គណ:បញ្ជាការឯកភាពស្រុកលើកដែក សហការជាមួយផ្នែក និងសង្កាត់ជលផល ចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវត្រីពងកូន
កណ្តាល៖ ដោយមានការណែនាំពីលោកអភិបាលស្រុកលើកដែក និងនាយខណ្ឌរដ្ឋបាលជលផល នាយផ្នែកជលផល ដើម្បីចូលរួមទប់ស្កាត់បង្ក្រាបឲ្យខានតែបាន នូវរាល់បទល្មើសជលផលគ្រប់ប្រភេទដែលច្បាប់ហាមឃាត់ នៃដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង គណៈបញ្ជាការឯកភាពស្រុកលើកដែក បានដឹកនាំកម្លាំងចម្រុះសរុបចំនួនជាង៣០នាក់ ប្រើប្រាស់មធ្យោបាយទូក៥គ្រឿង ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនារដូវត្រីពងកូន និងរឹបអូសឧបករណ៍ខុសច្បាប់យកមកដុតកម្ទេចចោលមួយចំនួនផងដែរ។
ប្រតិបត្តិការនេះដឹកនាំដោយរដ្ឋបាលស្រុកលើកដែកកាលពីដើមសប្តាហ៍នេះ ដោយបែងចែកកម្លាំងជា៣ក្រុម ក្រុមទី១ នៅចំណុច កន្ទុយព្រែកបន្ទាយសាមគ្គីព្រែកថ្មី ស្ថិតក្នុងឃុំខ្ពបអាទាវ និងចំណុចទួលថ្ម ឃុំពាមរាំង និងក្រុមទី២នៅចំណុចអាផាយ ឃុំពាមរាំង ចំណុចទី៣ ព្រែតាទួន ព្រែកថ្មី ឃុំពាមរាំង និងព្រែកតាហ៊ីង ព្រែកតំបាញ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ហើយចុះកាត់ឧបករណ៍នេសាទខុសច្បាប់មួយចំនួនយកមកដុតកម្ទេចចោល។
មន្ត្រីសាលាស្រុកលើកដែកបានឱ្យដឹងថា ដោយមានការណែនាំពីលោកអភិបាលស្រុកលើកដែក ដើម្បីចូលរួមទប់ស្កាត់ បង្ក្រាបឲ្យខានតែបាន នូវរាល់បទល្មើសជលផលគ្រប់ប្រភេទដែលច្បាប់ហាមឃាត់ នៃដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ជាពិសេសក្នុងរដូវបិទនេសាទត្រីពងកូននេះឯង ក្នុងគោលបំណងរក្សាការពារធនធានមច្ឆជាតិឲ្យបានគង់វង្ស។ ហេតុដូច្នេះហើយទើបកម្លាំងគណៈបញ្ជាការឯកភាពស្រុកលើកដែក និងសង្កាត់ជលផលតែងតែចុះបង្ក្រាបបទល្មើសនេសាទនៅតាមបឹង ព្រែក ទន្លេ ជាបន្តបន្ទាប់ ធ្វើឡើងដូចភ្លៀងរលឹម។
ជាលទ្ធផលទាំង៣ទីតាំងនេះ កម្លាំងចម្រុះបានចុះកាប់បំផ្លាញ និងដុតកម្ទេចចោលនៅកន្លែងទីទួលក្នុងភូមិ ឃុំខាងលើរួមមាន លូស្បៃមុង១៧៥លូ របាំងស្បៃមុង៨៨៧៥ម៉ែត្រ បង្គោល៦១០០ដើម របាំងស្កាត់១កន្លែង ៤៥ម៉ែត្រ របាំងព្រួលឫស្សី១៥ផែន និងលែងកូនត្រី៤០០គីឡូក្រាម ចូលទៅក្នុងទន្លេវិញ។
ជាមួយគ្នានោះ ក្នុងនាមគណៈបញ្ជាកាឯកភាពស្រុកលើកដែក ក៏សូមអំពាវនាវដល់បងប្អូនប្រជានេសាទដែលកំពុងប្រកបមុខរបរនេសាទខុសច្បាប់ទាំងអស់ត្រូវនាំគ្នាងាកមករករបរនេសាទត្រីស្របច្បាប់វិញ ដើម្បីកុំឲ្យពាក់ព័ន្ធនឹងផ្លូវច្បាប់ ដែលធ្វើឲ្យបងប្អូនមានទោសទណ្ឌជាប់គុកបែកបាក់ក្រុមគ្រួសារ ខាតបង់លុយកាក់ ហើយជួនកាលអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារការប្រើឧបករណ៍ឆក់ទៀតផង៕ធ.ដ
ដោយៈ ខាត់ សុខឿន