សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលចំនួន ២ នៅសាធារណរដ្ឋកូរ៉េ នាចុង ឆ្នាំ២០១៩នេះ
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត វន់ ម៉ុកលី (Won Meok Lee) សាកលវិទ្យា ធិការ នៃសាកលវិទ្យាល័យ កន់ យ៉ាង និងលោកបណ្ឌិត ហ៊ី សូគីម (Hee Soo Kim) ស្ថាបនិកមូល និធិអប់រំ កន់ យ៉ាង នៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅពេលខាងមុខនេះ ពោល គឺនៅក្នុងអំឡុង ខែវិច្ឆិកា សម្ដេចតេជោ នឹងអញ្ជើញទៅសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំកំពូលចំនួន ២ ដែល ទី១-គឺកិច្ចប្រជុំអាស៊ាន-កូរ៉េ និងទី២-កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ដែលគ្រោងនឹងធ្វើនៅទីក្រុងប៊ូសាន នាពេលខាងមុខនេះ ។
នៅក្នុងជំនួបនេះដែរ លោកបណ្ឌិត Won Meok Lee បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋ មន្ត្រីថា លោកបានធ្លាប់មកកាន់ប្រទេសកម្ពុជាម្ដងរួចមកហើយកាលពី១០ឆ្នាំមុន ហើយក៏បានជួប សម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ ។ លោកបណ្ឌិត បានអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នា ពេលនេះ។
លោកបណ្ឌិត បានជម្រាបជូនសម្តេចតេជោថា កាលពីថ្ងៃទី១៨ ខែកញ្ញា លោកបានទៅ ទស្សនកិច្ចនៅមន្ទីរពេទ្យព្រះអង្គឌួង ជាពិសេសនៅមជ្ឈមណ្ឌលមន្ទីរពេទ្យព្យាបាលជំងឺភ្នែក ដែលជួយ ដោយប្រទេសកូរ៉េ តាមរយៈអង្គការកូយការ (KOICA) ។ ក្នុងនោះ លោកក៏បានទៅទស្សនកិច្ចនៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ដោយសារកន្លងមក មានកិច្ចសហប្រតិបត្តិការសាកលវិទ្យា ល័យរបស់គាត់ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
លោកបណ្ឌិតក៏បានជម្រាបជូនសម្តេចតេជោថា កន្លងមក លោកបានជួយដល់ការងារផ្នែកសុខា ភិបាលច្រើន ជាពិសេស ការយកចិត្តទុកដាក់ និងការព្យាបាលជំងឺភ្នែកតាមរយៈមជ្ឈមណ្ឌល ដែលនៅ មន្ទីពេទ្យព្រះអង្គឌួងនោះ ហើយលោកប្ដេជ្ញាថា នឹងខិតខំជួយដល់កម្ពុជា ជាបន្តបន្ទាប់ទៀតផងដែរ ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ប្រទេសកូរ៉េ ដែលកន្លងមក ធ្លាប់បានជួយដល់ ប្រទេសកម្ពុជា លើវិស័យផ្សេងៗ ជាពិសេស ដល់ផ្នែកវិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជាអរគុណទៅដល់ភាគីកូរ៉េ ដែលបាន ជួយក្នុងការផ្ដល់នូវការព្យាបាលជំងឺភ្នែកដល់ប្រជាជនកម្ពុជា ដែលប្រជាជនកម្ពុជាជាច្រើន មានបញ្ហា ជំងឺភ្នែកនេះ ហើយពួកគាត់ ពិតជាត្រូវការចាំបាច់នូវសេវាព្យាបាលបញ្ហានៃជំងឺភ្នែក រួមទាំងជំងឺគថ្លង់ ផងដែរ ហើយកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ក្នុងការចូលរួមចំណែកជួយថែទាំ និងព្យាបាលបងប្អូនប្រជាពលរដ្ឋដែលមានជំងឺភ្នែក និងគថ្លង់ ពិការនេះជាដើម ជាពិសេស កន្លងមក នេះ យើងក៏មានអង្គការគ្រួសារថ្មី ដែលបានយកចិត្តទុកដាក់ក្នុងការជួយដល់កុមារពិការ និងគថ្លង់ ហើយថ្មីៗនេះ អង្គការគ្រួសារថ្មីនេះ ត្រូវបានបញ្ចូលឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល កម្ពុជាវិញ ដូច្នេះ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចំពោះបញ្ហានេះ ។
សម្តេចតេជោបានមានប្រសាសន៍ទៀតថា កន្លងមកនេះ រាជរដ្ឋាភិបាល ក៏ទទួលបានភាពជោគ ជ័យផងដែរ ទាក់ទងទៅនឹងការបង្ការទប់ស្កាត់នូវជំងឺមួយចំនួនដូចជា ជំងឺគ្រុនស្វិតដៃជើង ជំងឺកញ្ជ្រិល និងជំងឺតេតាណូសជាដើម ហើយបច្ចុប្បន្ននេះ កម្ពុជា កំពុងតែយកចិត្តទុកដាក់ទៅលើការប្រយុទ្ធ ប្រឆាំងជំងឺរបេង ជំងឺលើសឈាម និងជំងឺគ្រុនចាញ់ជាដើម ។
សម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការ វិនិយោគយ៉ាងច្រើនទៅលើវិស័យសង្គមកិច្ច ជាពិសេស ក្នុងការផ្ដល់នូវថវិកាជាតិ ទៅលើវិស័យអប់រំ វិស័យសុខាភិបាល ដើម្បីផ្ដល់នូវប្រយោជន៍ ក៏ដូចជាបម្រើនូវសេវាដល់បងប្អូនប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានឆ្លើយតបតាមការអញ្ជើញរបស់លោកបណ្ឌិត សាកល វិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង ថា សម្ដេចតេជោ បានឲ្យរកពេលវេលាណាសមស្រប ដើម្បី សម្ដេចអញ្ជើញទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ កន់ យ៉ាង នៃប្រទេសកូរ៉េនោះ ក្នុងឱកាសដែល សម្ដេច អញ្ជើញទៅសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំកំពូលចំនួន ២ ហើយនៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មានគម្រោងជួបជាមួយពលករខ្មែរ ដែលបម្រើការងារនៅឯប្រទេសកូរ៉េ នោះផងដែរ ៕ធ.ដ