អ្នកជីកកាក់ Bitcoin កំពុងផុងខ្លួន ដោយសារទីផ្សារគ្រីបតូដាំក្បាលចុះ
អន្តរជាតិ៖ចំណូលដែលបានមកពីការជីកកាក់ Bitcoin បានធ្លាក់ចុះមកត្រឹមតែ ១៧.២លានដុល្លារក្នុងថ្ងៃ ខណៈទីផ្សារគ្រីបតូទាំងមូលកំពុងធ្លាក់ចូលក្នុងរដូវរងា(ធ្លាក់ថ្លៃ) និងដោយសារពិភពលោកកំពុងប្រឈមនឹងវិបត្តិថាមពល។ ចំណូលនេះ ធ្លាក់ចុះជាង៧២ភាគរយ គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ដែលកាលពីពេលនោះអ្នកជីកកាក់អាចរកចំណូលបាន៦២លានដុល្លារក្នុងមួយថ្ងៃ។នេះបើតាមទិន្នន័យរបស់ Blockchain.com។
កាលពីចុងឆ្នាំ២០២១ ក្រុមអ្នកជីកកាក់សម្រុកជីកកាក់ និងដាក់លក់កាក់ Bitcoin ដែលជីកបាន នៅលើទីផ្សារ ដោយពួកគេរកបានចំណូលបានគួរសមដោយសារតម្លៃអគ្គិសនីថោក។ អ្វីដែលចាំបាច់គ្រាន់តែមានកុំព្យូទ័រ ដែលមានហ្រ្កាហ្វិកកាតខ្ពស់ នោះអាចដើរតួជាអ្នកដោះស្រាយសមីការគណិតនៅក្នុងប្លុកឆេនរបស់ Bitcoin ហើយទទួលបានកាក់Bitcoinសម្រាប់ចំណែករបស់ពួកគេ។ដំណើរការនេះគេហៅយ៉ាងសាមញ្ញថា ជីកកាក់។
លោក Joe Burnett ប្រធានផ្នែកវិភាគនៃក្រុមហ៊ុន Blockware Solutions បានលើកឡើងថា “អ្នកជីកកាក់ Bitcoin កំពុងតែប្រឈមនឹងសម្ពាធនៃការថយចុះចំណូល តម្លៃកាក់ Bitcoin ធ្លាក់ចុះ ការជីកកាក់កាន់តែពិបាកជាងមុន បូកថែមនឹងថាមពលអគ្គិសនីកាន់តែថ្លៃ។” បញ្ហាទាំងនេះបានក្លាយជាបន្ទុកបន្ថែមទៀត ដល់អ្នកជីកកាក់ដែលបានទិញម៉ាស៊ីជីកកាក់ថ្លៃៗ។
បច្ចុប្បន្ននេះ កាក់គ្រីបតូ Bitcoin គឺជាកាក់ ដែលមានតម្លៃមូលធនទីផ្សារជិត ៤០០ប៊ីលានដុល្លារ ហើយធំជាងគេនៅក្នុងទីផ្សារទាំងមូល ដែលមានទំហំជាង ១ទ្រីលានដុល្លារ។ កាលពីសប្តាហ៍មុនកាក់គ្រីបតូ ត្រូវបានជួញដូរក្នុងតម្លៃ ១៩,០០០ដុល្លារអាមេរិក ធ្លាក់ចុះពី ២៥,០០០ដុល្លារអាមេរិក កាលពីខែសីហា កន្លងទៅ។ តម្លៃខ្ពស់បំផុតរបស់កាក់ Bitcoin គឺ ៦៩,០០០ដុល្លារ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ខណៈនៅដើម្បីសប្តាហ៍ទី៣ ខែកញ្ញានេះ កាក់ Bitcoin បានឡើងថ្លៃមកវិញ ក្នុងខ្ទង់ ២០,០០០ដុល្លារ។
យ៉ាងណាក៏ដោយប្រតិបត្តិការជីកកាក់ Bitcoin គឺជាដំណើរវែងឆ្ងាយ ព្រោះកាក់ចុងក្រោយបំផុត ឬកាក់ទី ២១លាន នឹងត្រូវជីកបាននៅក្នុងឆ្នាំ២១៤០។
លោក William Szamosszegi ជាអគ្គនាយកក្រុមហ៊ុន Sazmining Inc បានលើកឡើងថា “នេះគឺជាពេលវេលាដ៏ល្អបំផុតក្នុងការប្រឡូកចូលវិស័យនេះ។ កាលពីមុនអ្នកត្រូវចំណាយជាង១ម៉ឺនដុល្លារ ដើម្បីរៀបម៉ាស៊ីនជីកកាក់ Bitcoin ប៉ុន្តែពេលនេះវាបានចុះថ្លៃពី៥០ភាគរយ រហូតដល់៧០ភាគរយឯណោះ។”
ជាការពិត អ្នកជីកកាក់ខ្លះ ត្រូវកាត់បន្ថយការចំណាយរបស់ពួកគេក្នុងទិញម៉ាស៊ីន ឬរៀបម៉ាស៊ីនជីកកាក់បន្ថែម ដែលនេះតម្រូវឲ្យក្រុមហ៊ុនផលិតម៉ាស៊ីន ឬរៀបម៉ាស៊ីនជីកកាក់ត្រូវកាត់បន្ថយថ្លៃផលិត។
ជាក់ស្តែងម៉ាស៊ីនជីកកាក់ម៉ាក S19J Pro ត្រូវបានដាក់លក់ក្នុងតម្លៃជាង ១ម៉ឺនដុល្លារ កាលពីខែមករាកន្លងទៅនេះ ប៉ុន្តែបច្ចុប្បន្ន អ្នកលក់បានបញ្ចុះតម្លៃវាមកត្រឹមតែ ៣,២០០ដុល្លារតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនវិភាគប្លុកឆេនLuxor៕ ដោយ CPA/យ៉ាន អាន