ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ អំពាវនាវដល់ យុវជនកម្ពុជា ត្រូវមានការសាមគ្គីភាព និងភាពស្មោះត្រង់ ព្រោះវាជាដើមទុន ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ
កំពង់ធំ៖ ឯកឧត្តម ជា ចាន់តូ បានអំពាវនាវដល់យុវជនកម្ពុជា ត្រូវមានការសាមគ្គីភាព និងភាពស្មោះត្រង់ ព្រោះវាជាដើមទុន ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ការអំពាវនាវរបស់ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ ដូចនេះធ្វើឡើង នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សថ្នាក់ទី១២ ក្នុងក្រុងស្ទឹងសែន ចំនួន១១៧៥នាក់ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០២២ ខាងមុខ ។
នៅឱកាសនោះដែរ ឯកឧត្តម ជា ចាន់តូ បានលើកឡើងថា ចំពោះមុខនេះ យើងទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែង ដើម្បីរត់ឲ្យទាន់ នឹងប្រទេសជឿនលឿន ក្នុងនោះរួមទាំងបណ្ដាប្រទេសក្នុងតំបន់ ។ ដូចនេះហើយ បានជារាជរដ្ឋាភិបាល ពិសេស សម្ដេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ និងផ្ដល់អាទ្ធភាពលើការកសាងធនធានមនុស្ស ឲ្យបានច្រើន និងប្រកបដោយសក្ដានុពល ពិសេសការបណ្ដុះបណ្ដាលយុវជន ដែលជាកម្លាំងបន្តវេន។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដម ក៏បានស្នើដល់យុវជនយើង គប្បីត្រូវមានការសាមគ្គីភាព និងភាពស្មោះត្រង់ ព្រោះវាជាដើមទុនមួយ មិនអាចខ្វះបាន នៅក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។
ឯកឧត្ដម ក៏បានក្រើនរំលឹកដល់សិស្សានុសិស្ស ឱ្យចេះជ្រើសរើស និងកំណត់គោលដៅឱ្យបានច្បាស់លាស់ នៅក្នុងការរៀបចំអនាគតខ្លួន បន្ទាប់ពីបញ្ចប់ពីការសិក្សាចំណេះដឹងទូទៅ នោះទើបនៅថ្ងៃអនាគត ទទួលបានលទ្ធផលល្អសម្រាប់ខ្លួន, គ្រួសារ និងសង្គម។
ជាមួយនេះដែរ ឯកឧត្ដម ជា ចាន់តូ ក៏បានសម្ដែងការសង្ឃឹមដែរថា ការប្រឡងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២នេះ របស់សិស្សថ្នាក់ទី១២ ក្នុងក្រុងស្ទឹងសែន នឹងប្រឡងជាប់ទាំងអស់គ្នា ព្រមទាំងទទួលបាននិទ្ទេស អេ “A” ច្រើនជាងឆ្នាំសិក្សាមុនៗ ។
ក្នុងឱកាសនោះ ឯកឧត្ដម ជា ចាន់តូ បានផ្ដល់សម្ភារះសិក្សា ជាការលើកទឹកចិត្ត មានប៊ិច សៀវភៅ កាតាប និងថវិកា ដែលជាអំណោយផ្ទាល់របស់ឯកឧត្ដម និង លោកជំទាវ និងជារបស់សប្បុរសជន ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្ស ដែលត្រៀមប្រឡងទាំង ១១៥៧នាក់ផងដែរ ៕ ដោយ វ៉េង លីមហួត



