ការចំណាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌគឺជាការខកខានមិនបានរបស់ខ្មែរជាពុទ្ធសាសនិក ខណៈអ្នកជំនួញយល់ថា ជាការជួយដល់សេដ្ឋកិច្ចមូលដ្ឋាន
ភ្នំពេញ៖ ក្នុងរដូវកាលបុណ្យទានម្ដងៗប្រជាជនខ្មែរដែលជាពុទ្ធសាសនិកបានចំណាយប្រាក់ជាច្រើនសម្រាប់ ការធ្វើបុណ្យទាន ការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំសាច់ញាតិនិងដំណើរកម្សាន្តផ្សេងៗ។ រដូវភ្ជុំបិណ្ឌដែលទើបតែបានបញ្ចប់ទៅកាលពីម្សិលមិញ(២៦ខែកញ្ញា)នេះប្រជាជនខ្មែរភាគច្រើនបានចំណាយប្រាក់កាសទោះតិចក្តី ច្រើនក្តី នៅតាមស្រុកភូមិរៀងៗខ្លួន។ការចាយវាយក្នុងពេលភ្ជុំបិណ្ឌជាការចំណាយដែលខកខានមិនបាន។ចំណែកអ្នកជំនួញយល់ថាជាការជួយដល់ សេដ្ឋកិច្ចមូលដ្ឋាន។
បើតាមកិច្ចសម្ភាសន៍ជាមួយពីពលរដ្ឋខ្មែរ ដែលរាប់បញ្ចូលទាំងយុវវ័យ និងវ័យកណ្ដាល ឃើញថា ពលរដ្ឋម្នាក់ៗមានការចំណាយជាមធ្យមចាប់ពី២០ម៉ឺនរៀលឡើងទៅតាមលទ្ធភាពនិងជីវភាពរបស់សាមីខ្លួននីមួយៗដែលការចំណាយនេះអស់តិចឬច្រើនអាស្រ័យលើវ័យនិងទំនួលខុសត្រូវរបស់ពួកគេ។
លោក ពសុធា ដែលជាអ្នកផលិតកម្មវិធីនៅក្រុមហ៊ុនឯកជនមួយ បានរៀបរាប់ថាខ្លួនបានចំណាយ អស់ប្រមាណ៤០ម៉ឺនរៀលគិតទាំងភរិយាយរបស់លោកផង។អ្នកផលិតកម្មវិធីរូបនេះបាន ធ្វើដំណើរទៅដល់ខេត្តត្បូងឃ្មុំដោយប្រើប្រាស់មធ្យោបាយម៉ូតូ។៤០ម៉ឺនរៀលនេះគឺលោកបញ្ជាក់ថាចំណាយលើការធ្វើដំណើរ ការជូនឪពុកម្ដាយបន្តិចបន្តួច និងការហូបចុកតាមផ្លូវប៉ុណ្ណោះ។
រីឯ លោក សត្យា ដែលប្រើប្រាស់ឡានផ្ទាល់ខ្លួនជាមធ្យោបាយរូមមានទាំងភរិយា និងកូនផង បានចំណាយអស់ខ្ទង់មួយលានរៀល សម្រាប់រយៈពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។ គ្រាន់តែថ្លៃប្រេងសាំង លោកថាចំណាយអស់ ជាង២០ម៉ឺនរៀលទៅហើយ និងក្រៅពីនោះគឺលើការចាយវាយតាមផ្លូវ ក៏ដូចជាម្ហូបអាហារជាដើម។
កញ្ញា ចន្ថា ដែលជាអ្នកនៅលីវវិញម្ដង ចំណាយអស់ខ្ទង់ ៤០ម៉ឺនរៀល ។កញ្ញាថា ចំណាយភាគ ច្រើនគឺលើការទិញនំចំណីផ្ញើរអ្នកផ្ទះ និងជាវជាទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃ។ សម្រាប់ ការធ្វើដំណើរគឺមិនសូវចោទជាបញ្ហាទេ ដោយកញ្ញាជិះម៉ូតូទៅស្រុក ដែលស្ថិតនៅក្នុងខេត្តកែប។
កញ្ញា ស្រីមុំ ដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ និងត្រូវជូនថវិកាដល់ចាស់ៗនៅក្បែរភូមិរបស់ ខ្លួនឯណោះវិញ បានចំណាយអស់ប្រមាណ ១,២លានរៀល។ កញ្ញាស្រីមុំ៖ «បើគិតពីការធ្វើដំណើរ គឺមិនសូវអស់ច្រើនទេ! ដោយសារនៅជិតដែរ តែអស់ច្រើននឹង ទិញរបស់ជូនចាស់ៗ ជូនលុយម៉ាក់ប៉ា និងការចាត់ចែងម្ហូបទៅវត្ត»។
សម្រាប់លោក វណ្ណេត ដែលជាអ្នកកាត់តវីដេអូឱ្យក្រុមហ៊ុនឯកជនមួយបានឱ្យដឹងថា ខ្លួនលោក ចំណាយអស់ ១,៤លានរៀល។
លោក វណ្ណេត៖ «គ្រាន់តែសំាងឡានអស់ ១២ម៉ឺន ជួបជុំគ្រួសារញាំអាហារអស់ ៤០ម៉ឺនជូនលុយតាយាយអស់ ៨០ម៉ឺន និងទិញសម្ភារទៅវត្តអស់ប្រាំបីម៉ឺន! ហើយនេះជាការចាយសន្សំ សំចៃផង»។
សម្រាប់យុវជន ប៉ូលី ដែលនៅជានិស្សិតកំពុងសិក្សានៅឡើយ ហាក់មិនសូវជាចំណាយអស់ច្រើន នោះទេ ដោយហេតុថាខ្លួនមិនមានទំនួលខុសត្រូវលើការជូនលុយកាក់ដល់ឪពុកម្ដាយ ឬទិញម្ហូប អាហារទេ។ និស្សិតរូបនេះ បានរៀបរាប់ថា ខ្លួនចំណាយអស់ត្រឹមតែ២០ម៉ឺនរៀលប៉ុណ្ណោះ ដែលការចំណាយនេះគឺទៅលើការហូបចុក និងជួបជុំគ្នាជាមួយមិត្តភក្កិ។
លោកស្រី សុខឃាង ដែលមានស្រុកកំណើតនៅខេត្តកំពតឯណោះ បានចំណាយអស់៦០ម៉ឺនរៀល រួមមានការជូនថវិការដល់ឪពុកម្ដាយបន្តិចបន្តួច ការធ្វើដំណើរ ក៏ដូចជាការចាយវាតាមផ្លូវនៃការធ្វើដំណើរ។
ចុងក្រោយ គឺកញ្ញា ថានិត ដែលរស់នៅទីក្រុងភ្នំពេញស្រាប់ និងមិនបានចេញទៅតាមរម្យនីយ ដ្ឋានណាទេ ក៏បានចំណាយអស់ជិត៤០ម៉ឺនរៀលដែរ។ ៤០ម៉ឺនរៀលនេះគឺចាយលើការញុំា ដោយហេតុថានៅក្នុងតំបន់ដែលកញ្ញារស់នៅមិនមានលក់អ្វីសម្រាប់ហូប ទើបកញ្ញាត្រូវទៅញុំានៅ ផ្សារទំនើប តែម្ដង។
ឆ្លើយតបនឹងការចាយវាយរបស់ប្រជាជនបែបនេះ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ជាសញ្ញាល្អ ក្នុងការណ៍ដែលញុំាំងឱ្យសេដ្ឋកិច្ចមូលដ្ឋានមានដង្ហើមឡើងវិញបន្តិចៗ។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា៖ «នេះជាការរួម ចំណែកក្នុងការរុញសេដ្ឋកិច្ចផ្ទៃក្នុង ជាពិសេសអាជីវកម្មខ្នាតតូច មធ្យម និងអាជីវករក្រៅប្រព័ន្ធ ឱ្យងើបឡើងវិញបន្ទាប់ពីជំងឺកូវីដ។»លោកឧកញ៉ាបញ្ជាក់ផងដែរថា វាជាជំហានល្អមួយសម្រាប់កម្ពុជាក្នុងការវិលត្រឡប់ទៅរកសេដ្ឋកិច្ច ប្រក្រតីវិញជាដំណាក់កាល៕ ដោយ៖ សាន់ ម៉ានិច្ច