ប្រជាពលរដ្ឋជាច្រើន ចាត់ទុកយោធិន២រូបដែលបានពលីជីវិតក្នុងពេលសង្គ្រោះកុមារលង់ទឹកជា «វីរបុរស»

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនរាប់តាំងពី អាជីវករ និស្សិតបញ្ញជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អ្នកនយោបាយ រហូតដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានសម្ដែងក្ដីសោកស្ដាយស្រ ណោះអាល័យ និងកោតសរសើរវីរភាពដ៏អង់ អាចរបស់សពយុទ្ធជនពីររូប ដែលបានពលីជីវិត ក្នុងបុព្វហេតុជួយសង្គ្រោះកុមាររងគ្រោះដោយទឹកជំនន់។

យោធិនទាំងពីររូបបំពេញការងារវរសេនាតូច៤២២ របស់កងពលតូចថ្មើរជើងលេខ៤២ការពារព្រំដែនប្រាសាទតាមាន់ ឈរជើងនៅភូមិសាស្ត្រ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។យោធិនទាំងពីររូបដែលបានបាត់បង់អាយុជីវិតមាន: ពលបាលឯក ឈន ស៊ីដេត អាយុ ៣៩ឆ្នាំ និងពលទោ វ៉ាន់ ថុន អាយុ ២៣ ឆ្នាំ។

បញ្ជាការដ្ឋានកងទ័ពជើងគោកឱ្យដឹងថា កាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ យោធិនទាំងពីរនាក់ បានទៅបង់ត្រីនៅអូរអង្គ្រង ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិលក៏ប្រទះឃើញក្មេងពីរនាក់ កំពុងលង់ទឹកទើបចុះជួយសង្គ្រោះ។ ពេលសង្គ្រោះជីវិតក្មេងបានហើយជាអកុសលទឹកហូរគួចខ្លាំងគួចយកយោធិនទាំងពីរយកទៅបាត់។រហូតដល់ថ្ងៃទី០១ ខែតុលា ទើបសមត្ថិកិច្ចរកឃើញសាកសពជនរងគ្រោះទាំងពីរជាបន្តបន្ទាប់។

បញ្ជាការកងទ័ពជើងគោកលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា នាយទា ហាន នាយទាហានរង ពលទាហានកងទ័ពជើងគោក សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពយោធា ពី រ នាក់ ដែលបានទទួលមរណភាព ។អង្គភាពដដែលបន្តថា សូមឲ្យវិញ្ញាណក្ខន្ធសព«វិវរ:យោ ធិន»ទាំង២ទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាត។
យោធិនរួមការងារលោក បុរី ឱ្យដឹងថា ទាំងកងកម្លាំងយោធាក្នុងអង្គភាពនិងប្រជាពលរដ្ឋសុទ្ធតែសោកស្ដាយចំពោះការបាត់បង់នេះ។

លោកបុរី៖«បងប្អូនប្រជាពលរដ្ឋយើងជាច្រើននៅទូទាំងប្រទេសគេស្ដាយគេអាណិត អ្នកទាំងពីរណាស់។ គេអាណិតព្រោះដឹងថាអ្នកទាំងពីរហ្នឹងជាកងកម្លាំងមានទឹកចិត្តល្អជួយសង្គ្រោះក្មេងលង់ទឹក ទើបអ្នកខ្លះផ្ញើកុសលបុណ្យមកតាមខ្ញុំក៏មាន ផ្ញើសារសំដែងទឹកចិត្ត ក៏មាន។ខ្ញុំពិតជាសរសើរចំពោះ«វីរភាព»របស់គាត់ទាំងពីរនិងសូមអរគុណសប្បុរសជនដែលផ្ញើថវិកានិងសម្ដែងក្ដីអាណិតចំពោះក្រុមគ្រួសារសព»។

លោកបុរីបន្តថា សពពលបាលឯក ឈន ស៊ីដេត មានកូន៣នាក់នៅក្នុងបន្ទុកខណៈដែលសពពលទោវ៉ាន់ ថុន មិនទាន់មានភរិយានៅឡើយ។

លោក អឿន គឹមយៀន ជាពលរដ្ឋម្នាក់រស់នៅខេត្តសៀមរាប បានសរសេរថាក្នុងបណ្ដាញសង្គមថា៖«ការលះជីវិតដើម្បីជួយប្រជាពលរដ្ឋដោយមិនគិតពីអាយុជីវិតខ្លួនឯង នេះគឺជាលះបង់ដ៏ធំធេង សូមគោរពនិងសោកស្តាយចូលរួមរំលែងទុក្ខនៃគ្រួសារសពទាំង២»។
អ្នកស្រីចាន់គីមហុង ជាអាជីវករនៅក្នុងផ្សាររុងក្លឿ ប្រទេសថៃ បានប្រាប់ថាយោធិនទាំងពីរនាក់នេះជាវីរៈបុរស។អ្នកស្រីបញ្ជាក់ថា៖«វីរៈបុរសមិនចាំបាច់ចេះសីល្បិ៍ទេបង។ពួកគាត់ទាំងពីរនាក់ធ្វើសមទទួលងារនេះណាស់»។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ កាលយប់ថ្ងៃទី០១ខែតុលា បានប្រកាសជួយឧបត្ថម្ភជូន គ្រួសារសពយុទ្ធជនពីររូបដែលបានបាត់បង់ជីវិតដោយសារជួយក្មេងលង់ទឹក ចំនួនពីរលានរៀលសម្រាប់គ្រួសារនីមួយ។ តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រីមានខ្លឹមសារទាំងស្រុងថា៖ «សូមគោរពវីរភាពលោកទាំង ២ ដែលបូជាជីវិតខ្លួនជួយសង្គ្រោះជីវិតអ្នកដទៃ ! គួរថ្នាក់ខេត្ត ថ្នាក់ភូមិភាគ និង អង្គភាព រៀបជាពិធីបុណ្យ និង តម្កល់រូបលោកជាគំរូ ហើយ សូមជនរួមជាតិយើងជួយដល់គ្រួសារសព ។ ខ្លួនខ្ញុំផ្ទាល់ សូមជូនគ្រួសារសពនីមួយៗ ពីរលានរៀល !»។

នាយក ប្រតិបត្តិ នៃមជ្ឈមណ្ឌល ប្រជាពលរដ្ឋ ដើម្បី អភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង មានប្រសាសន៍ថា ៖«តម្លៃរបស់យោធិនទាំងពីរខ្ពស់ណាស់សមនឹងសង្គមគោរព! ផ្ទុយស្រឡះពីមន្ត្រីពុករលួយដែលកេងប្រវ័ញ្ចធ្វើបាបប្រជារាស្ត្រប្រើតួនាទីគាបសង្កត់ដោយរូបភាពផ្សេងៗបង្ករឱ្យពលរដ្ឋឈឺចាប់។ ខ្ញុំសូមគោរពវីរភាពរបស់ពួកគាត់ ពួកគាត់ទាំងពីរមានការលះបង់ខ្ពស់ណាស់ ជាគម្រូសម្រាប់ប្រជាពលរដ្ឋទូទៅក្នុងពេលដែលឃើញអ្នកដ៏ទៃទន់ខ្សោយជាងខ្លួនដែលគ្រោះថ្នាក់។

បច្ចុប្បន្ននេះសពរបស់យោធិនទាំងពីរត្រូវបានក្រុមគ្រួសារ រៀបចំពិធីបុណ្យទានតាមបែបព្រះពុទ្ធសាសនានៅតាមគេហដ្ឋានរៀងៗខ្លួនក្នុងស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ៕ ដោយ៖ វណ្ណ ស័ក្ត

ads banner