កូរ៉េខាងត្បូងសុំជំនួយពីប៉ូលីសអន្តរជាតិ ករណីដួលរលំ រូបិយវត្ថុ គ្រីបតូ LUNA ដែលមានទំហំមូលធន៤០ប៊ីលានដុល្លារ
សេអ៊ូល៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានស្នើសុំឲ្យប៉ូលីសអាំងទែរ ប៉ូល ជូនដំណឹងអំពីការរត់គេចខ្លួនរបស់ស្ថាបនិក ក្រុមហ៊ុន Terraform Labs។ សំណើនេះ កើតមានឡើង ខណៈអាជ្ញាធរកូរ៉េខាងត្បូង កំពុង ស៊ើបអង្កេតការ ដួលរំលំនៃរូបិយប័ណ្ណគ្រីបតូដែលមានទំហំ មូលធនជាង៤០ប៊ីលានដុល្លារនិងបានប៉ះពាល់ដល់វិនិយោគិនតូចធំនៅជុំវិញពិភពលោក។
ការដួលរលំនៃរូបិយប័ណ្ណឌីជីថលរបស់ Terraform Lab ដែលមាន កាក់ថេរ TerraUSD និងកាក់គ្រីបតូ Luna បានប៉ះពាល់ដល់ វិនិយោគិនកូរ៉េខាងត្បូងប្រមាណ២៨ម៉ឺននាក់និងបង្កឱ្យមានភាពចលាចលយ៉ាងខ្លាំងនៅក្នុងទីផ្សាររូបិយប័ណ្ណឌីជីថលសកល
កាលពីថ្ងៃចន្ទទី២០ខែកញ្ញាការិយាល័យរដ្ឋអាជ្ញាក្រុងសេអ៊ូលភាគខាងត្បូងបានស្នើសុំប៉ូលីសអាំងទែរប៉ូលជួយផ្សព្វផ្សាយ “និវេតក្រហម” ទៅដល់សមាជិករបស់អាំងទែរប៉ូលទាំង ១៩៥ប្រទេស ដើម្បីស្វែង រក និងឃាត់ខ្លួនលោក Do Kwon ។ លោក Do Kwon ជាអតីត ស្ថាបនិក Terraform Labs គ្រប់គ្រងលើរូបិយប័ណ្ណគ្រីបតូ Terra(LUNC) ដែលមានមូលធនទីផ្សារជាង ៤០ប៊ីលានដុល្លារ។
ថ្មីៗនេះ តុលាការកូរ៉េខាងត្បូងបានចេញដីកាចាប់ខ្លួនលោក Do Kwon និងមនុស្ស ៥នាក់ផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយ Terraform Labs បន្ទាប់ពីរដ្ឋអាជ្ញាបើកការអង្កេតរឿង ក្តីក្នុងបទ ក្លែងបន្លំ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ ជាការស៊ើបអង្កេត ដែលកើតមាន ឡើងនៅក្រោយការដួលរលំនៃរូបិយប័ណ្ណឌីជីថលរបស់ Terraform Labs កាលពីខែឧសភា។
ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារទី២០ខែកញ្ញាថាមន្ត្រីក្រសួងកំពុងរៀបចំនីតិវិធីតាមសំណើរបស់រដ្ឋអាជ្ញាក្នុងការរឹតបន្តឹង ឬដកហូតលិខិតឆ្លងដែនរបស់លោក Do Kwon និងជន សង្ស័យបួននាក់ទៀត ដែលជាជនជាតិកូរ៉េខាងត្បូង។
គិតត្រឹមថ្ងៃអង្គារទី២០ខែកញ្ញាគេហទំព័ររបស់ប៉ូលីសអាំងទែរប៉ូលមិនបានផ្សព្វផ្សាយពីនិវេតក្រហមសម្រាប់លោក Do Kwon នៅឡើយ ទេ។ រដ្ឋអាជ្ញាកូរ៉េខាងត្បូងនិយាយថា ដំណើរការរៀបចំ ចេញផ្សាយនិវេតក្រហម ប្រហែលជាត្រូវការពេលលើសពី មួយ សប្តាហ៍។ បើតាមអាំងទ័រប៉ូល “និវេទក្រហម” មានន័យថាជាការ ស្នើសុំទៅអ្នកអនុវត្តច្បាប់ទូទាំងពិភពលោក ក្នុងការកំណត់ទីតាំង និងឃាត់ខ្លួនជាបណ្តោះអាសន្នជនសង្ស័យណាម្នាក់ មុនការធ្វើ បត្យាប័ន។
កាលពីដើមឡើយអាជ្ញាធរកូរ៉េខាងត្បូងជឿថា លោក Do Kwon ស្ថិតនៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែប៉ូលីសរបស់ប្រទេសនេះ បានជូន ដំណឹងជាផ្លូវការ កាលពីសប្តាហ៍មុនថា លោក Do Kwon មិនស្ថិត នៅ ក្នុងប្រទេសនេះទេ។
Do Kwon ត្រូវបានចោទប្រកាន់ពីបទបំផ្លើសស្ថេរ ភាពនៃ រូបិយប័ណ្ណឌីជីថលរបស់លោក មុនពេលដែលវាដួលរលំ។ តាមរយៈសារក្នុងបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យ ទី១៨ ខែខែកញ្ញា លោកបានបញ្ជាក់ថាមិនបានរត់គេច ពី”ទីភ្នាក់ងារ រដ្ឋាភិបាលណាមួយដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការទំនាក់ទំនងជាមួយលោកនោះទេ។”លោកបញ្ជាក់ថា”យើងកំពុងសហការយ៉ាងពេញលេញហើយយើងមិនមានអ្វីត្រូវលាក់បាំងទេ ៕
ដោយ ៖CPA/យ៉ាន អាន