ក្រុមប្រឹក្សាធម្មនុញ្ញ ប្រារព្ធពិធីអបអរសាទរ ទិវារំលឹកខួប២៩ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤/០៩/១៩៩៣ – ២៤/០៩/២០២២)
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅសាលសន្និសីទអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញ បានរៀបចំប្ររព្ធអង្គប្រជុំអបអរសាទរទិវារំលឹកខួប២៩ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤/០៩/១៩៩៣ – ២៤/០៩/២០២២) ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយមានសមាសភាពចូលរួមផ្ទាល់ និងប្រព័ន្ធអនឡាញ ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាង ២០០នាក់ ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ បន្ទាប់ពីប្រជាជាតិខ្មែរ សម្រេចបាននូវកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយ នៃជំលោះកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងអាចឲ្យមានការបោះឆ្នោតសកលមួយ នៅប្រទេសកម្ពុជា នាខែឧសភា ឆ្នាំ១៩៩៣ រៀបចំឡើងដោយអាជ្ញាធរអ៊ុនតាក់ (UNTAC) និងបង្កើតបានសភាធម្មនុញ្ញ ដើម្បីរៀបចំតាក់តែងព្រាងរដ្ឋធម្មនុញ្ញថ្មីមួយ។ ការរៀបរៀងរដ្ឋធម្មនុញ្ញនេះ បានចាប់ផ្តើមនៅពេលសភាធម្មនុញ្ញបានកោះប្រជុំ លើកទី១ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បីបង្កើតគណៈកម្មការអចិន្ត្រៃយ៍រៀបរៀងរដ្ឋធម្មនុញ្ញ ដែលមានភារកិច្ចរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញ។ មកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញថ្មីមួយ ត្រូវបានសភាធម្មនុញ្ញអនុម័តយល់ព្រមគាំទ្រ ដោយសំឡេង១១៣, មិនគាំទ្រ៥សំឡេង,និងអនុបវាទ២សំឡេង។ ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយរដ្ឋធម្មនុញ្ញនេះ បានក្លាយជារដ្ឋធម្មនុញ្ញទី៦ ចាប់តាំងពីប្រទេសកម្ពុជា បានទទួលយកលទ្ធិធម្មនុញ្ញនិយមទំនើប ជាលើកដំបូង នៅក្នុងឆ្នាំ១៩៤៧ ។

ឯកឧត្តម អ៊ឹម ឈុនលឹម បានបន្តថា រដ្ឋធម្មនុញ្ញ គឺជាសំណុំវិធាន នៃការគ្រប់គ្រងប្រទេសជាតិ ដែលមានចែងនូវបទប្បញ្ញត្តិគ្រឹះទាំងឡាយ ស្របតាមឆន្ទៈរួមនៃប្រជាជាតិខ្មែររួមមាន បុព្វកថា ចារឹកសង្ខេប នូវទិដ្ឋភាពប្រវត្តិសាស្ត្រនៃប្រទេសជាតិរបស់យើង និង មាត្រាទាំងឡាយ រួមមានចំនួន១៦០ ដែលសរសេរចារឹកទុកក្នុងជំពូកទាំង១៧ និងឧបសម្ព័ន្ធចំនួន៧។ ជាមួយគ្នានេះដែរ ដើម្បីដំណើរការប្រព្រឹត្តទៅជាប្រក្រតីនៃស្ថាប័នជាតិ នៅក្នុងឆ្នាំ២០០៤ ព្រះរាជាណាចក្រកម្ពុជា មានការចាំបាច់ត្រូវបង្កើតនូវច្បាប់ធម្មនុញ្ញបន្ថែមមួយ ដែលរួមមាន៧មាត្រា។ សូមបញ្ជាក់ថា ច្បាប់ធម្មនុញ្ញបន្ថែមនេះ គឺមានតម្លៃជារដ្ឋធម្មនុញ្ញ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា កើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ ដែលបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃប្រព័ន្ធគតិយុត្ត – សម្រាប់កសាងព្រះរាជាណាចក្រកម្ពុជា ឲ្យមានសន្តិភាព ស្ថិរភាព និង វឌ្ឍនភាព ប្រកបដោយចីរភាព។ អាស្រ័យដោយរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មានគុណតម្លៃ ទាំងសមត្ថភាព និងគុណភាព អាចដោះស្រាយបញ្ហានានារបស់សង្គមជាតិ ប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់រៀងមក តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ ទើបធ្វើឲ្យរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានអត្ថិភាព និងអាយុវែងជាងគេ ដែលមានអាយុកាល២៩ឆ្នាំហើយ។ ជាប្រការគួរឲ្យកត់សម្គាល់ ទោះបីមានកាលៈទេសៈដ៏ចាំបាច់ខ្លះដែលនាំទៅដល់ការធ្វើការសើរើ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើក និងការបង្កើតច្បាប់ធម្មនុញ្ញបន្ថែមមួយលើក តែលទ្ធផលដែលទទួលបាន គឺរឹតតែជួយពង្រឹងប្រជាធិបតេយ្យ និងនីតិរដ្ឋ, ពង្រឹងសណ្ដាប់ធ្នាប់ធម្មនុញ្ញ, ធានាបាននូវការបោះជំហានទៅមុខនៃដំណើរជាតិ ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បានយូរអង្វែងតទៅនៅកម្ពុជា ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានបន្ថែមថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាបណ្តុំចំណេះដឹង នៃទស្សនវិជ្ជានយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងទិដ្ឋភាពប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ដែលផ្ដល់នូវអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការសិក្សាស្វែងយល់និងគោរពប្រតិបត្តិតាម ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អរបស់ប្រទេសជាតិ ដែលជាការឆ្លើយតបនឹងស្មារតីនៃមាត្រា៤៩ថ្មី ដែលចែងថា “ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់ ”។ ការគោរពច្បាប់, ការយល់ដឹងអំពីប្រព័ន្ធនយោបាយ សេដ្ឋកិច្ច សង្គម និងការស្គាល់ច្បាស់នូវទំនៀមទម្លាប់ ប្រពៃណីល្អ ព្រមទាំងប្រវត្តិសាស្ត្ររបស់ជាតិ សុទ្ធសឹងជាកត្តាសំខាន់ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ ចម្រើនជឿនលឿន និងរក្សាបាននូវអត្តសញ្ញាណជាតិ។ ដូច្នេះ ការបញ្ជ្រាបគោលការណ៍ធម្មនុញ្ញ និយម ក្នុងការយល់ដឹងរបស់មជ្ឈដ្ឋានសាធារណៈ ជាគោលដៅសំខាន់មួយ ដែលក្រុមប្រឹក្សាធម្មនុញ្ញតែងបានយកចិត្តទុកដាក់ធ្វើសកម្មភាព និងបានបោះពុម្ពសៀវភៅរដ្ឋធម្មនុញ្ញជាច្រើនម៉ឺនច្បាប់ នាពេលកន្លងមក សម្រាប់ចែកផ្សាយដោយឥតគិតថ្លៃ ទៅគ្រប់មជ្ឈដ្ឋាននៃសង្គម។
