អង់គ្លេសដាក់ទណ្ឌកម្មលើពលរដ្ឋរុស្ស៊ី ដែលជាប់ពាក់ព័ន្ធនឹងការបោះឆ្នោតប្រជាមាតិ “ក្លែងក្លាយ” នៅអ៊ុយក្រែន
ឡុងដ៍៖ ប្រទេសអង់គ្លេសនៅថ្ងៃចន្ទ (ថ្ងៃទី 26 ខែកញ្ញា) បានប្រកាសកញ្ចប់ទណ្ឌកម្មថ្មីដែលភ្ជាប់ទៅនឹងអ្វីដែលខ្លួនបានពិពណ៌នាថាជាការបោះឆ្នោតប្រជាមតិ “បោកប្រាស់” របស់ទីក្រុងម៉ូស្គូលើតំបន់ចំនួនបួន នៃភាគខាងកើតអ៊ុយក្រែនដែលចូលរួមជាមួយប្រទេសរុស្ស៊ី ។
ពលរដ្ឋក្នុងតំបន់ចំនួនបួននៃប្រទេសអ៊ុយក្រែន បាននាំគ្នាបោះឆ្នោតជាថ្ងៃទីបួននៅថ្ងៃចន្ទទី២៦ ខែកញ្ញានេះ ក្នុងការធ្វើប្រជាមតិដែលរៀបចំដោយរុស្ស៊ី ដែលផែនការនេះត្រូវបានអ៊ុយក្រែន និងលោកខាងលិចចាត់ទុកថា ជាការបោកប្រាស់ ឬក្លែងក្លាយ ។
បន្ថែមលើនេះ ពួកគេបាននិយាយថា លទ្ធផលត្រូវបានកំណត់ទុកជាមុន ហើយពួកគេនឹងមិនទទួលស្គាល់លទ្ធផលនោះទេ។ រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្មនោះ មានមន្ត្រីរុស្ស៊ីកំពូលៗដែលមានជាប់ពាក់ព័ន្ធនឹងការដឹកនាំដំណើរការបោះឆ្នោត ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបោះឆ្នោតប្រជាមតិក្លែងក្លាយនេះ មិនអាចត្រូវបានទទួលស្គាល់ថា មានភាពសេរី ឬយុត្តិធម៌ទេ ហើយយើងនឹងមិនទទួលស្គាល់លទ្ធផលរបស់ពួកគេឡើយ ។
លោកថា ទណ្ឌកម្មថ្ងៃនេះ នឹងកំណត់គោលដៅអ្នកដែលនៅពីក្រោយការបោះឆ្នោតក្លែងក្លាយទាំងនេះ ក៏ដូចជាបុគ្គលដែលបន្តគាំទ្រសង្រ្គាមឈ្លានពានរបស់របបរុស្ស៊ីលើអ៊ុយក្រែន ។
ចក្រភពអង់គ្លេសបានបញ្ជាក់ថា ទណ្ឌកម្មទាំងនោះរួមមានសមាជិកក្រុមប្រឹក្សាភិបាល និងនាយកចំនួន ៥៥រូបមកពីស្ថាប័ន-អង្គការនានាដែលរដ្ឋាភិបាលទីក្រុងឡុងដ៍បាននិយាយថា បន្តគាំទ្រសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា


