អគារពិសោធន៍ និងព្យាបាលជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុតម្លៃជាងពីរលានដុល្លារត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖ អគារព្យាបាលជំងឺកូវីដ១៩អគារមន្ទីរពិសោធន៍និង អគារ ផលិតអុកស៊ីហ៊្សែនប្រចាំខេត្តព្រះសីហនុដែលសង់ឡើងក្នុងតម្លៃជាងពីរលានដុល្លារត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២។ អគារនេះមានឈ្មោះថា អគារតេជោព្យាបាល ជំងឺ កូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីហ៊្សែន ក្នុង បរិវេណ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាសង្កាត់លេខ៤ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បង្ហាញថាអគារថ្មីនេះ ជាអំណោយរបស់សប្បុរសជនជាតិ អន្តរជាតិបានបរិច្ចាគថវិកាដោយ ស្ម័គ្រចិត្ត។អគារនេះកម្ពស់មួយជាន់ មានទំហំ ៩០ម៉ែត្រគុណ នឹង ៣០ ម៉ែត្រ គ្រឹះសសរបេតុង ដំបូលប្រកស័ង្កសី។ អគារនេះ ចាប់ផ្តើម សាងសង់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បញ្ចប់ការសាងសង់នៅ ថ្ងៃ៣០ ខែ មេសា ឆ្នាំ២០២២ ដោយចំណាយថវិកា ១.៧៤២.៨៣០ ដុល្លារអាមេរិក ដោយបំពាក់ឧបករណ៍ សម្ភារ: និងបរិក្ខារពេទ្យរួច រាល់។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា ក្រៅពីនេះរដ្ឋបាលខេត្ត បាន សាងសង់អគារមន្ទីរពិសោធន៍មួយខ្នងមាន ទទឹង ១៥.៨ម៉ែត្រ គុណនឹង ២៩ម៉ែត្រចំណាយថវិកា២៧០.០០០ដុល្លារដែល ជា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជា តំណាងរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជា អធិបតី ក្នុងពិធីនេះ បានមានប្រសាសន៍ ថាអគារថ្មីនេះសង់ឡើង ដើម្បីដើម្បីលើកស្ទួយសុខាមាលភាពប្រជាជននៅក្នុងខេត្តព្រះសីហនុ ជាពិសេសពលរដ្ឋដែលមានជីវភាពក្រីក្រនិងខ្វះខាត។

លោកជំទាវបញ្ជាក់ថា«ដើម្បីបំពេញបន្ថែមដល់ការផ្តល់សេវាសុខភាពដែលកំពុងមានស្រាប់ទាំងផ្នែករដ្ឋនិងឯកជននិងរួមចំណែកដោះស្រាយការលំបាករបស់ប្រជាជននៅមូលដ្ឋានផង និងជួយជំរុញ វិស័យ សុខាភិបាលផង។ អាគារថ្មីមួយនេះ រួមជាមួយនឹងការបំពាក់ នូវឧបករណ៍ទំនើបៗ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការផ្តល់ សេវាថែទាំ និងព្យាបាលជំងឺកូវីដ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋ យើង ជាពិសេស ស្ត្រី និងកុមារ នឹងជំរុញ វិស័យសុខាភិបាលនៅក្នុង ខេត្តព្រះសីហនុឱ្យកាន់តែប្រសើរឡើង»។

ទន្ទឹមនឹងនេះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនលើកឡើង នូវអនុសាសន៍ចំនួនបីចំណុចដើម្បីជំរុញឱ្យការផ្ដល់ សេវា សុខាភិបាលក្នុងខេត្តព្រះសីហនុ មានសភាពល្អប្រសើរឡើង។ចំណុចទាំងបីនោះរួមមាន៖ ទី១.ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិតស្រលាញ់អ្នកជំងឺ, ទី២.បុគ្គលិកសុខា ភិបាលត្រូវមានសម្ដីគួរសម ផ្ដល់ព័ត៌មានដល់អ្នកជំងឺឱ្យបាន គ្រប់ ជ្រុង ជ្រោយ និងទី៣. អាជ្ញាធរខេត្តត្រូវថែររក្សាសមិទ្ធផលថ្មីប្រកប ដោយ ការទទួលខុសត្រូវ។

ខេត្តព្រះសីហនុជាខេត្តដែលគេរកឃើញអ្នកជំងឺកូវីដ១៩មុនដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ខេត្តនេះ ក៏ជាខេត្តដែលមានជនបរទេស រស់នៅនិងប្រកបការងារច្រើនជាងគេក្នុងចំណោមខេត្តទាំងអស់ផងដែរ៕
ដោយ៖វណ្ណ ស័ក្តិ

ads banner