កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ៖ មេដឹកនាំនៃ ប្រទេសសមាជិកបង្ហាញពីសាមគ្ដីភាព ប៉ុន្តែរអាក់រអួលក្នុង ការចុះសម្រុងគ្នា

អ៊ូសបេគីស្ថាន៖ ក្នុងរូបថតជាច្រើនប៉ុស្តិ៍ ដែលផ្តិតចេញពីកិច្ចប្រជុំ កំពូល អង្គការសហប្រតិបត្តិការសៀងហៃ (SCO) កាលពីសប្ដាហ៍មុន មេដឹកនាំនៃប្រទេសសមាជិកនេះ បានឈរតម្រៀបគ្នានៅពី មុខទង់ជាតិ ដែលបញ្ឈរនៅលើឆាកនៃវេទិកា ពីមុខផ្លាកនៃកិច្ចប្រជុំ ដោយ បញ្ចេញទឹកមុខដ៏ស្រស់ប្រឹមប្រិយ លាយឡំនឹងភាពមុតមាំរបស់ខ្លួន។ ក្នុងរូបភាពខ្លះ ដែលថតចាប់ដៃគ្នាជាគូៗ គេឃើញមេដឹកនាំគ្រប់គ្នា បាន បញ្ចេញទឹកមុខបែបញញឹមញញែម រួសរាយ និងរាក់ទាក់ដាក់គ្នា ដែលជាសញ្ញាបង្ហាញថា ខ្លួនមានការចុះសម្រុង សម្របសម្រួល ជាមួយ គ្នានិងគ្នា។

ពីរថ្ងៃនៃកិច្ចប្រជុំដែលប្រព្រឹត្តទៅនៅក្នុងទីក្រុងសាម៉ាកង់ ប្រទេស អ៊ូសបេគីស្ថាន ចន្លោះពីថ្ងៃទី ១៥-១៦ ខែកញ្ញាកន្លងទៅ ក្រុម មេដឹកនាំ នៃប្រទេសអឺរ៉ាអាស៊ីដដែល បានអំពាវនាវឱ្យមានការ ធ្វើសមាហរណកម្មលើវិស័យផ្សេងៗ រាប់តាំងពីវិស័យពាណិជ្ជកម្ម រហូតដល់វិស័យកសិកម្ម និងសូម្បីតែវិស័យកីឡា។

ឆ្លៀតក្នុងឱកាសនេះ លោក វ៉្លាឌីមៀរ ពូទីន មេដឹកនាំរុស្ស៊ី បាន ប្រកាសថា៖ «បច្ចុប្បន្ននេះ អង្គការសហប្រតិបត្តិការសៀងហៃ គឺជាអង្គការតំបន់ដ៏ខ្លាំងបំផុតនៅលើពិភពលោក»។

យ៉ាងណាមិញ នៅពីក្រោយឆាកនៃភាពរួសរាយរាក់ទាក់ ដែល បង្ហាញ ពីចំណងមិត្តភាព ពេញពោរដោយភាពសុខដុមរមនា និងការវិញគ្នាជា ធ្លុងដ៏មាំនោះ ក្រុមមេដឹកនាំ SCO ដដែល ហាក់មិនសូវជាត្រូវគ្នា ប៉ុន្មាន ដូចរូបភាពដែលគេចែកចាយនោះទេ។ នេះបើតាមការសរសេរ ពិពណ៌នារៀបរាប់ របស់លោក ឌ្ហីអូ ណរមិនតុន (Theo Normanton) ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំទីក្រុងម៉ូស្គូ របស់ សារព័ត៌មាន bne IntelliNews ។

លោក ណរមិនតុន សរសេរថា នៅខណៈដែលប្រធានាធិបតី ប្រទេស តាហ្ស៊ីគីស្ថាន និងគៀហ្ស៊ីស៊ីស្ថាន ដែលជាសមាជិក SCO អង្គុយ ទទួលទានអាហារពេលល្ងាចជាមួយគ្នា កងទ័ពនៃប្រទេសទាំងពីរ កំពុងបាញ់ប្រហារគ្នានៅតាមបណ្ដោយព្រំដែន ដែលមានជម្លោះតាំង ពីដើមទសវត្សរ៍ឆ្នាំ ១៩៩០។ ប៉ុន្តែអរិភាពក្នុងកិច្ចប្រជុំកំពូលដដែល មានលើសពីនេះទៅទៀត នៅពេលមានការចូលរួមពីមេដឹកនាំ នៃ ប្រទេសដៃគូរបស់ SCO រួមមានអាមេនី និងអាស៊ែបៃហ្សង់ បន្ទាប់ពី កងទ័ពនៃប្រទេសទាំងពីរ បានប៉ះទង្គិចប្រដាប់អាវុធធ្ងន់ធ្ងរ នៅ តាមព្រំដែនក្បែរតំបន់ជម្លោះណាហ្កូណូ-ការ៉ាបាក់ (Nagorno-Karabakh) ដោយសម្លាប់កងទ័ពទាំងសងខាងយ៉ាងហោចណាស់ ២០០ នាក់។

ពិតណាស់ អរិភាពក្នុងបណ្ដាប្រទេសមានវត្តមានក្នុងកិច្ច ប្រជុំកំពូល ដូច្នេះ មានភាពផ្ទុយខុសពីអ្វីដែលលោក ពូទីន បានប្រកាសក្ដែងៗ ស្របពេលដែលសម្ព័ន្ធភាពនេះរួបរួមគ្នាជាចម្បង ដើម្បីផល ប្រយោជន៍ សេដ្ឋកិច្ចរួម។ ការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញ ក្នុង សេចក្ដី សម្រេចចិត្តរួម ដែលអនុម័តចេញពីកិច្ចប្រជុំ និងកិច្ចព្រមព្រៀង ក្រៅ កិច្ចប្រជុំ ដែលភាគច្រើនផ្ដោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

នៅក្រៅកិច្ចប្រជុំកំពូល SCO ផ្លូវការ មេដឹកនាំនៃប្រទេសចិន គៀហ្ស៊ីស៊ីស្ថាន និងអ៊ូសបេគីស្ថាន បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀង ស្តីពីការសាងសង់ផ្លូវដែកតភ្ជាប់ប្រទេសទាំង៣។ លោក Erkinbek Osoyev រដ្ឋមន្ត្រីដឹកជញ្ជូនគៀហ្ស៊ីស៊ីស្ថាន អះអាងថា ផ្លូវថ្មីនេះនឹងដឹកជញ្ជូនទំនិញចន្លោះពី ៧ ទៅ ១៣ លានតោន ក្នុងមួយ ឆ្នាំ។ ហើយសំខាន់ជាងនេះទៀតនោះ វាក៏អាចបង្កើតជាផ្លូវដឹកជញ្ជូន សំខាន់ទៅអឺរ៉ុប ខ្លីជាងផ្លូវដែលមានស្រាប់រហូតដល់ ៩០០ គីឡូម៉ែត្រ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដែលកំពុងឯកោរុស្ស៊ី។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវដែកចិន-គៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ ១៩៩៧ ប៉ុន្តែបាន ផ្អាកម្ដងរួចមកហើយ ដោយសារតែការប្រឆាំងពីរុស្ស៊ី។ ទោះបីជាបែបនេះក្ដី លោក ពូទីន ហាក់ដូចជាទម្លាក់ការជំទាស់នេះ ក្នុងកិច្ចប្រជុំកំពូលដដែលកាលពីសប្ដាហ៍មុន ខណៈកិច្ចព្រមព្រៀង ផ្លូវដែកដដែល ត្រូវបានគេមើលឃើញថា ជាសញ្ញាមួយបង្ហាញថា ឥទ្ធិពលរុស្ស៊ីនៅប្រទេសអាស៊ីកណ្ដាល ដែលអតីតសហភាពសូវៀត មានការចុះខ្សោយ។

បើគេនិយាយពីការចុះខ្សោយនៃឥទ្ធិពលរបស់ រុស្ស៊ី ក្នុងកិច្ចប្រជុំកំពូល SCO ដដែល មានរឿងគួរឱ្យកត់សម្គាល់ជាច្រើនណាស់ ដែលត្រូវ លើកយកមកពិភាក្សា។ ក្នុងវីដេអូ និងរូបភាពយ៉ាងច្រើនចេញ ពី កិច្ចប្រជុំ លោក ពូទីន បានអង្គុយចាំមេដឹកនាំមួយចំនួនទៀត ទោះបី ជាមេដឹកនាំរូបនេះត្រូវបានគេស្គាល់ថាជាអ្នកពូកែឱ្យគេចាំនៅពេលមានជំនួបក៏ដោយ។ រូបភាពបែបនេះ គ្រាន់តែចំណិតមួយដ៏សែនតូច ហើយប្រហែលជាមិនអាចយកទៅឆ្លុះបញ្ចាំងពីទំនាក់ទំនងស៊ីជម្រៅរវាងរុស្ស៊ី និងបណ្ដាប្រទេសផ្សេងទៀតបាននោះឡើយ។ ប៉ុន្តែវាគឺ ជារឿងគួរឱ្យកត់សម្គាល់ ដែលមនុស្សជាច្រើនយកទៅចោទ សួរពី ឥទ្ធិពលរបស់រុស្ស៊ី នៅពេលដែលកិច្ចប្រជុំកំពូល SCO ប្រព្រឹត្តឡើង ចំពេលកងទ័ពរុស្ស៊ី ដែលជាមហាអំណាចយោធាទី២ របស់ ពិភពលោក រត់បាក់ទ័ពនៅអ៊ុយក្រែន។

ងាកចេញពីជ្រុងខុសនេះវិញម្ដង។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងលោក ពូទីន បានជួបគ្នារាប់សិបដងរួចមកហើយ ចាប់ តាំងពីលោក ស៊ី ឡើងកាន់អំណាចកាលពីមួយទសវត្សរ៍មុន ហើយ អ្នកទាំងពីរ សុទ្ធតែហៅគ្នាជាសាធារណៈថាមិត្ត សម្លាញ់នឹង គ្នាដ៏ល្អ បំផុត។ លើសពីនេះ ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែន នៅចុងខែកុម្ភៈមក ប្រទេសជាច្រើន ជាពិសេសលោកខាងលិច និងសម្ព័ន្ធមិត្ត បានធ្វើការថ្កោលទោស ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងព្យាយាមកាត់ផ្ដាច់រុស្ស៊ី ឱ្យនៅឯកោលើឆាកអន្តរជាតិ។
ប៉ុន្តែ សម្រាប់រដ្ឋាភិបាលចិនរបស់លោក ស៊ី ការឈ្លានពាន អ៊ុយក្រែន មិនមែនជាកំហុសរបស់រុស្ស៊ីនោះទេតែវាជាកំហុសរបស់លោកខាងលិចហើយបើទោះបីចិនសម្ដែងការព្រួយបារម្ភពីបញ្ហានៃការមិនគោរពអធិបតេយ្យភាពរបស់រដ្ឋណាមួយក្ដី ប្រទេសនេះក៏មិនបានថ្កោលទោស ឬដេញដោលរុស្ស៊ីនោះដែរ។

ទោះបីជាយ៉ាងនេះក្ដី កិច្ចប្រជុំកំពូល SCO ហាក់បង្ហាញថា ទំនាក់ ទំនងចិន និងរុស្ស៊ីមានលក្ខណៈរគិបរគុប។ ក្នុងជំនួបទ្វេភាគីមុនកិច្ចប្រជុំផ្លូវការចាប់ផ្ដើម លោក ស៊ី មិនបាន អះអាងយ៉ាងមុតមាំថា ទំនាក់ទំនងក្រុងប៉េកាំង-ម៉ូស្គូមានភាព ស្ថិតស្ថេរ និងគ្មានដែនកំណត់ ដូចមុនទៀតទេ ប៉ុន្តែលោកអះអាង ដោយមិននិយាយអ្វីពីអ៊ុយក្រែនថា ចិននឹងធ្វើការជាមួយរុស្ស៊ីដើម្បី ពង្រីកការគាំទ្រគ្នាទៅវិញទៅមក លើបញ្ហាដែលទាក់ទងនឹងផល ប្រយោជន៍រួមសំខាន់ នៅក្នុងពិភពលោកដ៏ច្របូកច្របល់។

សំខាន់លើសពីនេះ លោក ពូទីន ថែមទាំងបានព្រលយថា មហាមិត្ត ចិន មានការព្រួយបារម្ភ និងចម្ងល់ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ទៀត ផង។ ប៉ុន្តែថារុស្ស៊ីយល់ពីបញ្ហានេះ ហើយបន្តយកចិត្តចិន ដោយ ចោទប្រកាន់អាមេរិកថាធ្វើសកម្មភាពបង្កហេតុ ជុំវិញភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់នៅក្នុងមួយរយៈពេលចុងក្រោយនេះ។
ទន្ទឹមជាមួយគ្នានេះផងដែរ ក្នុងកិច្ចប្រជុំ SCO លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា ដែលជាប្រទេសសមាជិកមួយទៀត មិនបាន ផ្ដោះ ប្ដូរនូវភាពរីករាយជាមួយមេដឹកនាំឥណ្ឌានោះទេ។ ផ្ទុយទៅវិញ លោកអំពាវនាវសុំឱ្យមានការបើកផ្លូវសន្តិភាពនៅអ៊ុយក្រែន។

មេដឹកនាំរូបនេះ ថ្លែងនៅចំពោះមុខលោក ពូទីន ថា៖ «សម័យនេះ មិនមែនជាពេលធ្វើសង្រ្គាមនោះទេ ហើយខ្ញុំបាននិយាយជាមួយ លោកអំពីរឿងនេះតាមទូរស័ព្ទជាច្រើនដងរួចមកហើយ ពីរបៀបដែល យើងឆ្ពោះទៅរកផ្លូវសន្តិភាព។ យើងប្រាកដជាមានឱកាសពិភាក្សាអំពីរឿងនេះ»។ លោក ម៉ូឌី ថ្លែង បែបនេះដាក់លោក ពូទីន ទោះបីជាឥណ្ឌាបង្កើនការនាំចូល ប្រេង ដែលរុស្ស៊ីលក់បញ្ចុះតម្លៃក៏ដោយ។

ពិតណាស់មិនមែនមេដឹកនាំដែលចូលរួមកិច្ចប្រជុំ SCO ទាំងអស់ សុទ្ធតែបង្ហាញពីគម្លាតពីរុស្ស៊ីនោះទេ។ លោក អេប្រាហ៊ីម រ៉ៃស៊ី ប្រធានាធិបតីអ៊ីរ៉ង់ ដែលទើបក្លាយជាសមាជិក SCO ពេញសិទ្ធិក្នុង ថ្ងៃ បញ្ចប់នៃកិច្ចប្រជុំ បានថ្លែងប្រាប់លោក ពូទីន ថា ប្រទេសដែល ប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក អាចធ្វើការ រួមគ្នាដើម្បី «យកឈ្នះលើបញ្ហាជាច្រើន ហើយកាន់តែរឹងមាំ»។

លោក រ៉ៃស៊ី បានអំពាវនាវដល់ SCO ឱ្យជួយអីរ៉ង់ ក្នុងការទប់ទល់ នឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច ជុំវិញកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន។ ហើយជាមួយគ្នានោះ សមាជិក SCO មួយចំនួនទៀត ថែមទាំងបានអនុម័តផែនទី បង្ហាញផ្លូវសម្រាប់ការបង្កើនទុន បម្រុង នៃរូបិយប័ណ្ណជាតិរបស់គ្នាទៅវិញទៅមក ហើយកាត់បន្ថយការ ប្រើប្រាស់ ប្រាក់ដុល្លារអាមេរិក ប៉ុន្តែគំនិតនេះមិនត្រូវបានទទួល យក ជាទូទៅក្នុងបណ្ដាសមាជិកទាំងអស់នោះទេ។ នេះបើយោងតាម សេចក្តីប្រកាសក្រុងសាម៉ាកង់ ដែលសម្រេចបានពីកិច្ចប្រជុំ។

ទោះជាយ៉ាងណាក៏ដោយ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល រយៈពេលពីរថ្ងៃនេះ មានការឯកភាពគ្នាជាទូទៅថា SCO គួរតែ រួបរួមគ្នា ប្រឆាំង «ការជ្រៀតជ្រែកពីបរទេស»។នេះបើតាមការ លើកឡើងរបស់លោក ស៊ី។

លោក ស៊ី ថ្លែងថា៖ «យើងត្រូវតែចាប់យកនិន្នាការ តាមពេលវាលា ហើយពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ និងជំរុញការ កសាង សហគមន៍ឱ្យកាន់តែជិតស្និទ្ធជាមួយអង្គការសហប្រតិបត្តិ ការសៀងហៃ»។ មេដឹកនាំចិនរូបនេះ បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការរួមគ្នាការពារសន្តិសុខ និងផលប្រយោជន៍ការអភិវឌ្ឍ និង ការពារកម្លាំងពីខាងក្រៅដែលធ្វើឱ្យមានការបាក់បែកគ្នា។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ SCO គឺជាអង្គការក្នុងតំបន់ដ៏ធំ បំផុតរបស់ពិភពលោក គ្របដណ្ដប់លើតំបន់អឺរ៉ាស៊ី ៦០ ភាគរយ និងមានប្រជាជនសរុបជាង ៤០ ភាគរយរបស់ពិភពលោក។ សមាជិក SCO រួមមានរុស្ស៊ី ចិន ប៉ាគីស្ថាន ឥណ្ឌា តាហ្ស៊ីគីស្ថាន កាហ្សាក់ស្ថាន អ៊ីរ៉ង់ និងអ៊ូសបេគីស្ថាន។ សព្វថ្ងៃ អេហ្ស៊ីប កាតា និងកម្ពុជា ក្លាយជាដៃគូសន្ទនារបស់អង្គការ ហើយតួកគី បារ៉ែន កូវ៉ែត មីយ៉ាន់ម៉ា កោះម៉ាល់ឌីវ និងអារ៉ាប់រួម ដែលជាដៃគូដូចគ្នា បង្ហាញ ចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយសម្ព័ន្ធភាពនេះ៕ ដោយ៖ហួន ឌីណា

ads banner