បណ្តាខេត្តភាគកណ្ដាលវៀតណាមគ្រោងជម្លៀសមនុស្សបួនសែននាក់ ត្រៀមឆ្លើយតបជាបន្ទាន់ចំពោះព្យុះទីហ្វុង ណូរូ
ហាណូយ៖សារព័ត៌មានសំឡេងប្រជាជនវៀតណាមVOVផ្សាយថា បណ្តាខេត្តភាគកណ្តាលវៀតណាម បានរៀបចំផែនការជាបន្ទាន់ ដោយត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបនឹងព្យុះ ណូរូ(Noru) ដែលនឹងបោកបក់ ដើម្បីកាត់បន្ថយការខូចខាត។
ព្យុះទីហ្វុង Noru កំពុងបង្កើនកម្លាំងបន្ទាប់ពីចាកចេញពីហ្វីលីពីន។ បច្ចុប្បន្ននេះវាកំពុងបក់បោកពាសពេញផ្ទៃទឹកសមុទ្រនៃសមុទ្រចិនខាងត្បូង ហើយត្រូវបានគេព្យាករណ៍ថានឹងបោកបក់នៅប្រទេសវៀតណាមនៅថ្ងៃទី២៨ខែកញ្ញា។ ឆ្នេរសមុទ្រភាគកណ្តាលរបស់ប្រទេសវៀតណាម រួមទាំងទីក្រុង ដាណាង(Da Nang) នឹងរងការវាយប្រហារដោយផ្ទាល់។ បន្ទាប់មក ព្យុះទីហ្វុងនឹងឆ្ពោះទៅកាន់ប្រទេសថៃ។
រដ្ឋបាលខេត្ត កាង ណាម(Quang Nam)កាលពីថ្ងៃទី ២៥ កញ្ញា បានបញ្ជាឲ្យបណ្ដាតំបន់ឆ្នេរត្រូវជម្លៀសប្រជាជន និងភ្ញៀវទេសចរទៅកាន់កន្លែងមានសុវត្ថិភាព។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam លោក ហូ កាងប៊ូ(Ho Quang Buu បានឲ្យដឹងថា៖ “ខេត្ត មានផែនការលម្អិតក្នុងការជម្លៀសប្រជាជននិងភ្ញៀវទេសចរ។ ក្នុងករណីមានព្យុះបោកបក់ខ្លាំង យើងនឹងផ្លាស់ទីលំនៅរបស់ប្រជាជន ១៨២.០០០នាក់នៅក្នុងតំបន់គ្រោះថ្នាក់ ហើយក្នុងករណីមានព្យុះបោកបក់ខ្លាំងជាងទៀត យើងនឹងជម្លៀសប្រជាជន ៤០០.០០០ នាក់។រសៀលថ្ងៃទី ២៥ កញ្ញា ភ្ញៀវទាំងអស់ត្រូវបានជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព”។
ប្រភពដដែលលើកឡើងថា កងកម្លាំងយោធានៅទីក្រុង Da Nang បានសម្របសម្រួលជួយអ្នកនេសាទនិងប្រជាជននៅឆ្នេរសមុទ្រក្នុងការបោះយុថ្កា នាំយកទូកចូលច្រាំង និងការពារផ្ទះសម្បែងមុនពេលព្យុះបោកបក់។ កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Da Nang បានដាក់ពង្រាយទៅកាន់កំពង់ចំណតទូក Tho Quang ខ័ណ្ឌ Son Tra ដោយសម្របសម្រួលជាមួយគណៈគ្រប់គ្រងកំពង់ផែនេសាទ ដើម្បីផ្សព្វផ្សាយ និងស្នើរឲ្យម្ចាស់នាវាបោះយុថ្កា និងធានាសុវត្ថិភាព។
ទន្ទឹមនឹងនោះ មូលដ្ឋានជាច្រើននៅខេត្ត Thua Thien Hue បានចល័តកម្លាំងដើម្បីជួយប្រជាជននៅតំបន់សំខាន់ៗ ជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព និងរៀបចំផែនការជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់។ ព័ត៌មានអំពីផ្លូវនិងការឆ្លើយតបទៅនឹងព្យុះទីហ្វុង Noru ត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងបណ្ដាញសារព័ត៌មានដទៃទៀត៕
ដោយ៖វណ្ណ ស័ក្តិ


