ទិវាគ្រូបង្រៀន៥តុលា៖សមាគមចង់ចុះផ្លូវសម្ដែងមតិ តែអាជ្ញាធរថាកុំឲ្យការសម្ដែងមតិក្លាយជាការរំខាន
ភ្នំពេញ៖ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបង្ហាញបំណងចង់ចុះផ្លូវសម្ដែងមតិ នៅក្នុងថ្ងៃប្រារព្ធទិវាគ្រូបង្រៀន៥តុលានាសប្ដាហ៍ក្រោយ តែអាជ្ញាធររាជធានីភ្នំពេញគូសបញ្ជាក់ថា ធ្វើបែបនេះបានអាស្រ័យលើស្ថានភាពជាក់ស្ដែង ដើម្បីកុំឲ្យការសម្ដែងមតិក្លាយជាការរំខាន។
ការលើកឡើងដូច្នេះធ្វើឡើងមុនភាគីទាំងពីរសាលារាជធានីភ្នំពេញ និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនឹងជួបជជែកគ្នានៅថ្ងៃទី២៨ខែកញ្ញាដើម្បីបើកផ្លូវឲ្យសមាគមគ្រូបង្រៀនរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃទី៥តុលានៅទីលានប្រជាធិបតេយ្យដោយសន្តិវិធី។
កិច្ចប្រជុំនេះដឹកនាំដោយលោក កើត ឆែ និង លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ រីឯភាគីសមាគមដឹកនាំដោយលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនឹងសមាភាពចូលរួមផ្សេងទៀតសរុប២០រូប។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញលើកឡើងនៅថ្ងៃទី២៧កញ្ញាថា ជំនួបមុនការប្រារព្ធទិវាគ្រូបង្រៀនមកដល់នៅថ្ងៃទី៥ខែកញ្ញា សំខាន់សម្រាប់ភាគីទាំងពីរក្នុងការគ្រប់គ្រងសភាពការណ៍ និងងាយស្រួលដល់អាជ្ញាធរក្នុងការបែងចែកការងារតាមគោលដៅនិមួយៗជៀសវាងកើតមានបញ្ហាអ្វីមួយជាយថាហេតុ។
លោកបន្ថែមថា«នៅក្នុងសំណើរជួបជុំរបស់សមាគមផ្ញើមកកាន់សាលារាជធានីភ្នំពេញ ការជួបជុំនោះមានគ្នា១៥០នាក់ អ៊ីចឹងសមាភាពប៉ុណ្ណឹងយើងនឹងសម្រេចជូនគាត់នៅក្នុងជំនួបថ្ងៃទី២៨កញ្ញា តែដែលសំខាន់នោះយើងចង់ដឹងអំពីការទទួលខុសត្រូវថា សមាគមនឹងយកញត្តិទៅដាក់នៅស្ថាប័នណាខ្លះ?ហើយយកទៅដាក់នោះប៉ុន្មាននាក់»?
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនបានប្រាប់ឲ្យដឹងនៅថ្ងៃទី២៧ខែកញ្ញាដែរថា សមាគមនឹងប្រារព្ធទិវាគ្រូបង្រៀននៅឆ្នាំ២០២២នេះក្រោមប្រធានបទ«កម្រិតស្ថានភាពគ្រូបង្រៀននៅកម្ពុជា»។លោកស្រីចង់ឲ្យអាជ្ញាធរផ្ដល់សិទ្ធិមកសមាជិកសមាគមចុះថ្នល់សម្ដែងមតិ ដោយគ្មានការរារាំងដើម្បីយកញត្តិទៅដាក់នៅស្ថាប័នពាក់ព័ន្ធ។
បើតាមលោកស្រី អ៊ុក ឆាយ៉ាវី ប្រសិនបើការអនុញ្ញាតកើតឡើងមែននោះវានឹងបង្ហាញពីលម្ហសេរីភាពនៅកម្ពុជាកាន់តែទូលំទូលាយ។
លោកស្រីបន្ថែមថា«ជារៀងរាល់ឆ្នាំអាជ្ញាធរតែងតែឲ្យយើងជួបជុំគ្នាប្រារព្ធទិវាគ្រូបង្រៀននេះឡើង តែបញ្ហានៅត្រង់ថា អាជ្ញាធរកម្រិតការចូលរួម កំណត់ទីតាំងក្នុងការឈរ ។អ៊ីចឹងខ្ញុំគិតថា វាបានប៉ះពាល់ដល់សេរីភាពនៃការចូលរួមដោយសេរី។ តែឆ្នាំនេះយើងចង់ឃើញមានរូបភាពថ្មីអនុញ្ញាតឲ្យលោកគ្រូអ្នកគ្រូដើរហែយកញត្តិទៅដាក់តាមគោលដៅដែលខ្លួនបានគិតទុក»។
ចំណែក លោក កើត ឆែ អះអាងថា អាជ្ញាធរតែងតែសម្របសម្រួលគ្រប់ការជួបជុំសម្ដែងមតិហើយការដើរផ្លូវសម្ដែងមតិអាជ្ញាធរខ្លាចក្រែងប៉ះពាល់ដល់ការធ្វើចរាចរក្នុងរាធានីភ្នំពេញ ព្រោះរាជធានីភ្នំពេញកំពុងមានភាពមមាញឹកស្រាប់ទៅហើយ។លោកថា«យើងមិនដែលបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទេព្រោះកម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែការសម្ដែងមតិទាំងអស់ត្រូវស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា។
បើតាមអភិបាលរងរាធានីភ្នំពេញរូបនេះ អាជ្ញាធរអាចផ្ដល់ជម្រើសពីរទៅសមាគមដោយជម្រើសទី១ អញ្ជើញភាគីពាក់ព័ន្ធដែលសមាគមចង់ដាក់ញត្តិហ្នឹងមកទទួលញត្តិដល់ទីលានប្រជាធិបតេយ្យផ្ទាល់តែម្ដង។ ទី២សមាគមចាត់តំណាងជាមួយនឹងចំនួនសមស្របប្រើប្រាស់មធ្យោបាយណាមួយយកញត្តិទៅដាក់ដល់កន្លែង។
ចំពោះប្រធានបទដែលត្រូវប្រារព្ធនៅឆ្នាំនេះវិញ«កម្រិតស្ថានភាពគ្រូបង្រៀននៅកម្ពុជា»ត្រូវបានលោកស្រី អ៊ុក ឆាយ៉ាវី អះអាងថា គេចង់ឃើញរូបភាពថ្មីនៅក្នុងវិស័យអប់រំ គ្រូបង្រៀនគួរបង្ហាញភាពស្អាតស្អំថ្លៃថ្នូរដោយបញ្ឈប់ការយកនំទៅលក់ក្នុងសាលា បើកការបង្រៀនគួរក្រៅម៉ោងដើម្បីបានចំណូលនិងកៀបពិន្ទុសិស្សចំពោះគ្នាគ្មានលទ្ធភាពរៀនគួរក្រៅម៉ោង៕
ដោយ៖អេង រាជនី