លោកបៃដិន៖អាមេរិកនឹងចូលជួយការពារតៃវ៉ាន់ ក្នុងករណីមានការ វាយប្រហារពីចិន
អាមេរិក៖ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងជាថ្មី ទៀត ថា សហរដ្ឋអាមេរិក នឹងលើកទ័ពទៅជួយការពារកោះតៃវ៉ាន់ ក្នុងករណីមានការចូលឈ្លានពានពីសំណាក់ប្រទេសចិន។ ការ បញ្ជាក់ច្បាស់ៗរបស់លោក បៃដិន បែបនេះ ប្រាកដជានឹងធ្វើឲ្យ ទីក្រុងប៉េកាំងខឹងសម្បារជាខ្លាំង។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CBS លោក បៃដិន បានឆ្លើយថា «បាទ» នៅពេលដែលត្រូវបានគេសួរថាតើ កងកម្លាំង អាមេរិក នឹងជួយការពារកោះតៃវ៉ាន់ដែរឬទេ?
បទសម្ភាសន៍ខាងលើ ត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ម្សិលមិល។ ចម្លើយរបស់លោកប្រធានាធិបតី ចូ បៃដិន គូសបញ្ជាក់ឡើងវិញជាថ្មីថា គោលនយោបាយរបស់សហរដ្ឋអាមេរិក មិនបានផ្លាស់ប្តូរឡើយពាក់ព័ន្ធកោះតៃវ៉ាន់។
គួរបញ្ជាក់ថា កន្លងមក គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន តែងតែមានភាពមិនច្បាស់លាស់ជុំវិញសំណុំរឿងតៃវ៉ាន់។ អាមេរិក មិនបានប្តេជ្ញាការពារតៃវ៉ាន់ទេ ហើយក៏មិនបានបដិសេធ ជម្រើសនេះ ដែរ។
ប៉ុន្តែនៅពេលនេះ លោកបៃដិន បញ្ជាក់ច្បាស់ៗថា អាមេរិកនឹងលើក ទ័ពទៅជួយតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិន។ លោក ប្រធានាធិបតីអាមេរិក ធ្លាប់បានធ្វើការអត្ថាធិប្បាយស្រដៀង គ្នានេះ ដែរកាលពីខែឧសភាឆ្នាំនេះ និងកាលពីខែតុលា ឆ្នាំ២០២១ ដោយ បានប្តេជ្ញាថានឹងធ្វើអន្តរាគមន៍ផ្នែកយោធាដើម្បីការពារតៃវ៉ាន់ ប្រសិន បើ តៃវ៉ាន់រងការវាយប្រហារ។
ការបញ្ជាក់ជាថ្មីនិងជាលើកទី៣របស់លោក បៃដិន ថានឹងលើកទ័ព ទៅជួយតៃវ៉ាន់ ប្រាកដជានឹងធ្វើឲ្យទីក្រុងប៉េកាំងខឹងក្តៅ ស្លឹកត្រចៀក ខ្លាំងជាមិនខាន។ យ៉ាងណាក៏ដោយ មកទល់ពេលនេះ គេនៅមិន ទាន់ ទទួលបានការឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការ អត្ថាធិប្បាយ ពីស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោននោះទេ។
ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយលោក ចូ បៃដិន កាលពីខែកក្កដា បុរសខ្លាំងចិនលោក ស៊ី ជីនពីង បានព្រមានកុំឲ្យប្រឡែងលេង ជាមួយភ្លើង ទាក់ទិនសំណុំរឿងកោះតៃវ៉ាន់ ដោយសង្កត់ធ្ងន់ថា «អ្នកណាដែលលេងប្រឡែងជាមួយភ្លើង នឹងវិនាសដោយសារវា»៕
ដោយ៖លី លីយ៉ា
ប្រភពព័ត៌មាន៖ Biden again says US would defend Taiwan if China attacks