លោក ចូ បៃដិន និងភរិយា នឹងធ្វើដំណើរទៅ Puerto Rico និង រដ្ឋ Florida ដើម្បីជួបជាមួយជនរងគ្រោះ និងពិនិត្យមើលអំពីការខូចខាត

អាមេរិក៖ ប្រធានាធបតីអាមេរិក លោក ចូ បៃដិន និងស្ដ្រីទី១ លោកស្រី Jill Biden នឹងធ្វើដំណើរទៅកាន់ Puerto Rico នៅថ្ងៃចន្ទ ទី០៣ ខែតុលា ដើម្បីពិនិត្យនិងវាយតម្លៃអំពីការខូចខាតដោយសារខ្យល់ព្យុះសង្ឃរា Fiona។ នៅថ្ងៃពុធ ប្រមុខដឹកនាំអាមេរិកនិងភរិយា នឹងបន្តដំណើរទៅកាន់រដ្ឋហ្លរីដា។ ជាកន្លែងដែលព្យុះសង្ឃរាបោកបក់វាយប្រហារ បំផ្លិចបំផ្លាញ និងបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់៣៥នាក់។ នេះបើតាមការប្រកាសពីសេតវិមានអាមេរិក នៅថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២។

គ្មានរបៀបវារៈជាក់លាក់ណាមួយអំពីដំណើរទស្សនកិច្ចនេះទេ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងកាលពីប៉ុន្មានថ្ងៃមុនថា ការធ្វើដំណើររបស់លោក ទៅកាន់តំបន់រងគ្រោះដោយខ្យល់ព្យុះសង្ឃរាទាំងពីរនៅអាមេរិក គឺជាកាយវិការបង្ហាញពីការយកចិត្តទុកដាក់ដល់ប្រជាជនអាមេរិកាំង ជាពិសេសជនរងគ្រោះ និងធានាថា រដ្ឋាភិបាលអាមេរិកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីជួយសង្គ្រោះពួកគេ។

គួរបញ្ជាក់ថា ចំនួនជនរងគ្រោះ និងអ្នកស្លាប់ដោយសារខ្យល់ព្យុះសង្ឃរានៅ Puerto Rico និងជាពិសេសនៅរដ្ឋ Florida។ គិតត្រឹមថ្ងៃទី០១ ខែកញ្ញា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះសង្ឃរា Ian នៅរដ្ឋ Florida ត្រូវគេរកឃើញចំនួន៣៥នាក់ ប៉ុន្តែអាជ្ញាធរក្នុងតំបន់បញ្ជាក់ថា ចំនួននេះនឹងបន្តកើនឡើងទៀត ខណៈជំនន់ទឹកភ្លៀងនៅតែបន្តកើនឡើងជាលំដាប់ បើទោះបីជាប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តធ្វើយ៉ាង សស្រាក់សស្រាំក៏ដោយ។

នៅថ្ងៃអាទិត្យ ទី០២ ខែតុលានេះ ខ្យល់ព្យុះសង្ឃរា Ian បានបន្ថយកម្លាំងរបស់ខ្លួនវិញហើយ ប៉ុន្តែសំណល់នៃការខូចខាត ដោយសារតែគ្រោះធម្មជាតិដ៏សាហាវនេះ នៅតែបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋអាមេរិកាំង នៅក្នុងតំបន់៖ អគ្គិសនីត្រូវបានកាត់ផ្ដាច់ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធរងការលិចលង់ដោយជំនន់់ទឹកភ្លៀង។

សូមរំឧកថា ខ្យល់ព្យុះសង្ឃរា Ian បានធ្វើដំណើរទៅដល់រដ្ឋ Florida សហរដ្ឋអាមេរិក នៅរសៀលថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដោយនាំទៅជាមួយនូវខ្យល់បោកបក់ខ្លាំង ភ្លៀងធ្លាក់គំហុក ដែលបង្កទៅជាជំនន់ទឹកភ្លៀង។ ជាខ្យល់ព្យុះសង្ឃរាស្ថិតក្នុងកម្រិតទី៤ Ian ត្រូវគេចាត់ទុកថាជាខ្យល់ព្យុះសង្ឃរាដ៏កំណាចបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដោយបោកបក់ក្នុងល្បឿន២៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានពន្លិច បំផ្លិចបំផ្លាញផ្ទះសម្បែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតនៅក្នុងតំបន់រងគ្រោះ៕ដោយ៖ កែវ កិរិយា

ads banner