ប្រាំបួនខែនៃឆ្នាំ២០២២៖ កម្ពុជា រឹបអូសបានគ្រឿងញៀន ចំនួនជាងប្រាំមួយតោន

ភ្នំពេញ៖ គិតត្រឹមរយៈ ពេលប្រាំបួនខែនៃឆ្នាំ ២០២២ នេះ កម្ពុជា រឹប អូស បាន គ្រឿង ញៀន ចំនួន ៦.២៥ តោន ដែល ចំនួន នេះ កើន ឡើង ជិតប្រាំដង បើ ធៀប នឹង រយៈ ពេល ដូច គ្នា កាល ពី ឆ្នាំ ២០២១ កន្លង ទៅ ដែល មាន ចំនួនជាងមួយតោន ។ នេះ បើ តាម របាយការណ៍ ចេញ ផ្សាយ ដោយ នាយកដ្ឋាន នគរបាល ប្រឆាំង គ្រឿង ញៀន នៃ ក្រសួង មហាផ្ទៃ កម្ពុជា នា ថ្ងៃ សៅរ៍ ទី ០១ ខែ តុលា ។

របាយការណ៍ដដែលបង្ហាញថាក្រៅ ពី ការ រឹប អូស គ្រឿង ញៀន សមត្ថកិច្ច ក៏ បាន ឃាត់ ខ្លួន ជន សង្ស័យ ពាក់ព័ន្ធ នឹង បទ ល្មើស គ្រឿង ញៀន នេះ ចំនួន ១១,៤៣១ នាក់។ ចំនួន នេះកើន ឡើងប្រមាណ ១៦ ភាគរយ បើ ធៀប នឹង ឆ្នាំ ២០២១ ដែល ចំនួន ជនសង្ស័យ ពាក់ព័ន្ធ នឹង សំណុំ រឿង គ្រឿង ញៀន ដែល ត្រូវ បាន ចាប់ ខ្លួន មាន ចំនួន ៩,៨២៨ នាក់ ។

គួរ ជម្រាប ដែរ ថា នៅ ក្នុង ឆ្នាំ២០២២ នេះ គ្រឿង ញៀន ដែល សមត្ថកិច្ច រឹប អូស បាន រួម មាន កូកាអីន ហេរ៉ូអ៊ីន កេតាមីន មេតំហ្វេតាមីន អេសស្តាស៊ី គ្រីស្តាល់ និង ខេធីណូន ជាដើម។ ក៏ មាន ការ រឹបអូស ផង ដែរ មធ្យោបាយ និង ឧបករណ៍ បម្រើ ដល់ ការ ផលិត និង ចែកចាយ គ្រឿង ញៀន មាន ជា អាថិ៍៖ ជញ្ជីញ ចំនួន ៣២៩ គ្រឿង កាំភ្លើង ខ្លី ២៣ ដើម កាំភ្លើង វែង ៤៩ ដើម រថយន្ត ចំនួន ១១៩ គ្រឿង ម៉ូតូ ចំនួន ១.១៨៣គ្រឿង និង ទូរសព្ទ ចំនួន ៤.៣៨១ គ្រឿង ។
នៅ ចំពោះ មុខ ការ កើន ឡើង យ៉ាង គំហុក នៃ បទ ល្មើស គ្រឿង ញៀន នៅ កម្ពុជា ដូច្នេះ លោក មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរ ជាតិ ប្រយុទ្ធ ប្រឆាំង គ្រឿង ញៀន បាន បង្ហាញក្ដីព្រួយបារម្ភចំពោះនិន្នាការថ្មី នៃការប្រើប្រាស់គ្រឿងញៀនដោយក្រុមឈ្មួញជួញដូរគ្រឿងញៀនធ្វើឲ្យតម្លៃគ្រឿងញៀនធូរថ្លៃ ដែលជាផ្នែកមួយជម្រុញឲ្យមានការប្រើប្រាស់មានការកើនឡើង។ ដើម្បី ដោះ ស្រាយ បញ្ហា នេះ លោក បាន សង្កត់ ធ្ងន់ ពី ភាព ចាំ បាច់ ក្នុង ការ បង្កើត យន្តការ និង វិធានការ គ្រប់ គ្រង ទំនិញ គ្រោះ ថ្នាក់ ជា ពិសេស ការ គ្រប់ គ្រង សាធាតុ គីមី ផ្សំ ដែល អាច យក ទៅ ផលិត ជា គ្រឿង ញៀន ខុស ច្បាប់ បាន ។

ច្បាប់ ស្ដី ពី ការ គ្រប់ គ្រង ទំនិញ គ្រោះ ថ្នាក់ កំពុង ស្ថិត នៅ ក្នុង ដំណាក់ កាល ប្រជុំ ពិភាក្សា បង្កើត គណៈកម្មការ អន្ដរក្រសួង ដើម្បី រៀបចំ បង្កើត ឲ្យ បាន ឆាប់ រហ័ស បំផុត ដើម្បីអាចដាក់ឱ្យអនុវត្ត ប្រកប ដោយ ប្រសិទ្ធភាព ខ្ពស់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ព្រោះ សភាពការណ៍ បង្វែរ សារធាតុ គីមីផ្សំ យក ទៅ ផលិតគ្រឿងញៀន ខុសច្បាប់ នៅ កម្ពុជា កំពុង ស្ថិត នៅ ក្នុង ស្ថានភាព គួរ ឲ្យ ព្រួយ បារម្ភជាខ្លាំង។
គួរ រំឭក បន្តិច ថា លទ្ធផល នៃ ការ បង្ក្រាប គ្រឿង ញៀន នៅ កម្ពុជា ក្នុង ឆ្នាំ ២០២១ សម្រេច បាន ចំនួន ជាង ៦០០០ ករណី និង ឃាត់ ជន សង្ស័យ ពាក់ព័ន្ធ ចំនួន ១៣,០០០ នាក់ ។ ក្នុងចំណោម ជន ពាក់ព័ន្ធ គ្រឿងញៀន ជាង ១៣,០០០ នាក់ នៅឆ្នាំ ២០២១នេះ មាន ជនបរទេស ចំនួន ៣៦២ នាក់ រួមមាន ១៣ សញ្ជាតិ ដែល ពាក់ព័ន្ធ នឹង សកម្មភាព ជួញដូរ រក្សាទុក កែឆ្នៃ និង ចាត់ចែង គ្រឿងញៀន ។ ចំណែក គ្រឿង ញៀន ដែល រឹប អូស បាន ពេញ មួយ ឆ្នាំ ២០២១ មាន ចំនួន ៤,៥ តោន៕
ដោយ:កែវ កិរិយា

ads banner