ក្រសួងបរិស្ថាន បើកវគ្គហ្វឹកហ្វឺនមន្រ្តីមុខងារសាធារណ:ជាឧទ្យានុរក្សជំនាន់ទី៨ ស្តីពី «វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ»

អត្ថបទដោយ៖
Kien Sereyvuth

នាថ្ងៃព្រហស្បតិ៍ត ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៩  នៅសាលានាយទាហានសកម្មនៅខេត្តកំពង់ស្ពឺ ក្រសួងបរិស្ថានសហការជាមួយសាលានាយទាហានសកម្មនៃកងយោធពលខេមរភូមិន្ទ បើកវគ្គហ្វឹកហ្វឺនមន្រ្តីមុខងារសាធារណ:ជាឧទ្យានុរក្សជំនាន់ទី៨ ស្តីពី «វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ» ក្រោមអធិបតីភាពឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន។

ឯកឧត្ដមឧត្ដមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្មត្មាតពង បានថ្លែងអំណរគុណក្រសួងបរិស្ថាន ដែលបានសហការជាមួយសាលានាយទាហានសកម្មរៀបចំវគ្គហ្វឹកហ្វឺន ស្តីពី «វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ» បាន៨វគ្គ រួមទាំងវគ្កហ្វឹកហ្វឺន ដែលបើកដំណើរការនាពេលនេះ។ នៅក្នុងវគ្គនេះ មន្រ្តីឧទ្យាននុរក្សចំនួន៦០នាក់ មកពីតំបន់ការពារធម្មជាតិ នៅក្នុងខេត្តចំនួន១៦  នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមហ្វឹកហាត់រយ:ពេល៤៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០១  ខែវិច្ឆិកា ឆ្នាំ២០១៩ លើមុខវិជ្ជាអប់រំចិត្តសាស្រ្ត យុទ្ធវិធី សព្វាវុធ វិស្វកម្ម សង្គ្រោះបឋម លំហាត់របៀប   បាញ់ ក្បាច់គុនកងយោធពលខេមរភូមិន្ទ និងកីឡា យោធា ការរស់នៅក្នុងតំបន់ព្រៃ និងធ្វើលំហាត់យុទ្ធវិធីឧទរជីវិតនៅតំបន់គីរីរម្យ។

ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានលើកឡើងថា ព្រឹត្តិការណ៍ថ្ងៃនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ អំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍន៍ធនធានមនុស្ស ទាំងក្នុងវិស័យយោធា និងវិស័យស៊ីវិល រួមទាំងមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថានឱ្យមាន សមត្ថភាព និងគុណធម៌ខ្ពស់បន្ថែមទៀត នៅក្នុងបុព្វហេតុការពារជាតិ និងប្រជាជន ក៏ដូចជាកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមបានបន្ថែមថា សមិទ្ធផលទាំងនេះ អាចសម្រេចទៅបាន ក៏អាស្រ័យ ដោយប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពសង្គម នីតិរដ្ឋ កំណើនសេដ្ឋកិច្ចខ្ពស់ ការអភិវឌ្ឍលើគ្រប់វិស័យ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា សម្រាប់នីតិកាលទី៦នេះ ក្រសួងបរិស្ថាន បានបន្តដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីកសាងបាននូវភាពជាអ្នកដឹកនាំ ប្រព័ន្ធរដ្ឋបាលទំនើបលើកកម្ពស់គុណតម្លៃមន្ត្រីរាជការឱ្យ ស្រលាញ់ខ្លួនឯង មានមោទនភាព ជាតិ សុចរិត សេវាកម្ម ឧត្តមភាព និងការអភិវឌ្ឍសមត្ថភាព ចាប់ពីកម្រិតថ្នាក់ដឹកនាំ រហូតដល់មន្ត្រីថ្នាក់ក្រោមគ្រប់លំដាប់ថ្នាក់ សំដៅក្តាប់មកវិញនូវមោទនភាពជាតិ និងការកសាងប្រទេសដ៏ទំនើបមួយ  ដែលប្រជាពលរដ្ឋមានជីវភាពខ្ពស់ និងរស់នៅក្នុងបរិស្ថានដែលល្អប្រសើរ ដោយធានា បាននូវនិរន្តភាព បរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយ។

ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានលើកឡើងថា ថ្វីត្បិតតែវគ្គហ្វឹកហ្វឺនមន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្សស្តីពី «វិធីសាស្ត្រល្បាតក្នុងតំបន់ការពារធម្មជាតិ» មានរយៈពេលខ្លី ប៉ុន្តែវាជាគ្រឹះដ៏មានសារសំខាន់បំផុតសម្រាប់ការកសាង សមត្ថភាព ជំនាញ ជាមូលដ្ឋានរបស់មន្ត្រីឧទ្យានុរក្សទាំងអស់ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅទីវាល។ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ យកនូវចំណេះដឹងដែលយោធាចារ្យ និងគ្រូឧទ្ទេសទាំងអស់ បានបង្ហាត់បង្រៀនប្រកបដោយសម្បជញ្ញៈ និងការទទួលខុសត្រូវខ្ពស់ សម្រាប់យកទៅបំពេញភារកិច្ចនៅតាមអង្គភាពរៀងៗខ្លួន ក្នុងបុព្វហេតុឧត្តុង្គឧត្តមរបស់ជាតិ ប្រជាជន និងមាតុភូមិ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner