ក្រុមហ៊ុន ប៊ូអ៊ីង រកម៉ូយថ្មី ក្រោយនិយ័តករអាកាសចរណ៍ចិន មិនអនុម័តឲ្យក្រុមហ៊ុនចិនបើកយន្តហោះប៊ូអ៊ីង 737 Max
ចិន៖ ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង ( Boeing ) នឹងស្វែងរកអ្នក ទិញថ្មី សម្រាប់យន្តហោះ Boeing 737 Max មួយចំនួនដែលត្រូវ បានផលិតរួចសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ចិន។ ជាយន្តហោះដែលមិនអាចបញ្ជូនទៅកាន់ប្រទេសចិនបាន ដោយសារតែ និយ័តករ អាកាសចរណ៍ចិន មិនបើកឱ្យយន្តហោះប្រភេទនេះហោះហើរ បន្ទាប់ពីមាន ករណីធ្លាក់យន្តហោះប្រភេទនេះចំនួនពីរលើក។ នេះបើតាមមន្ត្រីក្រុមហ៊ុន Boeing កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញាឆ្នាំ២០២២។
ក្រុមហ៊ុន Boeing សង្ឃឹមថាចំណាត់ការថ្មីរបស់ខ្លួននាពេលនេះ អាចជួយកាត់បន្ថយចំនួនយន្តហោះ Boeing 737 Maxដែលកំពុង មាននៅក្នុងស្តុកខណៈពេលដែលយន្តហោះនេះត្រូវបាននិយ័តករជុំវិញពិភពលោកមិនអនុញ្ញាតឱ្យមានការហោះហើរ ដោយសារតែប្រវត្តិ នៃគ្រោះថ្នាក់ធ្លាក់យន្តហោះប្រភេទនេះនាពេលកន្លងមក។
នៅឯមូលដ្ឋានក្រុមហ៊ុនក្នុងក្រុង Arlington រដ្ឋវើជីនារ សហរដ្ឋ អាមេរិក មានយន្តហោះប្រភេទ 737 Maxស្តុកទុក ក្នុងឃ្លាំង ប្រមាណ២៩០គ្រឿង ដែលមិនទាន់បានចែកចាយនៅឡើយ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា។ក្នុងចំណោម យន្តហោះក្នុងឃ្លាំងនេះ មានសឹងពាក់កណ្តាលជារបស់អ្នកបញ្ជាទិញពីប្រទេសចិន។
នេះបើតាមមន្ត្រីក្រុមហ៊ុន Boeing ដោយមិនបានបង្ហាញថាចំនួន យន្តហោះប៉ុន្មានគ្រឿងដែលអាចនឹងត្រូវលក់បន្ត ទៅអ្នកទិញថ្មីនោះ ទេ។
គួររំឭកថា បន្ទាប់ពីយន្តហោះ Boeing737Maxជួបគ្រោះថ្នាក់ធ្លាក់ ជាបន្តបន្ទាប់ការបញ្ជាទិញយន្តហោះប្រភេទនេះ ត្រូវថយចុះយ៉ាង គំហុក។ប៉ុន្តែក្ដីសង្ឃឹមរបស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក បាន កើតមានឡើងជាថ្មីកាលពីខែធ្នូ ឆ្នាំ២០២១ដែលនៅពេលនោះ និយ័តករអាកាសចរណ៍ចិនរៀបចំនីតិវិធីឈានទៅបើកផ្លូវអនុញ្ញាតឲ្យយន្តហោះប្រភេទនេះហោះហើរឡើងវិញ។ ប៉ុន្តែក្រោយពីការ ហោះហើរសាកល្បងនៃយន្តហោះ 737 Max កាលពីខែកុម្ភៈ រហូតមកដល់ពេលនេះអាជ្ញាធរជំនាញរបស់ចិនមិនបានចេញសេចក្តីសម្រេចជាផ្លូវការណាមួយអនុញ្ញាតឱ្យមានការហោះហើរ ឬបញ្ជូនយន្តហោះប្រភេទនេះ ទៅប្រទេសចិននោះទេ។
ក្រុមហ៊ុន Boeing បានលើកឡើងថា នេះក៏ដោយសារតែបញ្ហា នៃការបិទខ្ទប់កូវីដ១៩នៅចិន។
លោក Brian West ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Boeing បានលើកឡើងថា៖«យើងបានពន្យារពេលលើ ការសម្រេចចិត្ត ចំពោះយន្តហោះទាំងនេះអស់រយៈពេលជាយូរមកហើយ។យើងមិនអាចពន្យារពេលជារៀងរហូតទេ។ដូច្នេះយើងនឹងចាប់ផ្តើម ធ្វើទីផ្សារជាថ្មីសម្រាប់យន្តហោះមួយចំនួនដែលកន្លងមកផលិតសម្រាប់អតិថិជនចិនរបស់យើង»។
នៅក្នុងសន្និសីទវិនិយោគិន Morgan Stanley កាលពីថ្ងៃទី១៦ ខែកញ្ញាកន្លងទៅ លោក West បាននិយាយថា ប្រទេសចិន ជាទីផ្សារដ៏សំខាន់ ហើយក្រុមហ៊ុន Boeing មិនបានធ្វើការ សម្រេច ចិត្តដោយងាយៗនោះទេ។ ប៉ុន្តែលោកបានបង្ហាញទំនុក ចិត្តថា ក្រុមហ៊ុនBoeingអាចស្វែងរកអ្នកទិញថ្មីសម្រាប់យន្តហោះដែលដាក់លក់ក្នុងតម្លៃចាប់ពី១០០លានដុល្លារឡើង ទៅនេះ ខណៈ ក្រុមហ៊ុន អាកាសចរណ៍តែងតែទទួលបានការបញ្ចុះតម្លៃបន្ថែមពីលើតម្លៃនេះទៀត។
សូមជម្រាបថាប្រទេសចិនគឺជាទីផ្សារដ៏សំខាន់ចុងក្រោយដែលយន្តហោះ737Maxត្រូវរង់ចាំសេចក្តីសម្រេចបើកភ្លើងខៀវឲ្យហោះហើរ។នៅសហរដ្ឋអាមេរិករដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកបានយល់ព្រមឲ្យយន្តហោះប្រភេទនេះហោះហើរឡើងវិញនៅចុងឆ្នាំ២០២០ក្រោយពីក្រុមហ៊ុនបានផ្លាស់ប្តូរនិងធ្វើកំណែប្រែមួយចំនួនលើយន្តហោះនេះរួច៕ ដោយ៖ យ៉ាន អាន