សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ អញ្ជើញកាន់បិណ្ឌវេនទី៦ នៅវត្តព្រះឥន្ធកោសីយ៍

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ទៅតាមគន្លងប្រពៃណីសាសនា ក្នុងឱកាសកាន់បិណ្ឌវេនទី៦ នៅវត្តព្រះឥន្ធកោសីយ៍ ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន១៦លាន៣៥០ពាន់រៀល និងប្រាក់ដុល្លារ៤ពាន់៥២០ដុល្លារ វេរប្រគេនវត្តព្រះឥន្ធកោសីយ៍ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។

មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទនាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានឲ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យច្រើនទៀត របស់ប្រជាពលរដ្ឋខ្មែរ ដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

សម្តេចក៏បានគូសបញ្ជាក់ថា ក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបប្រជាពលរដ្ឋយើងមានឱកាសបានប្រារព្ធពិធីបុណ្យនានាឡើង។ ក្នុងនោះសម្តេច និង លោកជំទាវ បានធ្វើការវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា រួមមាន៖ អង្ករ១តោន មី៣០កេស ទឹកក្រូច១០កេស ទឹកត្រី១០កេស រួមនឹងគ្រឿងឧបភោគ បរិភោគមួយចំនួនធំ ព្រមទាំងបច្ច័យចំនួន១៦លាន៣៥០ពាន់រៀល និងប្រាក់ដុល្លារ៤ពាន់៥២០ដុល្លារ។

តមក សម្តេចពិជ័យ និងលោកជំទាវ ឯកឧត្តម អស់លោក លោកស្រី មន្ត្រីរាជការ និងបងប្អូនពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតា បិតា ជីដូន ជីតា និងញាតិកាលទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារកសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា និងជនរងគ្រោះដោយភាពអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ៕ធ.ដ

ដោយៈ ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner