ឥណ្ឌូនេស៊ី៖ ព្រឹត្តិការណ៍រត់ជាន់គ្នា នៅកីឡដ្ឋានបាល់ទាត់ ស្លាប់មនុស្សជិត ១៣០នាក់
ឥណ្ឌូនេស៊ី៖ នៅប្រទេសឥណ្ឌូនេស៊ី មានហេតុការណ៍ រត់ជាន់គ្នាក្នុងកីឡដ្ឋានបាល់ទាត់មួយ នៅយប់ថ្ងៃ ទី០១ ខែតុលា ឆ្នាំ ២០២២ បង្កសោកនាដកម្មសម្លាប់មនុស្សចំនួន ១២៧នាក់ និងមានរបួសជាច្រើននាក់ផ្សេងទៀត។ តាមអាជ្ញាធរឥណ្ឌូនេស៊ី ក្រុមអ្នកគាំទ្រក្រុម កីឡាបាល់ទាត់ បានលុកលុយដល់ ទីលានប្រកួត យ៉ាង អនាធិបតេយ្យ រុញច្រានប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក បង្ហឱ្យមានហេតុការណ៍រត់ជាន់គ្នានេះតែម្តង។
កីឡដ្ឋាន Kanjuruhan ដែល ស្ថិត ទីក្រុង Malang ខេត្ត East Java ភាគ ខាងកើតប្រទេសឥណ្ឌូនេស៊ី បានរៀបចំការប្រកួតកីឡាបាល់ទាត់មួយ ក្នុងក្របខណ្ឌកំពូលរបស់ឥណ្ឌូនេស៊ីរវាងក្រុមបាល់ទាត់ Arema FC និង Persebaya Surabaya។
តាមប៉ូលិសតំបន់ ហេតុការណ៍ឆោឡោនោះបង្កចេញពី ក្រុមអ្នកគាំទ្រ Arema FC ចុះលុកលុយទីលានប្រកួត បន្ទាប់ពី ក្រុមបាល់ទាត់ Arema FC ចាញ់ការប្រកួត។ ភ្លាមៗ ក្រុមប៉ូលិសបានហៅភាពចលាចលនោះថាជា «កុប្បកម្ម» ក្រោយបង្កឱ្យមន្ត្រីប៉ូលិស ២នាក់ស្លាប់នៅនឹងកន្លែង រហូតត្រូវបង្ខំ ប្រើ ឧស្ម័នបង្ហូរទឹកភ្នែកទប់ស្កាត់ បង្កជាហេតុការណ៍រត់ជាន់គ្នាយ៉ាង អាណោចអាធ័មនោះទៅ ។
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអាទិត្យ ទី ០២ ខែតុលា ឆ្នាំ ២០២២នេះ លោក Nico Afinta មេប៉ូលិសខេត្ត East Java ថាក្រុមអ្នក ជួយ សង្រ្គោះ បាន ជួយ រំដោះ អ្នក រងរបួស និង យក សាកសព ចេញ ពី កន្លែង កើត ហេតុ។ លោកបញ្ជាក់ថា ក្នុង សោកនាដកម្មរត់ជាន់គ្នានេះ បានផ្តាច់ជីវិតមនុស្ស ១២៧នាក់ ២នាក់ជាមន្ត្រីប៉ូលិស។ ក្នុងចំណោមនោះមាន ៣៤នាក់ស្លាប់ដោយការ ជាន់ សង្កត់ ពី លើ មិន អាច រើ រួច រហូត ដល់ ថប់ ដង្ហើម នៅកន្លែងកើតហេតុ ខណៈអ្នក នៅសេសសល់ស្លាប់នៅមន្ទីរពេទ្យ។
ចំនួនអ្នកស្លាប់អាចនឹងត្រូវកើនឡើងបន្ថែមទៀត ព្រោះនៅមានជនរងគ្រោះធ្ងន់ស្រាលចំនួន ១៨០នាក់ផ្សេងទៀតកំពុងរងចាំការសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ។
នៅក្រោយកើតហេតុការណ៍ភ្លាម លោក Zainudin Amali រដ្ឋមន្ត្រី ក្រសួងកីឡានិងយុវជន ឥណ្ឌូនេស៊ី បានថ្លែង សុំទោសជាសាធារណៈ និងបាន សន្យា ថា នឹង ស៊ើបអង្កេត ករណី ការ រត់ ជាន់ គ្នា នេះ។
ចំណែក សមាគមកីឡាបាល់ទាត់នៃប្រទេសឥណ្ឌូនេស៊ីផ្អាកការប្រកួតចំនួនមួយសប្តាហ៍ ព្រោះថាក្រៅតែមានមនុស្សស្លាប់និងរបួសហើយនោះ ហេដ្ឋារចនាសម្ព័ន្ធជុំវិញកីឡដ្ឋានក៏ត្រូវរងការខូចខាតសម្បើមផងដែរ។ បន្ថែមពីនេះ សហព័ន្ធឥណ្ឌូនេស៊ីក៏ ប្រកាសបញ្ជូនក្រុមស៊ើបអង្កេតមួយទៅកាន់ Malaang ដើម្បីបង្កើតមូលហេតុនៃការប៉ះទង្គិចនេះ៕
ដោយ:CPA/បណ្តូល ពេជ្រ