ប្រទេសនៅ អាស៊ីក្លាយជាទីផ្សារធំ នាំចូល ប្រេងឆៅនិងឧស្ម័ន របស់រុស្ស៊ី

អន្តរជាតិ៖ ចាប់តាំងពីមានសង្គ្រាមនៅអ៊ុយក្រែនមក ការបញ្ជាទិញប្រភពថាមពលពី រុស្ស៊ីនៅ បណ្តាប្រទេសលោកខាងលិចបានស្រុតចុះ ដោយ បានបង្វែររក ទីផ្សារប្រទេសនៅ តំបន់ អាស៊ីវិញ ។

បណ្តាប្រទេសជាច្រើននៅតំបន់អាស៊ី បានស្រវាទិញ ប្រេង ពីប្រទេស រុស្ស៊ី ក្នុងតម្លៃថោកៗ ខណៈរុស្ស៊ីបាត់បង់ទីផ្សារលក់ចេញទៅឱ្យបណ្តាប្រទេសអ៊ឺរ៉ុប ព្រោះការឈ្លានពានអ៊ុយក្រែន។ នៅក្នុងបណ្តាប្រទេសនៅអាស៊ី គឺមានប្រទេសមហាយក្សចិននិងឥណ្ឌា បានក្លាយជាទីផ្សារនាំចូលប្រេងឆៅ ពីប្រទេសរុស្ស៊ីធំជាងគេ។

ទីផ្សារ ប្រេងឆៅ រុស្ស៊ី ម៉ាក Ural ពិតបានដាំក្បាលចុះនៅអ៊ឺរ៉ុប តែបានបង្វែរ ទិសទៅតំបន់អាស៊ីវិញ ជាមួយនឹងការលក់ឡៃឡុងក្នុងចម្លៃប្រមាណជាង ៣០ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃថោកជាប្រេងឆៅ(Brent) ស្តង់ដារពិភពលោក។ បើតាមការប៉ាន់ស្មាន ប្រេងឆៅ រុស្ស៊ីនេះអាចនឹងចុះ ថោកដល់ ២០ដុល្លារក្នុង មួយបារ៉ែល នៅចុងខែកញ្ញា ឆ្នាំ ២០២២ នេះ។

តាមតួលេខរបស់ Kpler ឥណ្ឌានិងចិន បានជាប្រទេសនាំចូលប្រេងឆៅ ពីរុស្ស៊ីជាង ៥០ភាគរយនៃបរិមាណ ប្រេង នាំចេញសរុប របស់រុស្ស៊ី និងដែលជាបរិមាណដ៏ច្រើនលើសការនាំចូលទៅកាន់ប្រទេសសមាជិកសហភាពអ៊ឺរ៉ុប ២៧ប្រទេស គិតត្រឹមខែមីនាឆ្នាំនេះ។ គួរជ្រាប ថា រុស្ស៊ី នៅឆ្នាំ ២០២២នេះបាន ក្លាយ ជា អ្នក ផ្គត់ផ្គង់ ប្រេង ឆៅធំ ជាង គេ របស់ ចិន ដែលនាំមុខប្រទេស អារ៉ាប៊ីសាអូឌីត។

ក្រៅពីចិននិង ឥណ្ឌា ប្រទេសនៅអាស៊ីដទៃទៀតរួមមាន មីយ៉ាន់ម៉ានិងស្រីលង្ការ ថ្មីៗនេះកំពុងចរចា ទិញ ប្រេងឆៅថោកៗ ពីរុស្ស៊ី ដើម្បីរំដោះសេដ្ឋកិច្ចជាតិដែរ។ ចំណែក ប្រទេស អាមេរិកបានរិះគន់និងថ្កោលទោស ចំពោះការបញ្ជាទិញប្រេងរុស្ស៊ីនេះ ប៉ុន្តែវាហាក់ ជាគ្មានប្រសិទ្ធភាពសោះលើសេចក្តីសម្រេច រដ្ឋាភិបាលនៃប្រទេសនីមួយៗ។

ចំណែកឯផ្នែក ឧស្ម័នវិញ ចិនកំពុងបង្កើនសមត្ថភាពនាំចូល ឧស្ម័នធម្មជាតិរាវ ពីរុស្ស៊ី ដោយរដ្ឋាភិបាលលចិន បាន ចុះកិច្ចព្រមព្រៀង ជាមួយ ក្រុមហ៊ុនរុស្ស៊ីជាច្រើន ក្នុងការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ ឆ្លងកាត់តំបន់អាក់ទិក។ តាមការប៉ាន់ស្មាន រុស្ស៊ីនឹងក្លាយជាទីផ្សារនាំឧស្ម័នទៅប្រទេសចិនធំជាងគេ នៅពេលដែលការសាងសង់ បំពង់បង្ហូរឧស្ម័នថ្មីមួយ ឈ្មោះថា Power of Siberia បញ្ចប់នៅពេលខាងមុខ។

ប៉ុន្តែឥណ្ឌា ដែលជាប្រទេសធ្វើការ នាំចូលឧស្ម័នបរទេសដល់ ទៅ ៥០ភាគរយហាក់នៅមិនទាន់ ងាករកទីផ្សារឧស្ម័ន រុស្ស៊ីពេញទំហឹង នៅឡើយ ខណៈ ឧស្ម័ននាំចូលឥណ្ឌាភាគច្រើនមកពី បណ្តាប្រទេសនៅតាមឈូងសមុទ្រ (The Gulf States)។

គួរជ្រាបថា ក្នុង រវាង៦ខែចុងក្រោយ គិតចាប់ពីពេល ដែលរុស្ស៊ីធ្វើសង្គ្រាម ឈ្លានពានអ៊ុយក្រែន គឺរុស្ស៊ីបានរកចំណូល បានចំនួន ១៥៨ពាន់លានដុល្លារ ពី ការលក់ ទំនិញវត្ថុធាតុដើម ថាមពលហ្វូស៊ីល ដែលមានដូ ចជាប្រេង ឧស្ម័ន និងធ្យូងថ្ម។ នេះបើតាម មជ្ឈមណ្ឌលស្រាវជ្រាវ ផ្នែក ថាមពល និង ខ្យល់បរិសុទ្ធ (CREA)៕ ដោយ៖ បណ្តូល ពេជ្រ /CPA

ads banner