ឯកឧត្តម ហឿង សុគន្ធ អភិបាលខេត្តបាត៎ដំបងស្តីទីបានចុះសាកសួរសុខទុក្ចដល់ប្រជាពលរដ្ឋរងគ្រោះរបួសដោយសារការរអិលបាក់ដី ក្នុងស្រុកសំឡូត
នៅព្រឹកម្សឹលម៉ីញថ្ងៃទី១៨ខែកញ្ញា២០១៩ ឯកឧត្តម ហឿង សុគន្ធ អភិបាលខេត្តបាត់ដំបងស្តីទីអមដំណើរដោយមន្ត្រីសំខាន់ៗ សាលាខេត្តមួយចំនួនបាននាំយកនូវថវិកាមួយចំនួនរបស់រដ្ឋបាលខេត្ត ដើម្បីចុះសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋម្នាក់ ដែលរងរបួសដោយសារតែការរអឹលបាក់ដីនៅក្នុងហេតុការណ៍ស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងក្នុងស្រុកសំឡូតនៃខេត្តបាត់ដំបង និងបង្កនូវការជន់លិចពីជំនន់ទឹកភ្លៀងកន្លងមក។ហើយជនរងគ្រោះកំពុងតែសម្រាកព្យាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តនោះឈ្មោះ ទ្រឹង កុសល ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្នុងការចុះសាកសួរសុខទុក្ខដល់ជនរងគ្រោះនិងបើតាមការរៀបរាប់ពីជនរងគ្រោះ ឈ្មោះ ទ្រឹង កុសល បានឲ្យដឹងថានៅមុនហេតុការអាក្រក់កើតឡើងនេះ ពួកក្រុមគាត់មានគ្នា៦នាក់ បានឡើងទៅលើភ្នំមួយកន្លែង ដែលស្ថិតក្នុងទឹកដីថៃនិងមា នចម្ងាយប្រមាណប្រហែល ២.៥០០ម៉ែត្រ ពីខ្សែ បន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយភ្លាមៗនោះ ក៏មាន ហេតុការភ្លៀងបង្អុរធ្លាក់ចុះមកយ៉ាងខ្លាំងបណ្តាលឲ្យមានទឹកហូរច្រោះដី ដោយនាំមកទាំងដើមឈើ និងផ្ទាំងថ្មធំៗ រមៀលចុះមកក្រោម ទើបធ្វើឲ្យពួក គាត់ភ័យពីហេតុការគ្រោះថ្នាក់កើតឡើង ក៏បបួល គ្នីគ្នាសម្រេចចិត្តរត់គេចចេញពីទីនោះ។តែនៅក្នុងពេលគេចចេញនេះ គឺមានគ្នីគ្នាពួកខ្លួនចំនួន០២ នាក់ ក្នុងចំណោម៦នាក់ ដែលបានរត់គេចឡើងទៅប៉ែកខាងលើភ្នំ និង៤នាក់ទៀត បានរត់ចុះមកខាងក្រោមវិញ។ហើយនៅក្នុងចំណោម៤នាក់ដែលបានរត់គេចចុះមកខាងក្រោមភ្នំវិញ បង្កឲ្យខ្លួនមានបួសពេញខ្លួននិងក្បាល (ជនរងគ្រោះ ទ្រឹង កុសល)។ ដោយឡែកគ្នីគ្នាពួកខ្លួន០៣នាក់ទៀតបានមកដល់ផ្ទះសម្បែងរៀងៗខ្លួនវិញ ដោយមិនមានរងរបួសគ្រោះថ្នាក់អ្វីឡើយ។ ក្រោយពីមាន ហេតុការបែបនេះ បន្ទាប់មកអាជ្ញាមូលដ្ឋានបានបញ្ជូនខ្លួនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ។ចំណែកជន០២នាក់ទៀត ដែលបានរត់គេចពីខ្លួនទៅប៉ែកខាងលើ នោះបានបាត់ខ្លួន។
ប្រភពផ្សេងទៀតនិងយោងតាមព័ត៌មានបឋមពីមន្ត្រីយោធានៅទីនោះក៏បានរាយការណ៍មកថា៖ មានវត្ថុតាងមួយចំនួន ដែលបានបន្សល់ទុកនិងគេប្រទះឃើញ ដោយសង្ស័យថា៖ជារបស់ប្រជាពលរដ្ឋ ០២នាក់ ដែលកំពុងបាត់ខ្លួននោះ។
ក្នុងការចុះសាកសួរសុខទុក្ខ នាំយកអំណោយជូនដល់ជនរងគ្រោះខាងលើ ឯកឧត្តម ហឿង សុគន្ធ អភិបាលខេត្តស្តីទី បានផ្តល់ការលើកទឹកចិត្តជាកម្លាំងចិត្តដល់ជនរងគ្រោះនិងក្រុមគ្រួសារត្រូវថែទាំរក្សាសុខភាពឲ្យបានល្អ តាមការព្យាបាលនិងការណែនាំរបស់ក្រុមគ្រូពេទ្យដែលនៅទីនេះដើម្បីទទួលបានការព្យាបាល និងឆាប់ជាសះស្បើយបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានខ្លួនវិញ។
ជាមួយគ្នានេះផងដែរ ក្នុងនាមអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានច្រានចោលរាល់ព័ត៌មានប្រឌិតតាមបណ្តាញសង្គមមួយចំនួនដែលបានចុះ
ផ្សាយព័ត៌មានបំផ្លើសការពិត ធ្វើការវាយប្រហារដល់អាជ្ញាធរខេត្ត ស្រុកមិនបានគិតគូរដុតដៃដុតជើងក្នុងការរុករកជនរងគ្រោះ ដែលកំពុងបាត់ខ្លួនខាងលើនេះ។
ក្នុងនាមគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរខេត្តបានស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្តីយោធាដែលឈរជើង នៅតំបន់នោះ ដែលស្គាល់ភូមិសាស្រ្តច្បាស់ និងបានជូនដំណឹងទៅដល់កងកម្លាំងយោធាថៃដែលនៅទីតាំងនោះ ឲ្យជួយក្នុងការបន្តរុករកជនរងគ្រោះ ដែលកំពុងតែបាត់ខ្លួនទាំង២នាក់នោះ ជាបន្តទៀតផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )