គណៈកម្មការសម្របសម្រួលអន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋាន ប្រាសាទព្រះវិហារ បើកកិច្ចប្រជុំបច្ចេកទេសលើកទី៥
សៀមរាប៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៥ នៃគណៈកម្មការសម្របសម្រួល អន្តរជាតិ ដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) នៅសាលសន្និសីទអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកជំទាវ បណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុកបេតិកភណ្ឌវប្បធម៌ និងជាប្រធានប្រតិភូរាជរដ្ឋាភិបាល ហើយសម្របសម្រួលដោយ ឯកឧត្តម ZHOU Jiagui សហប្រធានចិន និងលោកជំទាវ Manika JAIN សហប្រធានឥណ្ឌា ដោយមានការចូលរួមពីប្រទេសជាសមាជិកស្ថាបនិករួមមាន៖ បារាំង បែលហ្ស៊ិក ជប៉ុន ថៃ សហរដ្ឋអាម៉េរិក ព្រមទាំងអ្នកជំនាញការជាតិ និងអន្តរជាតិលើផ្នែកអភិវឌ្ឍន៍ និងអភិរក្ស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ២៥០នាក់។
កម្មវិធីប្រជុំនឹងធ្វើឡើងរយៈពេលមួយថ្ងៃពេញ ដោយពេលព្រឹកផ្តោតលើការធ្វើបទបង្ហាញរបស់មន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ អំពីលទ្ធផលការងារមួយចំនួនដែលបានអនុវត្តន៍កន្លងមកនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានកោះកែររួមមាន៖ (១) លទ្ធផលសិក្សាស្រាវជ្រាវដើម្បីអភិរក្សជណ្តើរខាងជើងប្រាសាទព្រះវិហារ ក្រោមមូលនិធិស្ថានទូតសហរដ្ឋអាម៉េរិក ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ (២) លទ្ធផលការងារអប់រំផ្សព្វផ្សាយអំពីបេតិកភណ្ឌនៅរមណីយដ្ឋានប្រាសាទព្រះវិហារ (៣) លទ្ធផលសិក្សាពីប្រព័ន្ធធារាសាស្រ្តនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានកោះកែរ (៤) លទ្ធផលការងារអភិរក្សប្រាសាទថ្មបាយក្រៀមក្នុងបរិវេណប្រាសាទធំ នៅរមណីយដ្ឋានកោះកែរ (៥) លទ្ធផលការងាររៀបចំផែនទីហានីភ័យនៅរមណីយដ្ឋានកោះកែរ និង(៦) របាយការណ៍វឌ្ឍនភាពការរៀបចំផែនការគ្រប់គ្រងទេសចរណ៍រមណីយដ្ឋានកោះកែរ។
ដោយឡែកនៅពេលរសៀល កិច្ចប្រជុំនឹងផ្តោតលើការធ្វើបទបង្ហាញរបស់ដៃគូអន្តរជាតិរបស់អាជ្ញាធរ ជាតិព្រះវិហារមានជាអាទិ៍៖ (១) ចំណាប់អារម្មណ៍របស់ឯកឧត្តម CHAO Xiaoming អគ្គនាយកបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន ចំពោះគម្រោងជួសជុលគោបុរៈទី១ ទី២ និងទី៣ ដែលភាគីចិនទទួល (២) បទបង្ហាញ ពីការងារអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ដោយលោក Denvendra Singh SOOD អ្នកជំនាញការឥណ្ឌា (៣) បទបង្ហាញអំពីវឌ្ឍនភាពគម្រោងអភិរក្សបដិមាព្រះសិវៈរាំនៅប្រាសាទកោះកែរ ដោយលោក Eric BOURDONNEAU អ្នកជំនាញសាលាបារាំងចុងបូព៌ា និងលោក ឆាន់ ចំរើន អ្នកជំនាញសារមន្ទីរជាតិភ្នំពេញ (៤) លទ្ធផលការសិក្សាស្រាវជ្រាវដោយប្រព័ន្ធរ៉ាដាទៅក្នុងដី៖ ការងារទីវាលដែលអនុវត្តន៍នៅក្នុងខែមីនា ឆ្នាំ២០១៩ ដោយបណ្ឌិត Sarah KLASSEN សកលវិទ្យាល័យ British Columbia និង(៦) បទបង្ហាញអំពីកម្មវិធី Lidar នៅរមណីយដ្ឋានកោះកែរ ដោយលោកបណ្ឌិត Karoly BELENYESY វិទ្យាស្ថាន ស្រាវជ្រាវអាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី។
ក្រៅពីការធ្វើបទបង្ហាញអំពីលទ្ធផលការងាររបស់អាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញការអន្តរជាតិ ខាងលើ នៅក្នុងកិច្ចប្រជុំនេះ ក៏មានពិធីចុះហត្ថលេខាលើអនុស្សារណៈរវាងអាជ្ញាធរជាតិព្រះវិហារ និងវិទ្យាស្ថាន ស្រាវជ្រាវអាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី លើគម្រោងសិក្សាស្រាវជ្រាវនៅក្នុងរមណីយដ្ឋានកោះកែរ។ នៅចុងបញ្ចប់នៃកម្មវិធី លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុកបេតិកភណ្ឌវប្បធម៌ និងជាប្រធានប្រតិភូរាជរដ្ឋាភិបាល នឹងធ្វើសេចក្តីសន្និដ្ឋាន និងផ្តល់យោបល់ ជាយុទ្ធសាស្រ្តជូនដល់អង្គប្រជុំ ដើម្បីជាមូលដ្ឋានសម្រាប់ការអនុវត្តការងារនៅពេលខាងមុខ៕ធ.ដ
ដោយៈ ស៊ាន សុផាត