ឯកឧត្តមបណ្ឌិត ថោង ខុន បានធ្វើទស្សនកិច្ចរមណីយដ្ឋានជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ ក្រុមហ៊ុន អង្គរ វ៉ាយដ៏ឡាយហ្វ៏ និងអឹឃ្វារៀម ក្នុងខេត្តសៀមរាប
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់រមណីយដ្ឋានជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ អង្គរ វ៉ាយដ៏ឡាយហ្វ៏ និង អឹឃ្វារៀម ស្ថិតក្នុងភូមិសាស្ត្រឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

លោក ម៉េង ហៀង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អង្គរ វ៉ាយដ៏ឡាយហ្វ៏ និង អឹឃ្វារៀម បានមានប្រសាសន៍ថា គម្រោងវិនិយោគជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ និងជម្រកអភិរក្សសត្វ អង្គរ វ៉ាយដ៏ឡាយហ្វ៏ និង អឹឃ្វារៀម នេះជាគម្រោងវិនិយោគ រវាងវិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុន ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ICM Inc. International Concept Management Inc. មកពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ៧០ លានដុល្លារអាមេរិក បែងចែកជាបីដំណាក់កាល ហើយនៅក្នុងដំណាក់កាលដំបូងប្រើប្រាស់ផ្ទៃដី ១២ ហិកតា ហើយផ្ទៃដីសំរាប់គម្រោងទាំងមូលទៅអនាគត់មានចំនួន ១០០ ហិកតា។

គម្រោងនេះ បានបើកសម្ភោធន៍ដំណើរការសាងសង់កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩។

លោក ម៉េង ហៀង បន្តថា សម្រាប់ដំណាក់កាលទី ០១ គម្រោងសម្រេចបានចំនួនប្រមាណ ៩០% ហើយ ដោយសាងសង់ នៅលើផ្ទៃដីប្រមាណ ១២ ហិកតា ដែលបានរៀបចំទៅតាមគំរូប្លង់នៃគម្រោងរួមមាន ៖
១- មជ្ឈមណ្ឌលជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ
២- កន្លែងអភិរក្សសត្វ ផ្សេងៗរួមមាន៖

- កន្លែងអភិរក្ស ខ្លាធំចំនួន ០១ កន្លែង (មានសត្វខ្លាចំនួន ០២ ក្បាល)
- កន្លែងភិរក្សសត្វខ្លាឃ្មុំចំនួន ០១ កន្លែង (មានខ្លាឃ្មុំចំនួន ០៣ ក្បាល)
- កន្លែងអភិរក្សសត្វក្រពើព្រៃ ០១ កន្លែង (មានសត្វក្រពើព្រៃចំនួន ៣០ ក្បាល)
- កន្លែងអភិរក្សសត្វអណ្តើក ចំនួន ០១ កន្លែង
- កន្លែងអភិរក្សសត្វដំរី នឹងរួចរាល់នៅក្នុងឆ្នាំ ២០២៣ ខាងមុខ
៣- កន្លែងលក់អាហារ និងភេសជ្ជៈសម្រាប់ភ្ញៀវទេសចរ
៤- កន្លែងលក់វត្ថុអនុស្សាវរីយ៍។
ចំពោះគម្រោងខាងលើគឺជាដំណាក់កាលទី ១ ហើយដំណាក់កាលទី ២ និងចាប់ផ្ដើម សាងសង់នៅឆ្នាំ ២០២៤។

ក្រុមហ៊ុនគ្រោងបើកដំណើរការឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនានៅពាក់កណ្តាលខែតុលា ឆ្នាំ២០២២ខាងមុខ ។ បន្ទាប់ពីបើកឲ្យដំណើរការ រមណីយដ្ឋាននេះ នឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប ពិសេសភ្ជាប់ជាមួយគម្រោងអភិវឌ្ឍទីក្រុងសៀមរាបថ្មី ដែលនឹងរួមចំណែកដ៏សំខាន់ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា និងវិស័យទេសចរណ៍ខេត្តសៀមរាប ៕ ចាន់ វិចិត្រ