សម្តេចក្រឡាហោម ជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធរួមកម្លាំង សាមគ្គីគ្នាថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
ភ្នំពេញ៖ ប្រមុខក្រសួងមហាផ្ទៃសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាន ជំរុញឱ្យសមត្ថកិច្ច ពាក់ព័ន្ធ រួមគ្នាប្រឆាំងការជួញដូរមនុស្សឱ្យខ្លាំងក្លាថែមទៀត ដើម្បីវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។
នេះបើតាមប្រសាសន៍របស់សម្តេចក្រឡាហោម ក្នុងពេលដឹកនាំ កិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការ ក្រសួង មហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
សម្តេចក្រឡាហោម ស ខេង បាន មានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជាបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។សម្តេចបាន ជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធសហការ គ្នានិងមានការឯកភាពគ្នា ក្នុងស្មារតីសាមគ្គីភាពខ្ពស់ក្នុងប្រតិបត្តិការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ។
សម្តេចបញ្ជាក់ថា ៖ «គ្រប់គ្នាត្រូវយល់ឱ្យបានត្រឹមត្រូវថា អំពើជួញដូរ មនុស្ស និងល្បែងអនឡាញខុសច្បាប់នេះជាអំពើល្មើសច្បាប់ បម្រើផលប្រយោជន៍តែបុគ្គល ឬក្រុមមនុស្សមួយចំនួនតូចប៉ុណ្ណោះ ពុំមែនបម្រើផលប្រយោជន៍សាធារណៈ ឬផលបរយោជន៍ ប្រជាជន ទូទៅឡើយ»។
សម្តេចឧបនាយករដ្ឋមន្ត្រីបាន ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ យក ចិត្តទុកដាក់សម្រេចគោលដៅអាទិភាពបួន រួមមាន៖ ទី១. សង្គ្រោះ ជនរងគ្រោះឱ្យបានទាន់ពេលវេលា , ទី២. ខិតខំស្រាវជ្រាវ មេខ្លោង និង អ្នកពាក់ព័ន្ធមកផ្ដន្ទាទោសឱ្យបានម៉ឺងម៉ាត់និងដោយ គ្មានការ លើកលែង, ទី៣.ត្រួតពិនិត្យប្រមូលភស្តុតាងដើម្បីបិទទីតាំង ប្រព្រឹត្ត បទល្មើស និងទីតាំងខុសច្បាប់និង ទី៤ត្រូវពន្លាតការស្រាវជ្រាវ បន្ថែម ទៀត ដើម្បីរកបទល្មើសសម្អាតប្រាក់ និងបទល្មើសផ្សេងៗ។
នាយករងអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានថ្លែងថា លោកស្វាគមន៍ចំពោះប្រតិបត្តិការរបស់អាជ្ញាធរក្នុង ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនាពេលថ្មីៗនេះ។ ប៉ុន្តែលោក ក៏ស្នើដែរឱ្យការអនុវត្តន៍ការងារនេះធ្វើឡើងប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវខ្ពស់។
លោក អំ សំអាត៖«កំណើននៃករណីជួញដូរមនុស្សនៅកម្ពុជា ទី១គឺបណ្ដាលមកពីការអនុវត្តច្បាប់ធូររលុង, ទី២បញ្ហាអំពើពុករលួយជាដើម។ ខ្ញុំគិតថាកម្ពុជាត្រូវពង្រឹងបន្ថែមទៀតលើការអនុវត្តច្បាប់ស្រាវជ្រាវរកជនល្មើសឱ្យបានទាន់ពេលវេលា ពិសេសវែកមុខអ្នកពាក់ព័ន្ធមក ផ្តន្ទាទោសតាម ច្បាប់ »។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចឆ្លើយតបលើ ពាក្យបណ្ដឹងនានាប្រកបដោយប្រសិទ្ធិភាព។
លោក ស៊ឹង សែនករុណា៖ «ខ្ញុំគិតថាអាជ្ញាធរពិសេសប៉ូលីសគាត់ជាអ្នកទទួលពាក្យបណ្ដឹងលើរឿងជួញដូរមនុស្សនេះ ដូច្នេះនៅពេលទទួលបានពាក្យបណ្ដឹង ទោះ ជាតាមមធ្យោបាយណាក៏ដោយពួកគាត់គួរតែដាក់អាទិភាពអន្តរាគមន៍លើបណ្ដឹងទាំងនោះដោយទាន់ពេលវេលានិងទទួលខុសត្រូវខ្ពស់ជាងរយៈពេលកន្លងទៅ»។
របាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានទទួល បណ្ដឹងសរុបចំនួន២៨៩ករណី ពាក្យបណ្ដឹងនោះប្ដឹងពីសាម៉ីជន សាច់ញាតិ ស្ថានទូត និងអង្គការអន្តរជាតិមួយចំនួន៕ ដោយ៖ វណ្ណ ស័ក្តិ