សូម៉ាលី ប្រឈមនឹងគ្រោះទុរ្ភិក្ស ដែលនឹងវាយប្រហារធ្ងន់ធ្ងរលើក្មេងៗ
សូម៉ាលី៖ ប្រទេសសូម៉ាលី កំពុងប្រឈមមុខនឹងការធ្លាក់ចូល ទៅក្នុងគ្រោះទុរ្ភិក្សជាថ្មី ដោយសារតែគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ដែល អូសបន្លាយតាំងពីចុងឆ្នាំ ២០២០ ដែលនឹងវាយប្រហារខ្លាំង ទៅលើក្មេងៗ។ ទន្ទឹមនឹងការជំរុញឱ្យមានការបន្ត ផ្ដល់ជំនួយ ប្រធាន ផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក ម៉ាទីន ហ្រ្គីហ្វីប (Martin Griffiths) អះអាងថា ស្ថានភាពនៅសូម៉ាលីបច្ចុប្បន្ន អាក្រក់ជាងគ្រោះទុរ្ភិក្សឆ្នាំ ២០១១ នៅពេលដែលមនុស្ស ២៦០ ០០០ ស្លាប់ ដែលពាក់កណ្ដាលនៃចំនួននេះគឺជាក្មេងក្រោមអាយុ ប្រាំមួយឆ្នាំ។
នៅពេលនេះ មានសេចក្ដីរាយការណ៍ថា ជំនួយផ្សេងៗកំពុង ដឹកជញ្ជូន ទៅសូម៉ាលីជាបណ្ដើរៗហើយ បន្ទាប់ពីរាំងស្ទះដោយសារ តែសង្រ្គាមនៅអ៊ុយក្រែន ដែលធ្វើឱ្យតម្លៃស្បៀង និងប្រេងឡើងថ្លៃ។ ប៉ុន្តែមានការភ័យខ្លាចថា ជំនួយខ្លះនឹងបញ្ជូនទៅដល់យឺត ខណៈ កុមារ ប្រមាណ ៧៣០ នាក់រួចហើយបានស្លាប់នៅមជ្ឈមណ្ឌលផ្ដល់ អាហារូបត្ថម្ភចន្លោះពីខែមករា ដល់ខែកក្កដា ឆ្នាំនេះ (របាយការណ៍ យូនីសេហ្វ)។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយបណ្ដាលមក ពីការប្រែប្រួលអាកាសធាតុ បានក្លាយជាកត្តាចម្បង ដែលជំរុញឱ្យ មានការធ្វើផ្លាស់ទីលំនៅទូទាំងប្រទេសសូម៉ាលី។ ជារៀងរាល់ថ្ងៃ មនុស្សរាប់សិបនាក់ចូលទៅក្នុងជំរំ ដែលបង្កើតឡើងសម្រាប់ គ្រួសារ ជនភៀសខ្លួនក្នុងរដ្ឋធានីមូហ្គូឌីហ្សូ ហើយក្មេងៗភាគច្រើន នៅក្នុងនោះ ប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភ។ នេះបើ តាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
គ្រោះរាំងស្ងួតក៏បានប៉ះពាល់ដល់ផ្នែកខ្លះនៃប្រទេសកេនយ៉ា និង អេត្យូពី ដែលនៅជិតខាងសូម៉ាលីផងដែរ ប៉ុន្តែអង្គការសហ ប្រជាជាតិ អះអាងថាហានិភ័យសម្រាប់សូម៉ាលីមានលក្ខណៈធ្ងន់ធ្ងរជាង ដោយមនុស្សប្រមាណ ២០០ ០០០ នាក់ កំពុងស្ថិតក្នុងគ្រោះថ្នាក់ នៃភាពអត់ឃ្លាន ខណៈកុមារប្រមាណ ១,៥ លាននាក់ រំពឹងថានឹង ប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅខែក្រោយនេះ៕
ដោយ៖ហួន ឌីណា