឡើយ៖ «ធ្វើម៉េចដើម្បីកុំឲ្យសិស្សគិតថា យើងកាច? យើងមានតែខិតខំ ប្រាប់គេថា ខ្ញុំមានបំណងល្អសម្រាប់អ្នក និងផ្ដល់ផលឲ្យគេទាន់ ពេល វេលា តាមរយៈការបង្រៀនឲ្យចំទិសដៅ ផ្ដល់ឲ្យគេនៅ ផលដែលគេយកទៅប្រើការកើត។ តែផ្ទុយមកវិញ នៅពេលដែល បង្រៀនគេហើយ គេទទួលផលពីយើងអត់បាន យើងស្ដីឲ្យគេ គេនឹងគិតថា យើងកាច។ ប៉ុន្តែគេ (សិស្ស) នៅតែខុសដដែល ព្រោះបំណងយើងចង់ឲ្យគេចេះ ទោះបីជាគេរៀនមិនចេះក៏យើង នៅតែប្រឹងរុញ។ អ៊ីចឹងវិន័យរបស់យើងដាក់ចេញ គេបែរជាគិតថា យើងកាចជានិច្ច»។
ជាមួយនឹងភាពប៉ិនប្រសព្វក្នុងការលើកដាក់សំឡេង និងអន្ទង ចិត្តមនុស្សឲ្យផ្ចង់ស្ដាប់ លោកសាស្រ្តាចារ្យគូសបញ្ជាក់ នៅចំពោះ មុខនិស្សិត និងអ្នកយកព័ត៌មានទៀតថា៖ «ពាក្យកាចប្រើយូរមក ហើយ ដែលគេតែងថា គ្រូកាចសិស្សខូច…ចុះសព្វថ្ងៃនេះ យើង មិនគិត ទេថា គ្រប់គ្នាហ្នឹងជាសុទ្ធជា “សមិទ្ធផល” របស់អ្នកកាច មិនអ៊ីចឹង? ឥលូវសារភាពជាមួយគ្នាមកថា មួយជីវិតនេះដែលជួប លោកគ្រូកាចទេ? ឪពុកម្ដាយកាចទេ?។ សរុបមក ខ្ញុំអត់គាំទ្រពាក្យ កាចប្រើទៅកាន់គ្រូ ឬឪពុកម្ដាយទេ»។
លោកមើលឃើញថា សិស្សចង់ការពារខ្លួនឯង ដោយលុបពាក្យ «ព្រោះ» ចេញពីពាក្យស្លោកចាស់ពីដើម គឺ «គ្រូកាចព្រោះសិស្ស ខូច»។ ឥឡូវគេនិយមនិយាយថា «គ្រូកាចសិស្សខូច» ដើម្បីចង់ បង្ហាញថា ដោយសារតែគ្រូកាចទើបសិស្សខូច ខុសពីន័យដើម ដែលមានខ្លឹមសារផ្ទុយមកវិញថា គឺដោយសារតែសិស្សខូចទើប គ្រូកាចដាក់។
បន្ទាប់ពីប្រាប់មូលហេតុនៅពីក្រោយភាពកាច លោកសាស្ត្រាចារ្យ សំបូរ មាណារ៉ា ដែលសំបូរវោហារស័ព្ទចាក់ចំបញ្ហាសង្កត់ធ្ងន់ថា៖ «ក្រៅពីថា គ្រូកាច យើងជាសិស្សមានមើលឃើញកំហុស ខ្លួនឯង វិញទេ? យើងអត់គិតថា យើងខុសសោះ។ ពេលចោរលួច យើង បន្ទោសចោរថា ហ្អែងជាអ្នកលួច។ ហ្អែងអីក៏អាក្រក់ម្ល៉េះ? ប៉ុន្តែ អត់ដែលជេរ ខ្លួនឯងដែលធ្វេសប្រហែសទុកឲ្យចោរលួចទេ ហើយ បាត់ទឹកដីតាំងពីសត្សវត្សទី១៥ គិតតែភ័យ សូម្បីតែភាសាក៏ភ័យដែរ តែអត់ដែលគិតថា ព្រំដែនខ្មែរនៅកន្លែងណាខ្លះ… តើគួរស្គាល់ជាតិ នៅកន្លែងណា? ដែលនាំកូនទៅមើលសារមន្ទីរជាតិដើម្បី ស្គាល់ពី វប្បធម៌ ជាតិទេ? ចម្លើយគឺអត់ទេ។
គិតតែនាំគ្នាភ័យព្រួយខ្លាចរហូតដល់ឆាប់ជឿ ឆាប់បាក់ស្បាត។ នេះជាជំងឺមួយដែលខ្មែរយើងត្រូវដោះស្រាយ។»
តាមរយៈ បទពិសោធន៍៤៥ឆ្នាំនៃការបង្រៀន លោកសាស្ត្រាចារ្យ សង្កេតឃើញថា លទ្ធផលនៃវិន័យតឹងរ៉ឹងដែលគេយល់កាចនោះ គឺសិស្សរបស់លោកក្លាយជាមនុស្សមានវិន័យ និងក្រឹត្យក្រម៖ «យើងត្រូវខន្តីដើម្បីរកគំនិតដោះស្រាយបញ្ហា កុំគិតតែពីរឿង ដោះសារ ហើយកុំមើលបំណាំ កុំដាំបំណុល។
បើយើងនៅតែមើលបំណាំដាំបំណុល យើងបង្កើតរឿងរ៉ាវនៃ ជីវិតឥតឈប់ឥតឈរ តែបើយើងខំប្រឹងដោះស្រាយកុំដោះសារ យើងកុំឲ្យកំហុសទៅអ្នកណាច្រើន កំហុសលើខ្លួនឯងសិន នោះយើងនឹងទៅមុខជានិច្ច។ ចំណែកសិស្សខ្ញុំ ខ្ញុំគិតថា គេទទួល បានព្រោះមួយចំនួនបានធ្វើកិច្ចការនៅក្នុងសង្គម បានធ្វើកិច្ចការនៅ ក្នុងរដ្ឋ ជារដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី ជាបណ្ឌិតជាដើម»។
លោកសាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា ចង់ឃើញយុវជនកម្ពុជាដែល ជាសសេរទ្រូងប្រទេសជាតិ ត្រូវធ្វើខ្លួនឲ្យគេកោត កុំធ្វើខ្លួនឲ្យគេ អាណិត៖ «កុំធ្វើគំរូយំឲ្យគេអាណិត ត្រូវតាំងចិត្តឲ្យគេកោត។ ខំកសាងប្រវត្តិល្អដើម្បីលម្អផ្លូវជីវិត តែយើងរាល់ថ្ងៃអត់គិត ខំធ្វើ បែបនេះទេ…បែរជាមួម៉ៅ ខឹង ឲ្យតែគេនិយាយប៉ះទស្សនៈខ្លួន ខឹងគេ ជេរគេ សូម្បីតែខ្ញុំក៏ត្រូវបានគេជេរ ប្រមាថដែរ តែខ្ញុំអត់ ដែលឈឺក្បាលទេ។ ខ្ញុំគិតថា ប្រហែលជាគេខ្វះការយល់ ដឹង ណាមួយ ហើយយើងនៅមានកម្រិតក្នុងការពន្យល់គេ»។
ត្រឡប់ទៅជីវិតកាលពី៦០ឆ្នាំមុន កុមារា ម៉ាណារ៉ា ប្រាប់ថា លោក ធំធាត់ដឹងក្ដីជាមួយនឹងពាក្យទូន្មានប្រៀនប្រដៅរបស់ឪពុកនិងព្រឹត្តការណ៍ប្រវត្តិសាស្ត្រឈឺចាប់ជាច្រើន តួយ៉ាងសង្គ្រាមស៊ីវិលខ្មែរ ក្រហម៖ «ខ្ញុំធ្លាប់ឈឺចាប់ជាមួយនឹងព្រឹត្តការណ៍ជាច្រើន ដែលធ្លាក់ មកលើគ្រួសារខ្ញុំ សង្គមខ្ញុំ ខ្ញុំបានរៀនសូត្រច្រើនណាស់ពីឪពុកខ្ញុំ។ ឪពុកខ្ញុំប្រាប់ថា កូន» វិបត្តិនៃប្រទេសយើងបែបនេះ? រឿងកើតឡើង បែបកុម្មុយនីស្តបែបនោះ? លោកបានរៀនសូត្រ លោកបានផ្ទេរមក ឲ្យខ្ញុំ ដោយសារខ្ញុំចង់ដឹងពីប្រវត្តិពិតប្រាកដបែបម៉េច? ក៏ខ្ញុំបង្រៀន និងរៀនមុខវិជ្ជាប្រវត្តិសាស្ត្រនោះទៅ»។
សម្រាប់អ្នកជំនាញប្រវត្តិសាស្ត្ររូបនេះ លោកមានកង្វល់តាមពាក្យ សម្ដី និងព្រួយបារម្ភតាមរយៈទឹកមុខ នៅពេលដែលយុវជនមិនសូវ ចាប់អារម្មណ៍ពីប្រវត្តិសាស្ត្រ និងមិនរៀនសូត្រពីភាពឈឺចាប់នៃ ប្រវត្តិសាស្រ្ត និងភាពរុងរឿងនៃប្រវត្តិសាស្រ្ត៖ «ហេតុអ្វីបានជា ខ្មែរក្រហម សម្លាប់ឪពុកខ្ញុំ? ហេតុអ្វីបានធ្វើបាបឪពុកម្ដាយខ្ញុំអ៊ីចឹង? ហេតុអ្វីបានគេធ្វើមនុស្សខ្មែរទូទៅអ៊ីចឹង?។ នេះជាហេតុចម្បងដែល ខ្ញុំចង់ដឹង និងធ្វើឲ្យខ្ញុំគិតថា តើដើមចមដំបូង អ្នកណានាំឲ្យមាន គំនិត ហ្នឹង? អវិជ្ជានៃមនុស្ស? ពុទ្ធសាសនា ឬសាសនា? អព្ភូតហេតុនៃអ្នកបន្តវេនរៀនតៗគ្នាដើម្បីធ្វើជាមនុស្សព្រៃផ្សៃ កោងកាចបែបហ្នឹង?»។
ផ្អែកតាមបង្រៀននិងការចែករំលែក មក កាន់ប្រព័ន្ធផ្សព្វផ្សាយ សាស្រ្តាចារ្យរូបនេះ តែងតែលើកយកភាពរុងរឿងនៃសម័យកាល អង្គរមកធ្វើបទបង្ហាញ៖ «នៅពេលដែលខ្ញុំរៀនបានដឹង ខ្ញុំស្ងប់ អារម្មណ៍ច្រើនណាស់នៅពេលដឹងថា ខ្មែរយើងមានបញ្ហាអី ព្រោះយើងបានបាត់បង់ស្មារតីស្នេហាជាតិតាំងពីក្រោយសម័យកាលអង្គរសត្សវត្សទី១៥មក។ ហើយក៏ចាប់ផ្ដើមឈប់គិត យើងឲ្យគេគិត ដើម្បីយកគំនិតរបស់គេមកគូរ។ បន្ទាប់ពីនោះមក យើងឈប់ទាំង គូរដោយខ្លួនឯងទៅទៀត គឺឲ្យគេគិតនិងគូរជំនួស ហើយយើងចាំ យក តែគំនូសស្រាប់។»
មានសម្បុរស្រអែម សក់រួញទឹករលក មិនត្រឹមតែក្នុងប្រទេសទេ លោកសាស្ត្រាចារ្យបានស្ពាយចំណេះដឹងរបស់ខ្លួនបាចសាចនៅក្រៅប្រទេស ដែលគិតមកទល់ពេលនេះ មានចំនួន១៦ប្រទេសហើយ។ ដ្បិតតែរូបរាងកាយប្រែប្រួលតាមពេលវេលា ពីក្មេងទៅជាចាស់ តាមច្បាប់ធម្មជាតិយ៉ាងក្ដី លោកសាស្រ្តាចារ្យ សំបូរ មាណារ៉ា នៅតែមានថាមពលតាមរយៈពាក្យសម្ដីលះៗ មុតៗ ចុចចំចំណុច រមាស់របស់យុវជននិងសង្គម។
ចូលដល់វ័យនេះ លោកថា៖ «អ្វីដែលខ្ញុំត្រូវការពេលនេះ គឺសុខភាព។ កាលណាខ្ញុំមានសុខភាពល្អ ខ្ញុំនិយាយប្រាប់សិស្សខ្ញុំបន្ត ទោះបីគេ នៅ តែចាត់ទុកខ្ញុំថាជាគ្រូដ៏កាចម្នាក់ដោយ»៕
ដោយ៖អេង រាជនី
