ហ្គូហ្គល នឹងចេញទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួននៅថ្ងៃទី៦ ខែតុលា
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ហ្គូហ្គល (Google) បានប្រកាស កាលពីដើមខែកញ្ញាថា នឹងចេញទូរស័ព្ទជំនាន់ថ្មីរបស់ ខ្លួន នៅថ្ងៃទី៦ ខែតុលា ខាងមុខនេះ ពោលគឺមួយខែ ក្រោយពេល ដែលក្រុមហ៊ុន អាបផល(Apple )ទើបតែចេញទូរស័ព្ទជំនាន់ថ្មីរបស់ ខ្លួន គឺម៉ូដែល iPhone 14 កាលពីដើមខែកញ្ញាកន្លងទៅ។
ក្រុមហ៊ុន Google គ្រោងនឹងបញ្ចេញទូរស័ព្ទជំនាន់ថ្មីគឺ Pixel 7 និង Pixel 7 Pro សម្រាប់ឆ្នាំ២០២២។ នេះក៏ជាលើកទី១ដែរសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកGoogleដែលគ្រោងនឹងបញ្ចេញនូវផលិតផលថ្មីក្រៅពីទូរស័ព្ទ នោះគឺនាឡិកា ដែលត្រូវបានគេស្គាល់ឈ្មោះថា Pixel Watch។
ខុសគ្នាពីគូប្រជែងរបស់ខ្លួនក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកGoogleនឹងដាក់លក់ផលិតផលដែលខ្លួនប្រកាសចេញនោះ នៅក្នុងថ្ងៃតែមួយ ពោលគឺអតិថិជនអាចទិញបានភ្លាមៗ នៅពេលក្រុមហ៊ុនប្រកាស ចេញ។ ព្រឹត្តិការណ៍ចេញលក់ផលិតផលថ្មីនេះនឹងធ្វើឡើងនៅក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នាវេលាម៉ោង១០ព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។
ជាការកត់សម្គាល់ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជាពិសេសក្រុមហ៊ុន Apple ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Google ជាដើម រមែងបញ្ចេញផលិតផលថ្មីរបស់ខ្លួនសម្ញែងដាក់គ្នា ក្នុងអំឡុងខែ សីហា រហូតដល់ខែតុលា។ ក្រុមហ៊ុន Apple កាលដើមខែកញ្ញា កន្លងទៅនេះ បានបង្ហាញនិងដាក់លក់ផលិតផលទូរស័ព្ទជំនាន់ថ្មី គឺ iPhone 14 និងនាឡិកាឆ្លាតវៃជំនាន់ថ្មីជាដើម។
សូមជម្រាបថា កាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុនបច្ចេកវិទ្យា Google បានបង្ហាញជាវីដេអូខ្លីអំពី Pixel 7 ក្នុងសន្និសីទ្ធបច្ចេកវិទ្យា របស់របស់ខ្លួន។ យ៉ាងណាក៏ដោយចុះ គ្មានអ្នកម្នាក់ដឹងនៅឡើយទេ ថាទូរស័ព្ទជំនាន់ចុងក្រោយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ នឹងយកបច្ចេកវិទ្យាថ្មីបែបណាមកបំពាក់លើទូរស័ព្ទនេះទេ។ បើតាមការចុះផ្សាយរបស់ CNBC គឺទាល់តែដល់ថ្ងៃទី៦ ខែតុលា នោះតែម្ដង ទើបគេអាចដឹងពីបច្ចេកវិទ្យា រួមទាំងតម្លៃ និងលក្ខណៈ ពិសេសរបស់ Pixel 7 និង Pixel 7 Pro របស់ក្រុមហ៊ុន Google។
អ្នកអភិវឌ្ឍន៍កម្មវិធីសម្រាប់ទូរស័ព្ទ Android បានបង្ហើបថា ចំពោះ ទូរស័ព្ទម៉ូដែលថ្មីរបស់ក្រុមហ៊ុន Google នឹងមានសមត្ថភាពឈីប ខ្ពស់ជាងជំនាន់មុន ១០ភាគរយ ដែលបំពាក់ដោយបន្ទះឈីប Tensor ជំនាន់ទី២របស់ Google។ សម្រាប់មុខងារផ្សេងទៀត ដូចជាការបង្ហាញរូបភាពជាដើម នឹងបង្កើនសមត្ថភាពដល់ទៅ ២០ ភាគរយ ។
កំណែប្រែថ្មីនៅលើទូរស័ព្ទ Pixel 7 នឹងមានសមត្ថភាពកាន់តែ ប្រសើរជាងមុនចំពោះការលេងហ្គេម និងការគណនារូបភាព ពេលថតរូប។ ប៉ុន្តែសម្រាប់ការប្រើទូរស័ព្ទជាធម្មតាប្រចាំថ្ងៃ អ្នកប្រើប្រាស់នឹងមិនមានអារម្មណ៍ថាទូរស័ព្ទដើរលឿនទេ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធី បាន លើកឡើងថា ការយកពិន្ទុមកវាស់វែងនៅពេលនេះ មិន មាន លក្ខណៈជាផ្លូវការអាចទទួលយកបាន ឬជឿជាក់ បាន ទាំងស្រុងទេ ព្រោះគេមិនទាន់បានឃើញ និងស្គាល់ផលិត ផលថ្មីទាំងនោះផង រហូតដល់ថ្ងៃទី០៦ ខែតុលា ទើបគេអាចវាយ តម្លៃបាន៕ ដោយ៖យ៉ាន អាន