រដ្ឋមន្ត្រីទេសចរណ៍៖ ការស្រោចវ៉ាក់សាំងជាយុទ្ធសាស្ត្រសំខាន់មួយរបស់កម្ពុជាក្នុងការស្តារវិស័យទេសចរណ៍បន្ទាប់ពីវិបត្តិកូវីដ១៩

ភ្នំពេញ៖ការស្រោចវ៉ាក់សាំងជាយុទ្ធសាស្ត្រមួយរបស់កម្ពុជាក្នុងការស្តារវិស័យទេសចរណ៍បន្ទាប់ពីវិបត្តិកូវីដ១៩។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីទេសចរណ៍ឯកឧត្តម ថោងខុន ក្នុងពេលដែលលោកតំណាងឱ្យកម្ពុជាចែករំលែកបទពិសោធន៍ជោគជ័យរប​ស់ខ្លួនលើការស្តារវិស័យទេសចរណ៍នៅក្រោយវិបត្តិជំងឺរាតត្បាតកូវីដ១៩ ដល់បណ្តាប្រទេស ​G-20 នាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 នៅក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ដែលមានការចូលរួមពីប្រទេសចំនួន២៤ និងអង្គការទេសចរណ៍ពិភពលោក ព្រមទាំងវត្តមានអង្គការអន្តរជាតិធំៗផ្សេងទៀត។

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាឯកឧត្តម ថោង ខុន បានអញ្ជើញចូលរូមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ីក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន និងតំណាងឲ្យវិស័យទេសចរណ៍អាស៊ាន។

ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានប្រាប់ពីគន្លឹះជោគជ័យរបស់រដ្ឋាភិបាលកម្ពុជាក្នុងកិច្ចស្តារវិស័យទេសចរណ៍របស់ខ្លួនចំនួនបីចំណុច។ ក្នុងនោះរួមមាន វិធានការរដ្ឋនានាសំដៅទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ការបន្សាំសហគមន៍នឹងយុទ្ធសាស្ត្រវ៉ាក់សាំងនិងទេសចរណ៍វ៉ាក់សាំង និងផែនការស្តារទេសចរណ៍ ២០២០-២០២៥។

លោក បញ្ជាក់ថា តាមរយៈបទពិសោធន៍ជាងពីរឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជា បានខិតខំទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ និងបានដោះស្រាយផលប៉ះពាល់នានា ផ្អែកលើវិធានការសុខាភិបាល និងរដ្ឋបាល និងការអន្តរាគមន៍សេដ្ឋកិច្ចសង្គម។

ឯកឧត្តម ថោង ខុន បន្ថែមពីគន្លះនយោបាយវ៉ាក់សាំងផ្សារភ្ជាប់វិស័យទេសចរណ៍ដូច្នេះថា៖ «ការកំណត់របស់នាយករដ្ឋមន្ត្រី ក្នុងការយកការចាក់វ៉ាក់សាំង ជាយុទ្ធសាស្ត្រគន្លឹះ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានអត្រានៃការគ្របដណ្តប់ការចាក់វ៉ាក់សាំងខ្ពស់ជាងគេ ក្នុងចំណោមប្រទេសមួយចំនួនក្នុងពិភពលោក និងទទួលបានភាពស៊ាំសហគមន៍ ដែលជាមូលដ្ឋាននៃការបើកប្រទេសឡើងវិញចាប់ពីចុងឆ្នាំ២០២១ មក ដោយបានបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ក្នុងនោះរួមមានការបើកទទួលទេសចរអន្តរជាតិ និងអ្នកដំណើរផ្សេងៗទៀត ដែលបានចាក់វ៉ាក់សាំងពេញលេញ»

ចំពោះចំណុចផែនទីចង្អុលផ្លូវស្តីពីការស្តារទេសចរណ៍កម្ពុជា ២០២០-២០២៥ វិញឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាគូសបញ្ជាក់ក្នុងជំនួបប្រជុំថា មាន ៣ដំណាក់កាលធំៗ ក្នុងនោះ ដំណាក់កាលទី១ ភាពធន់ និង ការចាប់ផ្តើមឡើងវិញ ពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២១ ដំណាក់កាលទី២ គឺការស្តារឡើងវិញ​ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ និងដំណាក់កាលទី៣ ការរៀបចំអនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា​ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥។

ឯកឧត្តមបន្ថែមថា ប្រធានបទរបស់ប្រធាន G20 ឥណ្ឌូនេស៊ី ឆ្នាំ២០២២នេះ គឺ «ស្តារឡើងវិញទាំងអស់គ្នា, ស្តារឡើងវិញខ្លាំងជាងមុន (Recover Together, Recover Stronger) » គឺស្របនឹងប្រធានបទអាស៊ានដែលកម្ពុជាប្រធា​នដែរគឹ «រួមគ្នាដោះស្រាយបញ្ហាប្រឈម( A.C.T: Addressing Challenges Together) » ដែលផ្តោតយកចិត្តទុកដាក់ខ្ពស់លើភាពចំបាច់នៃសាមគ្គីភាពរវាងប្រជាជាតិ និងប្រជាជននានា ដើម្បីបង្កើនល្បឿននៃការស្ដារឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសកាន់តែជាប់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដែលជាវិស័យរងផលប៉ះពាល់ខ្លាំងជាងគេ។

លោកហូ វណ្ឌី ទីប្រឹក្សាសមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា យល់ស្របនិងសាទរចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលើភាពជោគជ័យរបស់កម្ពុជាលើការស្តារកំណើនវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូដ១៩ ដែលលោកថា ភាពជោគជ័យនេះបានមកតាមរយៈការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ ក្នុងប្រសិទ្ធភាពខ្ពស់ និងជាពិសេសឆន្ទៈរដ្ឋាភិបាលកម្ពុជាក្នុងការហ៊ានបើកដំណើរការប្រទេសឡើងវិញបានឆាប់រហ័សដែលជាកាតាលីករជំរុញដល់វិស័យទេសចរណ៍។

លោកហូ វណ្ឌី លើកឡើងពីកត្តាដែលនាំដល់សន្ទុះនៃការស្តារវិស័យទេសចរណ៍កម្ពុជាបានឆាប់រហ័ស ដែលនាំមុខគេក្នុងតំបន់ថា៖ «កម្ពុជាជាប្រទេសនាំមុខមួយក្នុងតំបន់ ចំណែកប្រទេសខ្លះទៀតមិនជោគជ័យដួចយើងទេ ខ្ញុំមើលឃើញកត្តា ៣យ៉ាង ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញនេះ រួមមាន ទី១ ការជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទី២ កត្តាហេដ្ឋារចនាសម្ព័ន្ធដែលកម្ពុជាខំប្រឹងកសាងទោះស្ថិតក្នុងបរិបទកូវីដនិងទី៣គឺភាពរីកចម្រើននៃការផ្គត់ផ្គង់សេវាកម្មនៅតាមតំបន់ទេសចរណ៍ »។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះរំពឹងថា ការងារក្នុងវិស័យទេសចរណ៍នឹងវិលមករកស្ថានភាពប្រសើរឡើងវិញនៅពេលខាងមុខ បន្ទាប់ពីការងារក្នុងវិស័យនេះបានរងគ្រោះយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ១៩ ដែលលោកគូសបញ្ជាក់ថា អំឡុងជំងឺរាតត្បាត អ្នកសេសល់ក្នុងការងារវិស័យទេសចរណ៍មានត្រឹមចន្លោះពី ១០ភាគរយទៅ ២០ភាគរយ ប៉ុណ្ណោះ មកដល់ពេលនេះ មានកើនឡើងដល់អាត្រា ៨០ភាគរយ បើទោះបីមិនទាន់វិលរកសភាពដើមវិញក៏ដោយ លោកក៏សង្ឃឹមថា វិស័យនេះនឹងប្រសើរវិលទៅសភាពដើមវិញឆាប់ៗ។

គិតត្រឹមខែសីហាក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២២កម្ពុជាទទួលបានភ្ញៀវអន្តរជាតិចំនួន ៩៩៨,២៧២នាក់ កើនឡើង ៧២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលបានយាយីពីជំងឺកូវីដ១៩ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅមុនវិបត្តិកូវីដ១៩ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិរហូតដល់រង្វង់ ៦,៦ លាននាក់ក្នុងឆ្នាំ២០១៩ ដែលបានបង្កើតចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិប្រមាណ ៤,៩២ពាន់លានដុល្លារ៕

ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner